អន្តរជាតិ
កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលចិនបន្ធូរបន្ថយវិធានធ្វើតេស្តរកជំងឺកូវីដ-១៩
01, Mar 2023 , 9:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ចិន នៅថ្ងៃទី១ ខែមីនា បានប្រកាសបន្ធូរបន្ថយវិធានធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់ប្រទេសមួយចំនួនក្នុងនោះរួមមានកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងនូវែលសេឡង់ជាដើម។ សម្រាប់វិធានការចុងក្រោយនេះ ចិនតម្រូវឱ្យអ្នកដំណើរមកពីប្រទេសទាំងនោះ ធ្វើតេស្តរហ័សជំនួសឱ្យការធ្វើតេស្ត PCR។

 
ស្ថានទូតចិនប្រចាំនៅសិង្ហបុរី នៅថ្ងៃទី១ ខែមីនា បានចេញសេចក្តីជូនដំណឹងមួយ ទាក់ទិននឹងវិធានការបន្ធូរបន្ថយវិធានធ្វើតេស្តសម្រាប់អ្នកដំណើរទៅចិន។ វិធានការនេះ ចិន មិនតម្រូវឱ្យធ្វើតេស្ត​ PCR ទៀតឡើយ ដោយសារវាអាចប្រើពេលច្រើនជាង ៤៨ម៉ោង។ ជំនួសមកវិញ ចិនបានតម្រូវឱ្យអ្នកដំណើរទៅចិន ធ្វើតេស្តរហ័ស និងមានលទ្ធផលអវិជ្ជមានក្នុងរយៈពេល ៤៨ម៉ោង។ 
 
«អ្នកដំណើរ ត្រូវទាមទារឱ្យមានលទ្ធផលអវិជ្ជមានក្នុងការធ្វើដំណើរទៅចិន»។ ស្ថានទូតចិនប្រចាំនៅសិង្ហបុរី បានជូនដំណឹងបែបនេះ នៅថ្ងៃទី១ ខែមីនា ដោយបន្ថែមថា ប្រសិនបើមានលទ្ធផលវិជ្ជមាន អ្នកដំណើរទៅរង់ចាំរហូតដល់មានលទ្ធផលអវិជ្ជមាន។ 
 
បើតាមស្ថានទូតចិន ការបន្ធូរបន្ថយវិធាននេះ ធ្វើឡើងដោយផ្អែកលើស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩ និងជួយសម្រួលការផ្តោះប្តូររវាងប្រជាជន និងប្រជាជន។ ការកែប្រែវិធានធ្វើតេស្តរកជំងឺកូវីដ-១៩ ចុងក្រោយនេះ គឺអនុវត្តលើប្រទេសមួយចំនួនដូចជា កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងនូវែលសេឡង់។ កន្លងមក ចិនបានអនុវត្តវិធានបែបនេះចំពោះឥណ្ឌូណេស៊ី ថៃ ស្វ៊ីស និងរុស្ស៊ីផងដែរ។
 
ចំណែកក្រុមហ៊ុនអាកាសចរណ៍ មិនតម្រូវឱ្យពិនិត្យរកលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តបែបរហ័ស ឬPCR ឡើយ។  ជុំវិញការបន្ធូរបន្ថយខាងលើ រាល់អ្នកដំណើរទាំងអស់ ត្រូវប្រកាសលទ្ធផលអវិជ្ជមាននៃជំងឺកូវីដ-១៩ លើវេបសាយគយចិន ឬតាមកម្មវិធីគយចិន។ បន្ទាប់មកមន្រ្តីគយ នឹងពិនិត្យលទ្ធផលធ្វើតេស្តដោយចោះៗ។ យ៉ាងណាមិញ ប្រទេសជាច្រើន ដូចជាអាម៉េរិក ជប៉ុន កូរ៉េខាងត្បូង នៅតែតម្រូវឱ្យធ្វើតេស្ត PCR។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
 
គួររំឭកថា ប៉ុន្មានខែចុងក្រោយ ចិន បានបន្ធូរបន្ថយគោលនយោបាយរឹតត្បិតជំងឺកូវីដ-១៩​ ក្នុងប្រទេសយ៉ាងខ្លាំង។ ក្រោយបន្ធូរបន្ថយវិធានទប់ស្កាត់ជំងឺកូវីដ-១៩ នៅទូទាំងប្រទេសក្នុងខែធ្នូ ចិនបានលុបចោលវិធានចត្តាឡីស័កទៀត នៅក្នុងខែមករា និងតម្រូវឱ្យអ្នកដំណើរចូលក្នុងប្រទេសខ្លួន ធ្វើតេស្ត PCR៕ 
 

Tag:
 ចិន
  កម្ពុជា
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com