អន្តរជាតិ
ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី អំពាវនាវឱ្យពិចារណាឡើងវិញលើការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
02, Mar 2023 , 11:09 am        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នៅក្នុងក្រុងម៉ានីល នៅថ្ងៃទី១ ខែមីនា។ រូបភាពយកពី Twitter លោកអាន់វ៉ា អ៊ីប្រាហ៊ីម
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នៅក្នុងក្រុងម៉ានីល នៅថ្ងៃទី១ ខែមីនា។ រូបភាពយកពី Twitter លោកអាន់វ៉ា អ៊ីប្រាហ៊ីម
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី១ ខែមីនា បានប្រាប់ប្រធានាធិបតីហ្វីលីពីនថា អាស៊ាន គួរពិចារណាឡើងវិញលើចំណាត់ការក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ បើតាមប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីរូបនេះ បញ្ហាមីយ៉ាន់ម៉ា​ មិនអាចចាត់ទុកជាបញ្ហាផ្ទៃក្នុងទាំងស្រុងបានឡើយ ដោយសារវាបានប៉ះពាល់ដល់ប្រទេសក្នុងតំបន់។

 
វិបត្តិមីយ៉ាន់ម៉ា នៅតែមានភាពស្មុគស្មាញ និងមិនទាន់ច្រកចេញផ្នែកនយោបាយនៅឡើយ បើទោះមេដឹកនាំអាស៊ាន បានអំពាវនាវជាច្រើនលើកឱ្យភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា អនុវត្តការឯកភាព ៥ចំណុច ដែលបានដាក់ចេញនាពេលកន្លងមក។ យ៉ាងណាក៏ដោយ ការឯកភាព ៥ចំណុចនេះ​ មិនត្រូវបានអនុវត្តឱ្យបានពេញលេញឡើយ។ 
 
ក្នុងដំណើរទស្សនកិច្ចនៅក្រុងម៉ានីលនៅថ្ងៃទី១ ខែមីនា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានលើកឡើងពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ាដែរ។ បើតាមលោក អាន់វ៉ា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានលើកឡើងពីភាពចាំបាច់នៃការឯកភាព ៥ចំណុចលើវិបត្តិនៅមីយ៉ាន់ម៉ាពីសំណាក់មេដឹកនាំអាស៊ាន។ 
 
យ៉ាងណាមិញ លោក អាន់វ៉ា បានស្នើឱ្យមានចំណាត់ការថ្មី ដើម្បីដោះស្រាយបញ្ហានៅក្នុងសមាជិកអាស៊ានមួយនេះ។ 
 
«ខ្ញុំគួរតែស្នើក្នុងបទពិសោធន៍គតិបណ្ឌិតលើចំណុចថ្មីៗ ពីរបៀបដែលរបបសឹកមីយ៉ាន់ម៉ាអាចត្រូវបានបញ្ចុះបញ្ចូល និងសហការជាក្រុមនៅក្នុងអាស៊ាន និងដោះស្រាយបញ្ហាសំខាន់ៗ ដែលមិនត្រូវបានចាត់ទុកជាបញ្ហាផ្ទៃក្នុងទាំងស្រុង ដោយសារវាបានប៉ះពាល់សន្តិសុខ និងសុខមាលភាពតំបន់»។ លោក អាន់វ៉ា បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីហ្វីលីពីន នៅក្នុងក្រុងម៉ានីល។ 
 
ត្រង់ចំណុចប៉ះពាល់សន្តិសុខ និងសុខមាលភាពតំបន់នេះ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា ម៉ាឡេស៊ី បានទទួលប្រជាជនភៀសខ្លួនមីយ៉ាន់ម៉ាច្រើនជាង ២០ម៉ឺននាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ 
 
ក្រៅពីបញ្ហាមីយ៉ាន់ម៉ា លោកអាន់វ៉ាក៏បានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូង ទំនាក់ទំនងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ សន្តិសុខស្បៀង សេដ្ឋកិច្ចឌីជីថល និងសន្តិសុខតាមព្រំដែនទឹកជាមួយភាគីហ្វីលីពីនដែរ៕
 

Tag:
 ម៉ាឡេស៊ី
  មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com