អន្តរជាតិ
ក្រសួងការបរទេសអាម៉េរិក បើកភ្លើងបៃតងលក់អាវុធជាថ្មីដល់តៃវ៉ាន់តម្លៃ៦១៩លានដុល្លារ
02, Mar 2023 , 8:29 pm        
រូបភាព
រូបភាពយកពីវេបសាយក្រុមហ៊ុន Raytheon Missiles and Defense
រូបភាពយកពីវេបសាយក្រុមហ៊ុន Raytheon Missiles and Defense
ក្រសួងការបរទេសអាម៉េរិក បានឯកភាពលក់អាវុធជាថ្មីដល់កោះតៃវ៉ាន់ ក្នុងទំហំ៦១៩លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអាម៉េរិកនៅថ្ងៃទី១ ខែមីនា។

 
បញ្ហាកោះតៃវ៉ាន់ នៅតែជាចំណុចដ៏រសើបក្នុងទំនាក់ទំនងអាម៉េរិក និងចិន។ បើទោះមានការជំទាស់ជាច្រើនលើកពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងលើការទិញលក់លើកមុនៗក៏ដោយ ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃទី១ ខែមីនា បានបញ្ជាក់ថា ក្រសួងការបរទេស បានបើកភ្លើងបៃតងក្នុងការលក់អាវុធឱ្យកោះតៃវ៉ាន់ក្នុងទំហំ៦១៩លានដុល្លារ ដោយក្នុងនោះរួមមានមីស៊ីលសម្រាប់ហោះចម្បាំងF-16 ផង។ 
 
«សំណើទិញ នឹងចូលរួមពង្រឹងសមត្ថភាពអ្នកបញ្ជាទិញ (តៃវ៉ាន់) ដើម្បីផ្តល់លើការការពារដែនអាកាស សន្តិសុខតំបន់របស់ខ្លួន និងអន្តរប្រតិបត្តិការប្រព័ន្ធបញ្ជា»។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអាម៉េរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១ ខែមីនា។ 
 
ក្នុងកិច្ចព្រមព្រៀងលើកនេះ អាម៉េរិកក៏បានឯកភាពលក់មីស៊ីលប្រឆាំងយន្តហោះបាញ់ពីអាកាសទៅអាកាសចម្ងាយមធ្យម (AMRAAM) ចំនួន ២០០ដើម និងមីស៊ីល AGM-88B ១០០ដើម។ 
 
បើតាមក្រសួងការពារជាតិអាម៉េរិក ក្រុមហ៊ុន Raytheon Technologies និងក្រុមហ៊ុន Lockheed Martin ជាដៃគូផ្គត់ផ្គង់អាវុធឱ្យកោះតៃវ៉ាន់។ ក្រុមហ៊ុនអាម៉េរិកទាំងពីរនេះ សុទ្ធតែស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ចិនដែលលក់អាវុធឱ្យតៃវ៉ាន់។ 
 
ការប្រកាសបើកភ្លើងបៃតងក្នុងការលក់អាវុធនេះ ធ្វើឡើងស្របពេលយន្តហោះយោធាចិនជាច្រើនគ្រឿង បានហោះចូលតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់ជាថ្មីក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា។ ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ថា យន្តហោះចិនចំនួន ២៩គ្រឿង រួមទាំងនាវាចំនួន៤គ្រឿង បានបង្ហាញវត្តមាននៅជុំវិញកោះ ក្នុងថ្ងៃទី១ ខែមីនា និងថ្ងៃទី២ ខែមីនា។ 
 
កន្លងមក ចិនបានប្រតិបត្តិកម្មយ៉ាងខ្លាំង ជុំវិញការបើកភ្លើងបៃតងរបស់ក្រុងវ៉ាស៊ីនតោនសម្រាប់ក្រុងតៃប៉ិ។ មិនតែប៉ុណ្ណោះ ក្រសួងការបរទេសចិន ថែមទាំងព្រមានចាត់វិធានការតប និងជំរុញឱ្យអាម៉េរិកបញ្ឈប់ និងលុបចោលការលក់អាវុធឱ្យតៃវ៉ាន់ ក្រោមហេតុផលបំពានដែនអធិបតេយ្យរបស់ខ្លួន។ តៃវ៉ាន់ ត្រូវបានចិនចាត់ទុកជាដែនដីមួយរបស់ខ្លួន៕
 
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com