អន្តរជាតិ
នាយករដ្ឋមន្រ្តីឥណ្ឌា ជំរុញឱ្យក្រុមប្រទេស G20 រួបរួមគ្នាក្នុងការដោះស្រាយបញ្ហាសកល
02, Mar 2023 , 9:29 pm        
រូបភាព
លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា។ រូបភាព AFP
លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា។ រូបភាព AFP
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី២ ខែមីនា បានអំពាវនាវក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) រួបរួមគ្នា ក្នុងការដោះស្រាយភាពតានតឹង ដែលកំពុងកើតមាន។ បើតាមប្រមុខរដ្ឋាភិបាលឥណ្ឌារូបនេះ G20 ជាក្រុមប្រទេសតំណាងឱ្យប្រទេសផ្សេង ដែលមិនបានចូលរួមក្នុងកិច្ចប្រជុំ។

 
រដ្ឋមន្រ្តីការបរទេសក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) បានមកជួបជុំគ្នានៅក្រុង Bengaluru ស្ថិតនៅភាគនិរតីរបស់ឥណ្ឌា។ នេះជាកិច្ចប្រជុំមួយ ដែលរដ្ឋមន្រ្តីការបរទេសអាម៉េរិក រុស្ស៊ី ចិន និងអឺរ៉ុបជាដើម ត្រូវជួបមុខគ្នាដោយផ្ទាល់ជាថ្មី ខណៈសង្រ្គាមនៅអ៊ុយក្រែនបន្តអូសបន្លាយ។  
 
ដោយមានការជួបជុំពីថ្នាក់ដឹកនាំមកពីបណ្តាលប្រទេសមានសេដ្ឋកិច្ចរីកចម្រើន លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ក្នុងសុន្ទរកថាបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេស​ G20 បានអំពាវនាវឱ្យមានការរួបរួមគ្នា ក្នុងការដោះស្រាយបញ្ហាសកល។ 
 
«យើងកំពុងជួបប្រជុំនៅពេលពិភពលោកមានការបែងចែក... យើងទាំងអស់គ្នាមានជំហរ និងទស្សនៈរបស់យើង ក្នុងការដោះស្រាយភាពតានតឹងទាំងនោះ»។ លោកម៉ូឌី បានសង្កត់ធ្ងន់បែបនេះ ដោយបានបន្តថា ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចនាំមុខ ប្រទេសទាំង២០ មានការទទួលខុសត្រូវសម្រាប់ប្រទេសដែលមិនបានចូលរួម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ក្នុងសុន្ទរកថាដដែល ប្រមុខរដ្ឋាភិបាលឥណ្ឌា បានបន្ថែមថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ពិភពលោកបានប្រឈមបញ្ហាដូចជា វិបត្តិហិរញ្ញវត្ថុ បម្រែបម្រួលអាកាសធាតុ ជំងឺឆ្លងសកល ភេរវកម្ម និងសង្រ្គាម ដែលនេះបានបង្ហាញថា អភិបាលកិច្ចសកលបរាជ័យក្នុងការដោះស្រាយបញ្ហាទាំងនោះ។ 
 
ទន្ទឹមនេះ មេដឹកនាំឥណ្ឌា បានជំរុញឱ្យប្រទេសទាំងអស់កុំយកបញ្ហាដែលមានការខ្វែងគ្នា មកធ្វើជាឧបសគ្គសម្រាប់ការដោះស្រាយបញ្ហាផ្សេងទៀតផងដែរ។ កិច្ចប្រជុំក្រុមប្រទេស G20 ធ្វើឡើងក្រោយពេលសង្រ្គាមនៅអ៊ុយក្រែន បានឈានចូលដល់ខួប ១ឆ្នាំ។
 
បើទោះមានការជួបមុខគ្នាដោយផ្ទាល់រវាងរដ្ឋមន្រ្តីការបរទេសអាម៉េរិក និងរុស្ស៊ីក៏ដោយ ក៏ភាគីទាំងពីរគ្មានគម្រោងជួបគ្នានៅក្រៅកិច្ចប្រជុំដែរ។ ស្របគ្នានេះ លោក Josep Borrell ប្រមុខការទូតអឺរ៉ុប គ្រោងនឹងជួបសមភាគីចិន លោកឈីន កាន នៅក្រៅកិច្ចប្រជុំG20 ជុំវិញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការធានាមិនផ្តល់អាវុធរបស់ចិនទៅរុស្ស៊ីជាដើម។ 
 
សូមបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសក្រុមប្រទេស G20​ នេះ នឹងត្រូវបានផ្តោតលើវិបត្តិអាកាសធាតុ អាហារ ថាមពល ការកាត់បន្ថយភាពក្រីក្រ និងសន្តិសុខជី។ យ៉ាងណាមិញ សង្រ្គាមនៅអ៊ុយក្រែន អាចជាប្រធានបទដ៏ក្តៅនៅក្នុងកិច្ចប្រជុំក្នុងក្រុង Bengaluru៕ 
 
 

Tag:
 ឥណ្ឌា
  G20
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com