ជាតិ
បើគ្មានការប្រែប្រួលទៀតទេ សម្តេច ហ៊ុន សែន នឹង​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​ជាមួយ​គ្រួសារ​កីឡានៅថ្ងៃទី៣មេសា
03, Mar 2023 , 12:09 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលនិងអាហារសាមគ្គីជាមួយមហាគ្រួសារកីឡានៅកោះពេជ្រ កាលពីឆ្នាំ២០១៩
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលនិងអាហារសាមគ្គីជាមួយមហាគ្រួសារកីឡានៅកោះពេជ្រ កាលពីឆ្នាំ២០១៩
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​គ្រួសារ​កីឡា​នៅ​ថ្ងៃទី៣ ខែ​មេសា ឆ្នាំ​២០២៣ វិញ ដោយមុនដំបូងគ្រោងធ្វើនៅថ្ងៃទី៤ ខែមេសា។ ជំនួប​លើក​ទី​៦ នេះនឹងត្រូវធ្វើឡើងជាថ្មី ក្រោយអាក់ខានពីរឆ្នាំជាប់គ្នា ដោយសារជំងឺកូវីដ-១៩។


បើ​គ្មាន​ការប្រែប្រួល​អ្វីទៀតនោះទេ នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៣ ខាងមុខ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​និង​ពិសារ​អាហារ​ជាមួយ​ថ្នាក់ដឹកនាំ គ្រូបង្វឹក អត្ត​ព​លិ​ក និង​អ្នកធ្វើ​ការពាក់ព័ន្ធ​វិស័យ​កីឡា​ទាំងអស់នៅកម្ពុជា។ នេះសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ​នៅព្រឹកថ្ងៃទី៣ ខែមីនា ជុំវិញការផ្លាស់ប្តូរថ្ងៃរៀបចំពិធីប្រចាំឆ្នាំនេះ ដែលដំបូងឡើយគ្រោងធ្វើនៅថ្ងៃទី៤ ខែមេសា ដូចឆ្នាំមុនៗ។ 
 
 យ៉ាងណាក៏ដោយ NOCC នៅមិនទាន់បញ្ជាក់ទីតាំងផ្លូវការសម្រាប់ការជួបជុំរវាងក្រុមគ្រួសារកីឡាកម្ពុជាលើកទី៦ ជាមួយប្រមុខរដ្ឋាភិបាលនៅឡើយទេ។
 
​ជំនួប​ប្រចាំ​ឆ្នាំ ៥លើកកន្លងមក ធ្វើឡើង​ដើម្បី​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​អត្ត​ព​លិ​ក ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​កីឡា និង​បាន​សាង​ស្នាដៃ​ជូន​ជាតិ​លើ​ឆាក​អន្តរជាតិ​។ កាលពី​ជំនួប​លើក​ទី​៥​ ឆ្នាំ២០២០ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ដំបូន្មាន និង​មតិ​រិះគន់​ស្ថាបនា និង​បញ្ហា​ប្រឈម​មួយចំនួន ដល់​មន្ត្រី គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ផងដែរ​។ 
 
ដោយសារឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមជាលើកដំបូងរបស់ខ្លួនផង ដូច្នេះពិធីជួបជុំលើកទី៦ ទំនងមិនអាចអាក់ខានទៀតឡើយ។
កម្ពុជារៀបចំពិធីនេះ៥លើករួចមកហើយ ដោយលើកចុងក្រោយនៅឆ្នាំ២០២០។ ឆ្នាំ២០២១ និង២០២២ ត្រូវបានអាក់ខាន ដោយសារជំងឺកូវីដ-១៩ វាយលុកខ្លាំង៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com