អន្តរជាតិ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជំរុញឱ្យអាស៊ានចេញចំណាត់ការតឹងរ៉ឹងដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបភាព យកពីTwitter របស់លោកអាន់វ៉ា
× នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងដំណើរទស្សនកិច្ចនៅហ្វីលីពីន បានជំរុញឱ្យអាស៊ានដាក់ចេញវិធានការម៉ឹងម៉ាត់ជាងមុនដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ដែលបានអូសបន្លាយ២ឆ្នាំ។ បើតាមប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា មិនមែនជាបញ្ហាផ្ទៃក្នុងទាំងស្រុងឡើយ។
វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាប្រធានបទដ៏ក្តៅមួយសម្រាប់អាស៊ាន ដោយបញ្ហាមួយនេះ បានអូសបន្លាយ និងមិនទាន់មានច្រកចេញ។ កន្លងមក អាស៊ានបានដាក់ចេញការឯកភាព ៥ចំណុច និងជំរុញឱ្យមានកិច្ចពិភាក្សាថ្នាក់ជាតិនៅមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយដ៏ប្រសើរមួយ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ANC ដែលចេញផ្សាយនៅថ្ងៃទី៣ ខែមីនា អំឡុងពេលទស្សនកិច្ចនៅហ្វីលីពីន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងពីបញ្ហានយោបាយមីយ៉ាន់ម៉ាជាថ្មី និងជំរុញឱ្យអាស៊ានដាក់ចេញវិធានការតឹងរ៉ឹងជាងមុន ដើម្បីស្វែងរកដំណោះស្រាយវិបត្តិនយោបាយ។
«យើងមិនបានឃើញបញ្ហានេះជាបញ្ហាផ្ទៃក្នុងទាំងស្រុងឡើយ។ ដូចនេះខ្ញុំអំពាវនាវឱ្យមិត្តនៅក្នុងអាស៊ាន ពិនិត្យមើលវិធានដែលយើងត្រូវអនុវត្តម៉ឹងម៉ាត់ជាងមុន»។ លោក អាន់វ៉ា បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា វាពិតជាសំខាន់ក្នុងការរក្សាទំនាក់ទំនងជាមួយកម្លាំងប្រដាប់អាវុធ ដោយសារពេលខ្លះរបបយោធា មិនយល់ពីការព្រួយបារម្ភផ្នែកស៊ីវិលឡើយ។
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានបន្ថែមថា បណ្តាប្រទេសអាស៊ាន មិនអាចទទួលយកបានឡើយចំពោះអំពើឃោរឃៅ។ ត្រង់ចំណុចនេះ លោកអាន់វ៉ា បានជំរុញឱ្យស្វែងរកដំណោះស្រាយ ដើម្បីបង្ហាញថាអាស៊ានអាចបន្ធូរបន្ថយវិបត្តិនៅមីយ៉ាន់ម៉ាបាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីហ្វីលីពីនកន្លងទៅ លោកអាន់វ៉ា ក៏បានបញ្ជាក់ផងដែរថា អាស៊ាន គួរពិចារណាឡើងវិញលើចំណាត់ការក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ កន្លងមក ម៉ាឡេស៊ី បានទទួលប្រជាជនភៀសខ្លួនមីយ៉ាន់ម៉ាច្រើនជាង ២០ម៉ឺននាក់។
គួររំឭកថា យោធាមីយ៉ាន់ម៉ា បានសន្យារៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ២០២៣។ ប៉ុន្តែនៅក្នុងខែកុម្ភៈកន្លងទៅ យោធាមីយ៉ាន់ម៉ា បានបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល៦ខែបន្ថែមទៀត៕
Tag:
អាស៊ាន
មីយ៉ាន់ម៉ា
ម៉ាឡេស៊ី
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com