ជាតិ
អង្គការអុកស្វាម ព្យាយាមបញ្ជ្រាបអត្ថប្រយោជន៍ ប.ស.ស ដល់ប្រជាជនងាយរងគ្រោះ
04, Mar 2023 , 6:30 pm        
រូបភាព
លោកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីអង្គការអុកស្វាម។
លោកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីអង្គការអុកស្វាម។
ភ្នំពេញ៖ អង្គការអុកស្វាមប្រចាំកម្ពុជា ព្យាយាមបញ្ជ្រាបការយល់ដឹងស្ដីពីកិច្ចគាំពារសង្គម ពិសេសផ្នែករបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដល់ក្រុមកម្មកររោងចក្រ និងអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លើសពីនេះ អង្គការនេះ បានសហការជាមួយក្រុមបណ្ដាញសារព័ត៌មាន និង ប.ស.ស ដើម្បីរួមគ្នា ផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ។

 
 
អង្គការអុកស្វាមប្រចាំកម្ពុជា ចូលរួមជាមួយអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់និងអនុវត្តគោលនយោបាយគាំពារសង្គម។ ការងារទាំងនេះ គឺផ្ដោតសំខាន់លើកម្មករ ក្រុមងាយរងគ្រោះដូចជាជនមានពិការភាព ចាស់ជរា និងអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។ នេះបើតាមលោកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីអង្គការអុកស្វាម ដែលលើកឡើង ក្នុងសិក្ខាសាលា បណ្ដុះបណ្ដាលស្ដីពី របបសន្តិសុខសង្គម ដល់សមាជិកអ្នកការសែត នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី៣មីនា ឆ្នាំ២០២៣។ កម្មវិធីនេះ រៀបចំឡើង ដោយអង្គការអុកស្វាម ក្រោមកិច្ចសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា និងសារព័ត៌មានថ្មីៗ (ThmeyThmey)។ 
 
កម្មវិធីបណ្ដុះបណ្ដាលចំណេះដឹងផ្នែក ប.ស.ស ដល់ក្រុមអ្នកសារព័ត៌មានប្រមាណ៤០ ដែលមកពី៣០ស្ថាប័ននេះ គឺជាយន្តការថ្មីដែលស្ថិតក្នុងគម្រោង INSPIRE។ គម្រោងនេះនឹងជួយពង្រឹង គោលនយោបាយ ប.ស.ស។ គោលបំណងចម្បង នៃសិក្ខាសាលានេះដែរ គឺពង្រឹងសមត្ថភាពការយល់ដឹងពី ប.ស.ស ដល់អ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពី ប.ស.ស តាមប្រព័ន្ធផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ពិសេសដល់ក្រុមគោលដៅ កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ ជាងនេះទៅទៀត គឺចូលរួមចែករំលែក និងពង្រឹងការយល់ដឹងបន្ថែមទៀត ពីការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស។ ដូច្នេះ ក្រុមអ្នកសារព័ត៌មាននឹងបន្តរាយការណ៍ចំណេះដឹង និងព័ត៌មានទាំងនេះ ដល់ក្រុមទាំងនោះផងដែរ។ 
 
លោកស្រី សុខ ច័ន្ទឆវី បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះ៖ «យើងធ្វើការងារច្រើនលើការងារកិច្ចគាំពារសង្គម គឺពង្រឹងកិច្ចផ្សព្វផ្សាយ ឲ្យដល់ក្រុមគោលដៅ រហូតដល់ជនជាតិភាគតិចផងដែរ។ យើងធ្វើជាមួយសង្គមស៊ីវិលផ្សេងទៀត និងរដ្ឋាភិបាល ដោយផ្សព្វផ្សាយគោលនយោបាយ និងសម្រួលដល់ពលរដ្ឋក្រីក្រ ធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានព័ត៌មាន ពិសេស ប័ណ្ណ ប.ស.ស ទៅកាន់កម្មករ»។ លោកស្រី បន្ថែមថា គ្រប់គ្នាសុទ្ធតែត្រូវការកិច្ចគាំពារសង្គម ប៉ុន្តែពិបាកទៅដល់ក្រុមកម្មករ និងងាយរងគ្រោះខាងលើ ទើបអុកស្វាម សង្គមស៊ីវិល រដ្ឋាភិបាល និងស្ថាប័នដទៃ រួមគ្នាជំរុញគោលនយោបាយនេះ ឲ្យទៅដល់ពួកគេ ខណៈគ្រប់គ្នាសុទ្ធតែត្រូវការ សេវាថែទាំសុខភាព ការព្យាបាល និងគាំពារពេលចាស់ជរា។ 
 
ទន្ទឹមនឹងនេះ លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកនៃបេឡាជាតិសន្តិសុខសង្គម 
អ្នកមានប័ណ្ណប.ស.ស ប្រៀបបាននឹងមានអាវក្រោះការពារ។ ចំណុចនេះ លោកពន្យល់បន្ថែមថា អត្ថប្រយោជន៍នៃប័ណ្ណ ប.ស.ស នឹងជួយរ៉ាប់រងថ្លៃព្យាបាល លើផ្នែកហានិភ័យការងារ និងថែទាំងសុខភាព។ លើសពីនេះ ពលរដ្ឋ នឹងទទួលបានប្រាក់សោធនបន្ថែមទៀត នៅពេលចូលនិវត្តន៍៕ 
 
 
 
 

Tag:
 អុកស្វាម
  ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com