អន្តរជាតិ
អធិការបតីអាល្លឺម៉ង់ ព្រមានពីផលវិបាកចំពោះចិន ប្រសិនហ៊ានបញ្ជូនអាវុធទៅរុស្ស៊ី
06, Mar 2023 , 9:59 am        
រូបភាព
លោក អូឡាហ្វ ស្ហូល អធិការបតីអាល្លឺម៉ង់។ រូបភាព AFP
លោក អូឡាហ្វ ស្ហូល អធិការបតីអាល្លឺម៉ង់។ រូបភាព AFP
អធិការបតីអាល្លឺម៉ង់ លោក​ អូឡាហ្វ ស្ហូល បានព្រមានថា វានឹងមានផលវិបាក ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំង បញ្ជូនអាវុធឱ្យក្រុងមូស្គូសម្រាប់ធ្វើសង្រ្គាម។ ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ចិន មេដឹកនាំអាល្លឺម៉ង់ ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរថា ចិននឹងបញ្ចៀសការបញ្ជូនអាវុធឱ្យរុស្ស៊ី។



មួយរយៈចុងក្រោយ ចិន ត្រូវបានមន្រ្តីអាម៉េរិកជាបន្តបន្ទាប់ចោទ ជុំវិញលទ្ធភាពបញ្ជូនអាវុធទៅរុស្ស៊ីសម្រាប់សង្រ្គាមនៅអ៊ុយក្រែន បើទោះរដ្ឋាភិបាលក្រុងប៉េកាំងតែងបដិសេធក៏ដោយ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNN ដែលចេញផ្សាយនៅថ្ងៃទី៥ ខែមីនា លោក អូឡាហ្វ ស្ហូល អធិការបតីអាល្លឺម៉ង់ បានព្រមានចិនជុំវិញផលវិបាក ប្រសិនបើហ៊ានផ្តល់អាវុធឱ្យរុស្ស៊ី ហើយលោកក៏បានជំរុញឱ្យចិន ប្រើឥទ្ធិពលខ្លួនលើរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនផង។ 
 
«ខ្ញុំគិតថា វានឹងមានផលវិបាក ប៉ុន្តែពេលនេះ យើងស្ថិតក្នុងដំណាក់កាលបញ្ជាក់ឱ្យច្បាស់ថា វាមិនគួរកើតឡើងឡើយ»។ លោកស្ហូល បានបញ្ជាក់បែបនេះទៅកាន់សំណួររបស់អ្នកសារព័ត៌មាន ដែលបានសួរជុំវិញការដាក់ទណ្ឌកម្មលើចិន ប្រសិនបើមានការផ្តល់អាវុធឱ្យរុស្ស៊ី។ យ៉ាងណាមិញ មេដឹកនាំអាល្លឺម៉ង់រូបនេះ មិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ឡើយ ជុំវិញផលវិបាកនោះ។ 
 
អាល្លឺម៉ង់ ជាប្រទេសមួយមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប ហើយមានចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។ 
 
មិនតែប៉ុណ្ណោះ លោកអធិការបតីអាល្លឺម៉ង់ ក៏បានលើកឡើងពីជំនួបរវាងគណៈរដ្ឋមន្រ្តីអាល្លឺម៉ង់ជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃយេន ផងដែរ។ បើតាមលោក ស្ហូល ភាគីទាំងពីរ បានឯកភាពថា វាមិនត្រូវឱ្យមានការបញ្ជូនអាវុធពីក្រុងប៉េកាំងទៅក្រុងមូស្គូឡើយ ខណៈរដ្ឋាភិបាលចិន បានអះអាងថា ខ្លួនមិនបានបញ្ជូនអាវុធណាមួយទៅនោះទេ។ 
 
ក្រោយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអាន់តូនី ប្លីងខិន ថាចិនកំពុងពិចារណាបញ្ជូនអាវុធទៅអោយរុស្ស៊ី រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់ក្រុមហ៊ុនចិនជាច្រើន ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ជុំវិញការគាំទ្រយោធារុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ ក្រសួងការបរទេសចិន បានប្រតិបត្តិកម្មយ៉ាងខ្លាំង និងព្រមានចាត់វិធានការសងសឹកវិញ៕ 
 

Tag:
 ចិន
  អាល្លឺម៉ង់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com