ជាតិ
អ្នកស្រី ចក់ សុភាព ចាត់ទុកថា ស្មើនឹងគាំទ្រ បើឃើញហិង្សាលើស្រ្តីហើយ បែរជានៅស្ងៀម
08, Mar 2023 , 6:07 pm        
រូបភាព
អ្នកស្រី ចក់ សុភាព ចូលរួមចែកលែកបទពិសោធ និងចំណេះដឹងជាមួយក្រុមយុវជន កាលពីខែកញ្ញា ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់អ្នកស្រី)។
អ្នកស្រី ចក់ សុភាព ចូលរួមចែកលែកបទពិសោធ និងចំណេះដឹងជាមួយក្រុមយុវជន កាលពីខែកញ្ញា ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់អ្នកស្រី)។
អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញឲ្យសាធារណជន រួមគ្នាការពារ និងគាំទ្រស្រ្តី នៅពេលឃើញស្រ្តីណាម្នាក់ រងអំពើហិង្សា។ អ្នកស្រី បង្ហាញការចង់បានបែបនេះ ក្នុងពិធីប្រារព្ធទិវាសិទ្ធិនាទីលើកទី១១២ ដែលត្រូវបានរៀបចំឡើងដោយអង្គការសង្គមស៊ីវិល នៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។



ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងដូច្នេះថា៖«នៅពេលយើង ឃើញជនរងគ្រោះណាម្នាក់ គាត់ប្រឈម [នឹងហិង្សា] យើង ត្រូវចូលរួមគាំទ្រ យើង ត្រូវជួយដោះស្រាយ។ បើយើងស្ងាត់ស្ងៀម យើងក៏បានគាំទ្រទៅនឹងទង្វើទាំងអស់ហ្នឹងដែរ»។

អ្នកស្រី ចក់ សុភព អះអាងថា បញ្ហាប្រឈមខ្លាំងបំផុតរបស់ស្រ្តី គឺការរងអំពើហិង្សានេះឯង។ អ្នកស្រី បន្តថា អំពើហិង្សាដែលស្រ្តីរង គឺកើតចេញគ្រួសារ ពីអាជ្ញាធរ និងពីសាធារណជន ជាដើម។

ក្នុងពិធីអបអរទិវាសិទ្ធិនារី កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ចូលរួមធ្វើជាអធិបតី អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានរំលេចឡើងថា ស្រ្តីមួយចំនួន នៅតែប្រឈមនឹងអំពើហិង្សា។ រដ្ឋមន្រ្តីកិច្ចការនារី បញ្ជាក់ដូច្នេះថា៖«ការលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី នៅតែជាកិច្ចការអាទិភាពចម្បង ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងភាពសុខដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ»។

អង្គការសង្គមស៊ីវិល បានរួមគ្នាប្រារព្ធទិវាសិទ្ធិនារីលើកទី១១២នេះ ក្រោមប្រធានបទ «គាំពារស្រ្តីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំអស់គ្នា។ ឯរដ្ឋាភិបាលកម្ពុជា ជ្រើសរើសយកប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» សម្រាប់ការអបអរសាទរទិវាសិទ្ធិនារីក្នុងឆ្នាំនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com