អន្តរជាតិ
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី រងបទចោទប្រព្រឹត្តអំពើពុករលួយ និងលាងលុយ
10, Mar 2023 , 4:39 pm        
រូបភាព
លោក មូហ៊ីឌីន យ៉ាស៊ីន អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព AP
លោក មូហ៊ីឌីន យ៉ាស៊ីន អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព AP
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហ៊ីឌីន យ៉ាស៊ីន នៅថ្ងៃទី១០ ខែមីនា បានរងបទចោទប្រព្រឹត្តអំពើពុករលួយ និងលាងលុយ។ លោក យ៉ាស៊ីន​ ជាអតីតនាយករដ្ឋមន្រ្តីទីពីរ ដែលរងបទចោទក្រោយចាកចេញពីតំណែង។

 
លោក មូហ៊ីឌីន យ៉ាស៊ីន អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ នៅថ្ងៃទី៩ ខែមីនា ត្រូវបានសាកសួរដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយជុំវិញគម្រោងលើកទឹកចិត្ត និងជំនួយ​ ក្នុងអំឡុងជំងឺកូវីដ-១៩។ 
 
ក្នុងសវនាការនៅតុលាការក្រុងគូឡាឡាំពួនៅថ្ងៃទី១០ ខែមីនា លោក យ៉ាស៊ីន បានបដិសេធចំពោះបទចោទចំនួន ៦ ពាក់ព័ន្ធនឹងអំពើពុករលួយ និងការលាងលុយ។ បទចោទនេះ ត្រូវបានដាក់ ក្រោយអតីតនាយករដ្ឋមន្រ្តីរូបនេះ ត្រូវបានចោទសួរដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយ។
 
បទចោទទាំងនោះរួមមាន ការបំពានអំណាចដើម្បីទទួលសំណូកប្រមាណ ៥១,៤លានដុល្លារសម្រាប់បក្សនយោបាយ និងលាងលុយប្រមាណ ៤៣លានដុល្លារ។ ពេលនេះ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
ក្រោយការចោទប្រកាន់នេះ លោកយ៉ាស៊ីន បានរិះគន់ថា​ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីបង្រ្កាបលើសម្ព័ន្ធបក្សប្រឆាំងមុនការបោះឆ្នោតថ្នាក់រដ្ឋនៅពេលខាងមុខ។ យ៉ាងណាមិញ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានចោទប្រកាន់នោះ និងអះអាងថា ការស៊ើបអង្កេតធ្វើឡើងដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយ។ 
 
ទាក់ទិននឹងបទចោទខាងលើ លោក យ៉ាស៊ីន ជាអតីតនាយករដ្ឋមន្រ្តីទីពីរ បន្ទាប់ពីលោកណាជីប រ៉ាហ្សាក់ ដែលរងបទចោទក្រោយចុះចេញពីតំណែង។ 
 
កន្លងមក លោកអាន់វ៉ា​ ធ្លាប់បានអះអាងថា រដ្ឋាភិបាលរបស់លោក នឹងពិនិត្យលើគម្រោងរដ្ឋាភិបាល ដែលផ្តល់ដោយរដ្ឋបាលលោក យ៉ាស៊ីន ឡើងវិញ ក្នុងនោះរួមទាំងជំនួយកម្មវិធីជំងឺកូវីដ-១៩ ផង៕ 
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com