អន្តរជាតិ
ការនាំចូលអាវុធរបស់រដ្ឋនៅអឺរ៉ុប និងអាស៊ីខាងកើតកើនឡើងខ្លាំង ដោយសារសង្រ្គាម និងភាពតានតឹង
13, Mar 2023 , 5:09 pm        
រូបភាព
យោធាអាម៉េរិកនៅក្នុងក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ២០២២។ រូបភាព AFP
យោធាអាម៉េរិកនៅក្នុងក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ២០២២។ រូបភាព AFP
ការនាំចូលអាវុធរបស់រដ្ឋនៅតំបន់អឺរ៉ុប និងអាស៊ីខាងកើតមានការកើនឡើងយ៉ាងខ្លាំង ដោយសារតែសង្រ្គាម និងភាពតានតឹងភូមិសាស្រ្តនយោបាយ។ នេះបើតាមការចុះផ្សាយរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងស្តុកខុល (SIPRI) នៅថ្ងៃទី១៣ ខែមីនា។ ចំណែកអាម៉េរិកវិញ បានបង្កើនការនាំចេញអាវុធសកលពី៣៣ភាគរយ ទៅ៤០ភាគរយ បើនៅចន្លោះឆ្នាំ២០១៣ ដល់២០១៧ និង២០១៨ ដល់២០២២។

ខណៈពេលពិភពលោក កំពុងមានភាពតានតឹង និងសង្រ្គាមនៅក្នុងតំបន់ជាច្រើន វិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងស្តុកខុល នៅថ្ងៃទី១៣ ខែមីនា បានធ្វើបច្ចុប្បន្នភាពនៃការនាំចេញអាវុធ និងនាំចូលអាវុធពីសំណាក់បណ្តាប្រទេសជាច្រើន ក្នុងនោះរួមទាំងរដ្ឋនៅតំបន់អឺរ៉ុប អាស៊ី និងអាម៉េរិកផង។ 
 
ក្នុងរបាយការណ៍របស់វិទ្យាស្ថាន SIPRI ស្របពេលសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង រដ្ឋនៅអឺរ៉ុបបានបង្កើនការនាំចូលអាវុធសំខាន់ៗរហូតដល់ ៤៧ភាគរយ បើធៀបនឹងចន្លោះឆ្នាំ២០១៣-២០១៧ និងចន្លោះឆ្នាំ២០១៨-២០២២។ 
 
«បើទោះការដឹកជញ្ជូនអាវុធជាសកលមានការធ្លាក់ចុះ ប៉ុន្តែរដ្ឋនៅអឺរ៉ុប បានកើនឡើងយ៉ាងគំហុក ដោយសារតែភាពតានតឹងរវាងរុស្ស៊ី និងរដ្ឋអឺរ៉ុបជាច្រើន»។ លោក Pieter D. Wezeman អ្នកស្រាវជ្រាវជាន់ខ្ពស់របស់វិទ្យាស្ថាន SIPRI បានបញ្ជាក់បែបនេះ នៅក្នុងរបាយការណ៍ចេញនៅថ្ងៃទី១៣ ខែមីនា ដោយបន្តថា ក្រោយសង្រ្គាមនៅអ៊ុយក្រែន រដ្ឋអឺរ៉ុបចង់នាំចូលអាវុធកាន់តែច្រើន និងរហ័ស ខណៈអាស៊ីខាងកើត ក៏នាំចូលអាវុធច្រើនផងដែរ។ 
 
អ៊ុយក្រែនជាប្រទេសនាំចូលអាវុធច្រើនជាងគេលំដាប់ទីបីលើពិភពលោកក្នុងឆ្នាំ២០២២ បន្ទាប់ពីកាតា និងឥណ្ឌា ដោយសារតែជំនួយយោធាមកពីបណ្តាប្រទេសដទៃ ដើម្បីទប់នឹងការឈ្លានពានរបស់រុស្ស៊ី។ 
 
ចំណែករដ្ឋនៅអាស៊ីខាងកើត ដូចជាចិនមានការនាំចូលអាវុធកើនឡើង៤,១ភាគរយ ដោយភាគច្រើននាំពីរុស្ស៊ី។ ចំណែកកូរ៉េខាងត្បូង ហក់ឡើង៦១ភាគរយ ស្របពេលជប៉ុន កើនប្រមាណ១៧១ភាគរយ បើធៀបនឹងចន្លោះឆ្នាំ២០១៣-២០១៧ និងចន្លោះឆ្នាំ២០១៨-២០២២។
 
ជុំវិញការកើនឡើងការនាំចូលអាវុធមកអាស៊ីខាងកើតនេះ អ្នកស្រាវជ្រាវវិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងស្តុកខុល លោក Siemon T. Wezeman យល់ថា ដោយសារមានទស្សនៈយល់ឃើញលើការគំរាមកំហែងពីចិន និងកូរ៉េខាងជើង ទើបធ្វើឱ្យមានការនាំចូលអាវុធច្រើន។ 
 
កន្លងមក កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនលើកទៅក្នុងសមយុទ្ធខាងកើត ដើម្បីឆ្លើយតបនឹងសមយុទ្ធកូរ៉េខាងត្បូង រួមទាំងសកម្មភាពរបស់អាម៉េរិក ដែលខ្លួនចាត់ទុកជាការគំរាមកំហែង។ ទន្ទឹមនេះ ចិន បានបង្កើនការចំណាយលើយោធា និងការពង្រីកឥទ្ធិពលក្នុងតំបន់ជាបន្តបន្ទាប់។ 
 
តាមទិន្នន័យដដែលនេះ អាម៉េរិកនៅតែជាប្រទេសនាំចេញអាវុធធំជាងគេ និងបន្តកើនឡើង ខណៈរុស្ស៊ីមានការថយចុះ។ អាម៉េរិកនាំចេញអាវុធកើនដល់ ៤០ភាគរយនៃទំហំនាំចេញអាវុធសកល ខណៈរុស្ស៊ីធ្លាក់មកត្រឹម ១៦ភាគរយ។ ចំណែកបារាំងមានទំហំ១១ភាគរយ៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  ចិន
  ជប៉ុន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com