អន្តរជាតិ
លោក កៅ គឹមហួន ថារូបិយប័ណ្ណរួម មិនមែនជាអាទិភាពរបស់អាស៊ានក្នុងពេលបច្ចុប្បន្ន
14, Mar 2023 , 3:59 pm        
រូបភាព
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។ រូបភាពយកពី ASEAN
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។ រូបភាពយកពី ASEAN
សហភាពរូបិយវត្ថុ និងរូបិយប័ណ្ណរួមសម្រាប់តំបន់អាស៊ាន មិនមែនជាអាទិភាពក្នុងពេលបច្ចុប្បន្នឡើយ។ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន នៅថ្ងៃទី១៣ ខែមីនា បានបញ្ជាក់បែបនេះ ដោយបន្តថា អាស៊ាន មានបញ្ហាផ្សេងជាច្រើន ដែលត្រូវផ្តោត។

 
ក្នុងសុន្ទរកថានៅសកលវិទ្យាល័យ Pelita Harapan ខេត្ត Banten ឥណ្ឌូណេស៊ី លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានលើកឡើងពីរូបិយប័ណ្ណរួមសម្រាប់តំបន់អាស៊ាន ដែលត្រូវបានជជែកជាច្រើនឆ្នាំមកហើយ។ 
 
«ខ្ញុំគិតថា គំនិតលើសហភាពរូបិយវត្ថុ ត្រូវបានជជែកតាំងពី ២០ឆ្នាំមុនមកម្លេះ»។ លោក កៅ គឹមហួន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា វាមានការជជែក និងពិភាក្សាលើគំនិតរូបិយប័ណ្ណរួមសម្រាប់តំបន់អាស៊ាន ប៉ុន្តែអាស៊ានត្រូវការពេលវេលាយូរ ដោយសារបច្ចុប្បន្នអង្គការតំបន់មួយនេះ មានអាទិភាពផ្សេង។ 
 
ទាក់ទិនបញ្ហាខាងលើ ប្រមុខអាស៊ាន បានបញ្ជាក់ថា ក្រោយជំងឺឆ្លងសកល ការស្តារសេដ្ឋកិច្ចឡើងវិញជាអាទិភាពក្នុងពេលបច្ចុប្បន្ន។ បន្ថែមពីនេះ អាស៊ានក៏មានអាទិភាពផ្សេងទៀតដូចជា ការតភ្ជាប់រវាងអាស៊ាន, របៀបវារៈនៃការប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាព និងការបង្កើនពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ានជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Antara។ 
 
នៅក្នុងឆ្នាំ២០២៣នេះ​ ឥណ្ឌូណេស៊ី ធ្វើជាប្រធានផ្លាស់វេននៃកិច្ចប្រជុំអាស៊ាន។ កន្លងមក ឥណ្ឌូណេស៊ី បានស្នើលើការអភិវឌ្ឍការភ្ជាប់ការផ្ទេរប្រាក់ក្នុងតំបន់ ដើម្បីគាំទ្រលើការទូទាត់ឆ្លងព្រំដែន ក្នុងតំបន់អាស៊ាន។ 
 
នៅក្នុងឆ្នាំ២០២២ ធនាគារកណ្តាលរបស់អាស៊ានចំនួន ៥ដូចជា ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជុំវិញការទូទាត់ប្រាក់ឆ្លងព្រំដែនតាមរយៈប្រព័ន្ធ QR code ក្នុងតំបន់៕ 
 
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com