អន្តរជាតិ
រដ្ឋមន្រ្តីថៃថា រដ្ឋសភានឹងរំលាយចោលនៅថ្ងៃទី២០ ខែមីនា មុនការបោះឆ្នោតថ្នាក់ជាតិ
14, Mar 2023 , 6:19 pm        
រូបភាព
លោក រដ្ឋមន្រ្តីការិយាល័យនាយករដ្ឋមន្រ្តី លោក Thanakorn Wangboonkongchana។ រូបភាពបាងកកប៉ុស្តិ៍
លោក រដ្ឋមន្រ្តីការិយាល័យនាយករដ្ឋមន្រ្តី លោក Thanakorn Wangboonkongchana។ រូបភាពបាងកកប៉ុស្តិ៍
រដ្ឋមន្រ្តីការិយាល័យនាយករដ្ឋមន្រ្តី លោក Thanakorn Wangboonkongchana នៅថ្ងៃទី១៤ ខែមីនា បានអះអាងថា រដ្ឋសភាថៃ អាចនឹងរំលាយចោលនៅថ្ងៃទី២០ ខែមីនា។  នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។

 
ថៃ គ្រោងនឹងរៀបចំការបោះឆ្នោតសភា នៅថ្ងៃទី៧ ខែឧសភាខាងមុខ។ ខណៈការបោះឆ្នោតជិតមកដល់ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា ធ្លាប់បានលើកឡើងថា​ លោកនឹងរំលាយសភាចោល ដើម្បីឱ្យសមាជិករដ្ឋសភាត្រៀមខ្លួនសម្រាប់ការបោះឆ្នោតខាងមុខ។ យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលរូបនេះ មិនបានបញ្ជាក់ពីពេលវេលា ដែលត្រូវរំលាយសភាចោលឡើយ។​
 
តាមការបញ្ជាក់របស់រដ្ឋមន្រ្តីការិយាល័យនាយករដ្ឋមន្រ្តី លោក Thanakorn Wangboonkongchana សភាថៃនឹងរំលាយចោលនៅថ្ងៃទី២០ ខែមីនា ក្នុងអំឡុងពេលលោកកំពុងធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍។ មិនតែប៉ុណ្ណោះ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលលោកចូលរួមនោះ អាចជាកិច្ចប្រជុំចុងក្រោយ មុនពេលគណៈរដ្ឋមន្រ្តីបណ្តោះអាសន្ន រៀបចំឡើង។​
 
«នេះអាចជាកិច្ចប្រជុំគណៈរដ្ឋមន្រ្តី [ក្រោមអាជ្ញាធរពេញលេញរបស់រដ្ឋាភិបាល] ដូចរបាយការណ៍របស់សារព័ត៌មាន»។ រដ្ឋមន្រ្តីការិយាល័យនាយករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ នៅក្នុងថ្ងៃទី១៤ ខែមីនា។ 
 
គួររំឭកថា នៅសប្តាហ៍មុន ឧបនាយករដ្ឋមន្រ្តីថៃ លោក Wissanu Krea-ngam បានអះអាងថា បើទោះសភាត្រូវរំលាយក៏ដោយ លោកប្រាយុទ្ធនៅតែអាចផ្លាស់ប្តូរគណៈរដ្ឋមន្រ្តី ហើយរដ្ឋមន្រ្តីក៏មានសិទ្ធិលាលែងពីតំណែងដែរ៕ 
 

Tag:
 រដ្ឋសភា
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com