អន្តរជាតិ
ប្រមុខការទូតចិនសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែននឹងមិនបិទទ្វារចំពោះដំណោះស្រាយនយោបាយ
17, Mar 2023 , 9:55 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង នៅថ្ងៃទី១៦ ខែមីនា បានលើកឡើងថា ចិនមានក្តីបារម្ភចំពោះការរីកសាយនៃជម្លោះនៅអ៊ុយក្រែន និងចង់អោយក្រុងមូស្គូ និងក្រុងកៀវស្វែងរកកិច្ចចរចាសន្តិភាព។ ប្រមុខការទូតចិនរូបនេះ ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ក្រុងកៀវ និងក្រុងមូស្គូ នឹងមិនបិទទ្វារចំពោះដំណោះស្រាយ។ 

 
ខណៈសង្រ្គាមអ៊ុយក្រែននៅតែបន្ត លោក ឈីន កាង រដ្ឋមន្រ្តីការទូតចិន បាននិយាយទូរសព្ទជាមួយសមភាគីអ៊ុយក្រែន លោក Dmytro Kuleba លើស្ថានភាពសង្រ្គាម ក៏ដូចជាកិច្ចចរចាស្វែងរកសន្តិភាព។ 
 
«ចិនសង្ឃឹមថា ភាគីទាំងអស់នឹងរក្សាភាពស្ងៀមស្ងាត់ ហេតុផល និងរឹតត្បិត ហើយចាប់ផ្តើមកិច្ចចរចាសន្តិភាពឱ្យបានចាប់រហ័ស»។ លោក ឈីន កាង រដ្ឋមន្រ្តីការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៦ ខែមីនា ដោយបន្តថា ភាគីទាំងពីរ នឹងមិនបិទទ្វារចំពោះច្រកចេញនយោបាយ។ 
 
តាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសចិន លោកឈីន បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយក្រុងកៀវ ដើម្បីលើកតម្កើងការអភិវឌ្ឍប្រកបដោយសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរក្នុងរយៈពេលយូរ។ 
 
ចំណែករដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនវិញ បានអះអាងថា ចិនមិនត្រឹមជាដៃគូដ៏សំខាន់សម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែមានតួនាទីដ៏សំខាន់នៅក្នុងកិច្ចការអន្តរជាតិ។ មិនតែប៉ុណ្ណោះ លោក Kuleba បានសន្យាគោរពគោលការណ៍ចិនតែមួយ និងអធិបតេយ្យចិន រួមទាំងចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន។ 
 
ក្នុងកិច្ចសន្ទនានេះ លោកឈីន បានបង្ហាញក្តីបារម្ភផងដែរថាជុំវិញការរីកសាយនៃជម្លោះ និងបន្តរក្សាកិច្ចចរចា មិនថាមានភាពលំបាក និងបញ្ហាប្រឈមអ្វីក៏ដោយ។ 
 
គួររំឭកថា កន្លងមក ចិនបានដាក់ចេញផែនការ ១២ចំណុច ទាក់ទិននឹងការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ ក្នុងនោះ ចិនបានបញ្ជាក់ពីការរក្សាជំហរនៅកណ្តាល និងជំរុញឱ្យមានការគោរពអធិបតេយ្យប្រទេសនីមួយៗ៕
 

Tag:
 ចិន
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com