ជាតិ
អង្គរសង្រ្កាន្តឆ្នាំនេះ នឹង​មាន​កម្មវិធីកម្សាន្ត និងទស្សនីយភាពវប្បធម៌ជាង៤០កម្មវិធី
17, Mar 2023 , 2:09 pm        
រូបភាព
រូបភាពពីស.ស.យ.ក
រូបភាពពីស.ស.យ.ក
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំព្រឹត្តការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ឱ្យកាន់តែធំជាងមុន ក្រោយខកខាន៤ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ក្នុងនោះមានកម្មវិធីកម្សាន្ត និងទស្សនីយភាពវប្បធម៌ ប្រពៃណីជាង៤០កម្មវិធី នៅទីតាំងចំនួន៦ លើទឹកដីអង្គរ។



ព្រឹត្តការណ៍អង្គរសង្រ្កាន្ត នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ដើម្បីចូលរួមសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ និងរម្លឹកមរតកបេតិកភណ្ឌអរូបីខ្មែរ នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី។ ម្យ៉ាងក៏ជាការចូលរួមអភិរក្ស អភិវឌ្ឍន៍​វប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងផ្ដល់ឱកាសឱ្យយុវជន ភ្ញៀវទេសចរ បានស្វែងយល់អំពីភាពរុងរឿងនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាផងដែរ។ ទន្ទឹមនឹងនេះ ព្រឹត្តការណ៍អង្គរសង្រ្កាន្ត ក៏ជាផ្នែកមួយជួយជំរុញទេសចរណ៍ផ្ទៃក្នុង និងទាក់ទាញភ្ញៀវបរទេស ហើយក៏ផ្ដល់ឱកាស និងចំណូលដល់ពាណិជ្ជករ សហគ្រិន អាជីវករផងដែរ។

 រូបភាពពីស.ស.យ.ក

ព្រឹត្តការណ៍អង្គរសង្រ្កាន្តឆ្នាំទី១០នេះ ស.ស.យ.ក នឹងរៀបចំឱ្យកម្មវិធីកម្សាន្ត និងទស្សនីយភាពផ្សារភ្ជាប់វប្បធម៌ ប្រពៃណីខ្មែរជាង៤០កម្មវិធីដូចជា កម្មវិធីភូមិខ្ញុំ,ប្រណាំងរទេះគោ ក្របី,ធ្នូបុរាណខ្មែរ,វិចិត្រករឯក,ភូមិអាហារនៃក្ដីស្រឡាញ់,សួនញញឹមអង្គរ,របាំបុរាណ ប្រពៃណី និងប្រជាប្រិយ,គុនល្បុក្កតោ,គោមបណ្ដែតទឹក,ប្រកួតអុកចត្រង្គ,ភូមិបេតិកភណ្ឌវប្បធម៌,ពិព័រណ៍ពាណិជ្ជកម្ម,ល្បែងប្រជាប្រិយ,តន្រ្តីសួស្ដីឆ្នាំថ្មី និងកម្មវិធីតាំងបង្ហាញផលិតផល ស.ស.យ.ក។
 
ចំណែកឯកម្មវិធីទស្សនីយភាពមានដូចជា ពិធីបើកព្រឹត្តការណ៍អង្គរសង្រ្កាន្ត,ក្រុងពាលីបើកការដ្ឋាន,បួងសួងសូមសេចក្ដីសុខសួស្ដី,ពិធីទទួលទេវតាឆ្នាំថ្មី,ទៅវត្ត និងវាលុកចេតិយ,ពិធីដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះ,ទស្សនីយភាពរឿងរាមកេរ្ត៍,មហោស្រពសិល្បៈវប្បធម៌បុរាណ,តន្រ្តីអង្គរសង្រ្កាន្ត,កម្មវិធីទាញព្រ័ត្រមិត្តភាពអង្គរសង្រ្កាន្ត,ក្បួនដង្ហែអង្គរសង្រ្កាន្ត,បំបែកឯកទគ្គកម្មពិភពលោករ៉ាម៉ាឌីហ្សុន,អន្សមយក្ស,កម្មពិធីប្រកួតអុកយក្ស និងកម្មវិធីបំបែកឯកទគ្គកម្មតាំងបង្ហាញបេះដូងបត់ច្រើនជាងលើពិភពលោក។
 
លើសពីនេះ ក៏មានកម្មវិធីថ្មីៗមួយចំនួនទៀតដូចជា ពិព័រណ៍វត្ថុយក្ស,សមាធិ,សួនមុនីហទ័យ,កម្មវិធីផ្សព្វផ្សាយព្រឹត្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣,ពិព័រណ៍សង្រ្កាន្ត,សួនកុមារ,ផ្សារស្ទឹងសៀមរាប,អុំទូកម្សាន្ត,ការប្រគុំតន្រ្តីបណ្ដែតទឹក និងការប្រគុំតន្រ្តីនៅ៤ទីតាំងផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានកម្មវិធីមុនអង្គរសង្រ្កាន្ត នៅថ្ងៃទី៨-៩ ខែមេសា ដែលមានការរត់ម៉ារ៉ាតុន១០គីឡូម៉ែត្រ និងជិះកង់កម្សាន្តក្នុងរមណីយដ្ឋានអង្គរ រួមទាំងការប្រគុំតន្រ្តីផ្សព្វផ្សាយស៊ីហ្គេម២០២៣ផងដែរ។ ចំណែកឯទីតាំងទាំង៦សម្រាប់រៀបចំកម្មវិធីទាំងនេះ មានមុខ​ប្រាសាទអង្គរវត្ត លានជល់ដំរី អង្គរ​ឃ្យុ​ង​យូ សួនច្បារ​មុខ​ព្រះរាជដំណាក់ ដងស្ទឹង​សៀមរាប និង​តំបន់​ផាប់​ស្ទ្រី​ត​៕
 
 
 

Tag:
 ចូលឆ្នាំខ្មែរ
 អង្គរសង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com