ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្រ្តីបក្សភ្លើងទៀន៣នាក់ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទក្លែងបន្លំឯកសារ
24, Mar 2023 , 4:59 pm        
រូបភាព
លោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនថ្នាក់ជាតិរបស់គណបក្ស បង្រៀនក្នុងវគ្គបណ្តុះបណ្តាលមួយរបស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនថ្នាក់ជាតិរបស់គណបក្ស បង្រៀនក្នុងវគ្គបណ្តុះបណ្តាលមួយរបស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ 

តុលាការភ្នំពេញ ផ្តន្ទាទោសមន្រ្តីគណបក្សភ្លើងទៀន៣នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំស្មើៗគ្នា និងតម្រូវឲ្យបង់ប្រាក់៥លានរៀលក្នុងម្នាក់ៗ ចូលទៅរដ្ឋ។ លោក កែត ឃី ដែលជាមេធាវីការពារក្តី ប្រាប់សារព័ត៌មានថ្មីៗថា តុលាការភ្នំពេញ បានប្រកាសសាលក្រមស្តីពីការដាក់ទោសលើអ្នកទាំង៣ នៅម៉ោង២រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។



មន្រ្តីគណបក្សភ្លើងទៀនទាំង៣នាក់នោះ គឺ លោក តូច ថឹង ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រចាំខេត្តកំពង់ចាម លោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនថ្នាក់ជាតិរបស់គណបក្ស និងជាអនុប្រធានក្រុមការងារគណបក្សប្រចាំខេត្តស្វាយរៀង និងអ្នកស្រី នូ សុទ្ធារី អនុប្រធានចលនាស្រ្តីរបស់គណបក្ស។ លោកមេធាវី កែត ឃី ទទួលបានព័ត៌មានថា  អ្នកទាំង៣ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅមុនការប្រកាសសាលក្រម ពោលគឺ ពួកគេ ត្រូវចាប់ខ្លួននៅពេលព្រឹក ឯសាលក្រម ត្រូវបានប្រកាសនៅពេលរសៀល។ 
 
ក្នុងចំណោមអ្នកទាំង៣ កូនក្តីរបស់លោក កែត ឃី មានតែម្នាក់ប៉ុណ្ណោះ គឺអ្នកស្រី នូ សុទ្ធារី។ លោកមេធាវី អះអាងថា អ្នកទាំង៣ ត្រូវបានចោទប្រកាន់ពីបទក្លែងឯកសារ និងប្រើប្រាស់ឯកសារក្លែង។ 
 
សូមបញ្ជាក់ត្រង់កន្លែងនេះថា អ្នកទាំង៣ ពីមុន ធ្លាប់រួមគ្នាជាមួយលោក សៀម ភ្លុក ក្នុងការបង្កើតគណបក្សបេះដូងជាតិ។ ប៉ុន្តែ ក្រសួងមហាផ្ទៃ រកឃើញថា ពួកគេ បានក្លែងបន្លំស្នាមមេដៃ ដើម្បីប្រើប្រាស់សម្រាប់បង្កើតគណបក្សនេះ។ ដោយសាររកឃើញថា ស្នាមមេដៃទាំងនោះ ជាស្នាមមេដៃក្លែងក្លាយ ក្រសួងមហាផ្ទៃ សម្រេចមិនចុះឈ្មោះគណបក្សនេះ ចូលទៅក្នុងបញ្ជីគណបក្សនយោបាយឡើយ។ 
 
លោក សៀម ភ្លុក ត្រូវចាប់ខ្លួនយកទៅឃុំតាំងពីខែមេសា ឆ្នាំ២០២២មកម្ល៉េះ។ លោកមេធាវី កែត ឃី មានប្រសាសន៍ថា សាលក្រមរបស់តុលាការភ្នំពេញ កំណត់ដាក់ទោសលោក សៀម ភ្លុក ឲ្យជាប់ឃុំរយៈពេល២ឆ្នាំ៩ខែ និងត្រូវបង់ប្រាក់៥លានរៀលចូលទៅរដ្ឋ។  
 
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា លោក តូច ថឹង ត្រូវចាប់ខ្លួននៅរាជធានីភ្នំពេញ ឯលោក ខឿន វីរ៉ាត់ ត្រូវចាប់ខ្លួននៅខេត្តស្វាយរៀង។ អ្នកនាំពាក្យរូបនេះ ពុំបាននិយាយពីការចាប់អ្នកស្រី នូ សុទ្ធារី ឡើយ។ 
 
យ៉ាងណាក៏ដោយ លោក គឹម ឡៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រាប់សារព័ត៌មានថ្មីៗថា លោក ពុំទាន់ទទួលបានព័ត៌មានពីការចាប់លោក ខឿន វីរ៉ាត់ នោះទេ  ហើយករណីចាប់លោក តូច ថឹង នៅរាជធានីភ្នំពេញ សារព័ត៌មានថ្មីៗ មិនទាន់ទទួលបានការបកស្រាយពីលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡើយ ដោយសារលោក មិនលើកទូរស័ព្ទ៕ 
 
 

Tag:
 មន្រ្តីបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com