ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា គាំទ្រម៉ារ៉ុក ឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ
28, Mar 2023 , 11:03 am        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបលោក Nasser Bourita រដ្ឋមន្រ្តីការបរទេសម៉ារ៉ុក នៅប្រទេសម៉ារ៉ុក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣៕ រូបពីក្រសួងការបរទេសម៉ារ៉ុក
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបលោក Nasser Bourita រដ្ឋមន្រ្តីការបរទេសម៉ារ៉ុក នៅប្រទេសម៉ារ៉ុក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣៕ រូបពីក្រសួងការបរទេសម៉ារ៉ុក
ដោយ៖ ទេពញាណ 
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបង្ហាញការគាំទ្ររបស់កម្ពុជាទៅលើប្រទេសម៉ារ៉ុក ដែលឈរជាបេក្ខភាពសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ២០២៨-២០២៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន នៅម៉ារ៉ុក ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។



លោក ប្រាក់ សុខុន បង្ហាញការគាំទ្រនេះ នៅចំពោះមុខលោក ណាសឺ ប៊ូរីតា (Nasser Bourita) រដ្ឋមន្រ្តីការបរទេសម៉ារ៉ុក។ គួរដឹងបន្តិចថា សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មាន១៥ប្រទេស ដោយក្នុងនោះ ៥ប្រទេស ជាសមាជិកអចិន្ត្រៃយ៍ ដែលមិនកំណត់អាណត្តិ ឯ១០ប្រទេសទៀត ជាសមាជិកមិនអចិន្រ្តៃយ៍ ដែលមានអាណត្តិរយៈពេល២ឆ្នាំ។ 
 
សមាជិកអចិន្ត្រៃយ៍ទាំង៥ប្រទេស គឺ អាម៉េរិក ចិន រុស្ស៊ី បារាំង និងអង់គ្លេស។ សមាជិកមិនអចិន្ត្រៃយ៍ទាំង១០ប្រទេសនាពេលបច្ចុប្បន្ន រួមមាន ប្រេស៊ីល ជប៉ុន ស៊្វីស អេមីរ៉ាតអារ៉ាប់រួម អេក្វាទ័រ អាល់បានី ហ្កាបុង ហ្កាណា ម៉ាល់ត៍ និង ម៉ូសំប៊ិក (Brazil, Japan, Switzerland, United Arab Emirates, Ecuador, Albania, Gabon, Ghana, Malta, Mozambique)។
 
យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើ រដ្ឋមន្រ្តីការបរទេសកម្ពុជា-ម៉ារ៉ុក បានឯកភាពគ្នាលើផែនទីបង្ហាញផ្លូវ១ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ដោយផ្អែកលើបំណងរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី សម្តេ​ចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅម៉ារ៉ុកនាពេលខាងមុខ តាមការអញ្ជើញរបស់លោក អាហ្ស៊ីស អាខាន់ណូច (Aziz Akhannouch) នាយករដ្ឋមន្រ្តីម៉ារ៉ុក៕
 
 

Tag:
 កម្ពុជា-ម៉ារុក
© រក្សាសិទ្ធិដោយ thmeythmey.com