ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យឹម ស៊ី​ណន ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​
28, Mar 2023 , 9:23 pm        
រូបភាព
លោក យឹម ស៊ី​ណន ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ នៅ​ព្រលប់​ថ្ងៃទី​២៨ មីនា​នេះ បន្ទាប់ពី​ជាប់ឃុំ​ឃាំង​១​សប្តាហ៍​។ នេះ​បើ​យោងតាម ដីកា​បង្គាប់​របស់  លោក យី សុខ​វួ​ច ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២៨ មីនា ឆ្នាំ​២០២៣​។


 
​នៅមុន​ការសម្រេច​របស់​តុលាការ​នេះ លោក យឹម ស៊ី​ណន ជា​ត្រូវគេ​ស្គាល់​ថា​ជា​សកម្មជន​ស្និទ្ធ​នឹង​លោក កឹម សុខា បានចេញ​វីដេអូ និង​សរសេរ​លិខិត​មួយ សូម​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​របស់ខ្លួន កាលពី​ថ្ងៃទី​២១ មីនា​កន្លងទៅ ពាក់ព័ន្ធ​នឹង​ព្រះមហាក្សត្រ​។ លោក ក៏បាន​សូមទោស​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ជុំវិញ​ការ​បង្ហោះ​សារ​របស់ខ្លួន​ដែរ​។​
 
​សូម​រំឭកថា លោក យឹម ស៊ី​ណន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ល្ងាច​ទី​២១ មីនា ក្រោយ​បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដែលមាន​ខ្លឹមសារ​ញុះញង់​ពាក់ព័ន្ធ​នឹង​រូបភាព​អង្គ​ព្រះមហាក្សត្រ ដែល​ទ្រង់​យាង​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នា​ថ្ងៃទី​២១ ខែមីនា​នេះ នៅ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប​។ សកម្មជន​ស្និទ្ធ​នឹង​លោក កឹម សុខា​ម្នាក់ទៀត គឺ​លោក ហ៊ុន កុសល ក៏ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ដូចគ្នានេះដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com