ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីរបស់លោក​ កឹម សុខា រៀបចំបណ្តឹងតវ៉ាទៅកាន់តុលាការជាន់ខ្ពស់
29, Mar 2023 , 10:29 am        
រូបភាព
អគារថ្មីនៃសាលាឧទ្ធរណ៍ភ្នំពេញ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អគារថ្មីនៃសាលាឧទ្ធរណ៍ភ្នំពេញ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ដោយ៖ ទេពញាណ 

សហមេធាវីរបស់លោក កឹម សុខា នឹងដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដើម្បីសុំជំទាស់នឹងសាលក្រមរបស់តុលាការភ្នំពេញ ដែលដាក់ទោសឲ្យមេដឹកនាំប្រឆាំងរូបនេះ ជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ។ នេះបើតាមការអះអាងរបស់អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា។



សហមេធាវី ទទួលបានសិទ្ធិក្នុងការរៀបចំបណ្តឹងដាក់ទៅសាលាឧទ្ធរណ៍ បន្ទាប់ពីបានចូលជួបលោក កឹម សុខា នៅផ្ទះរបស់លោក កាលពីថ្ងៃទី២៨ ខែមីនា។ អ្នកស្រី ម៉េង សុភារី បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗ ដូច្នេះថា៖«យើង ប្តឹងប្រឆាំងនឹងសាលក្រមទាំងមូលតែម្តង»។ 
 
អ្នកស្រី ម៉េង សុភារី ពុំបានដឹងថា ជារៀងរាល់ថ្ងៃ លោក កឹម សុខា ធ្វើសកម្មភាពអ្វីខ្លះនោះទេ ដ្បិតអ្នកស្រី ទើបតែបានចួលជួបលោកម្តងនេះប៉ុណ្ណោះ ចាប់តាំងពីថ្ងៃដែលតុលាការភ្នំពេញប្រកាសសាលក្រមមក។ ប៉ុន្តែ អ្នកស្រី និយាយពីទម្លាប់របស់លោក កឹម សុខា ថា តាមធម្មតា លោក អានសៀវភៅ និងហាត់ប្រាណ។ 
 
សារព័ត៌មានថ្មីៗ បានសួរអ្នកស្រីបន្ថែមទៀត អំពីសុខភាពរបស់លោក កឹម សុខា។ អ្នកស្រី ឆ្លើយថា លោក កឹម សុខា មានសុខភាពធម្មតា តែគ្រាន់តែលោក នៅឈឺស្មាម្ខាង ដែលជាជំងឺពីមុន។ អ្នកស្រី បន្តថា ស្មាម្ខាងនោះ គឺប៉ោង។   
 
សូមរម្លឹកខ្លីថា កាលពីថ្ងៃទី៣ ខែមីនានេះ តុលាការភ្នំពេញ បានប្រកាសសាលក្រមដាក់ទោសលោក កឹម សុខា ឲ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ពីបទត្រូវរ៉ូវគ្នាជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com