អន្តរជាតិ
ប្រមុខអាស៊ាន សន្យាគាំទ្រលើការប្រយុទ្ធប្រឆាំងផ្សែងអ័ព្ទឆ្លងព្រំដែន
31, Mar 2023 , 8:29 pm        
រូបភាព
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន (ខាងឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៣០ ខែមីនា។ រូបភាពយកពី Twitter ASEAN
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន (ខាងឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៣០ ខែមីនា។ រូបភាពយកពី Twitter ASEAN
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន នៅថ្ងៃទី៣០ ខែមីនា បានសន្យាគាំទ្រលើកិច្ចខិតខំក្នុងការប្រយុទ្ធប្រឆាំងផ្សែងអ័ព្ទឆ្លងព្រំដែន ក្នុងតំបន់។ ស្របគ្នានេះ លោកប្រាយុទ្ធ ចន្ទអូនា នាយករដ្ឋមន្រ្តី បានចាត់ទុកវិបត្តិផ្សែងអ័ព្ទឆ្លងព្រំដែន បង្កឱ្យមានបញ្ហាប្រឈម ដែលតម្រូវឱ្យមានការដោះស្រាយ។

 
ថៃជាប្រទេសមួយដែលប្រឈមនឹងវិបត្តិផ្សែងអ័ព្ទយ៉ាងខ្លាំង ជាពិសេសនៅក្នុងក្រុងបាងកក និងតំបន់មួយចំនួន។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលថៃ តែងអំពាវនាវឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះ និងមានការពាក់ម៉ាស់ពេលចេញទៅក្រៅ ដើម្បីការពារសុខភាពរបស់ខ្លួនពីភាគល្អិតមាននៅក្នុងខ្យល់PM2.5។ 
 
ក្នុងដំណើរទស្សនកិច្ចរបស់លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅវិមានរដ្ឋាភិបាលថៃ ក្នុងថ្ងៃទី៣០ ខែមីនា បញ្ហាផ្សែងអ័ព្ទឆ្លងព្រំដែន បានក្លាយជាប្រធានបទមួយដ៏សំខាន់ ក្នុងជំនួបរវាងលោក និងនាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា។
 
ក្នុងកិច្ចសន្ទនានោះ លោកប្រាយុទ្ធ បានអះអាងថា វិបត្តិផ្សែងអ័ព្ទឆ្លងព្រំដែន បានបង្កឱ្យមានបញ្ហាប្រឈមក្នុងតំបន់យ៉ាងខ្លាំង ដែលចាំបាច់ ត្រូវមានវិធានការដោះស្រាយបន្ទាន់ និងស្នើឱ្យមានការគាំទ្រពីអគ្គលេខាធិការអាស៊ាន។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យប្រមុខអាស៊ាន សម្របសម្រួលកិច្ចខិតខំក្នុងការដោះស្រាយបញ្ហាមួយនេះ និងរៀបចំកិច្ចប្រជុំបន្ទាប់ជាមួយសមាជិកអាស៊ាន ដើម្បីពិភាក្សាពីដំណោះស្រាយ និងវិធានការ ក្នុងការកាត់បន្ថយផ្សែងអ័ព្ទ។ 
 
ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលថៃ បានបង្ហាញថា បញ្ហាផ្សែងអ័ព្ទបានបង្កឱ្យមានបញ្ហាសុខភាព និងបង្អាក់វិស័យទេសចរណ៍មិនត្រឹមតែនៅថៃប៉ុណ្ណោះទេ ប៉ុន្តែនៅប្រទេសជិតខាងថែមទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
 
ជាការឆ្លើយតប អគ្គលេខាធិការអាស៊ាន បានឯកភាពថាបញ្ហាផ្សែងអ័ព្ទ គួរតែត្រូវបានលើកឡើងជាបន្ទាន់ ហើយអាស៊ាន នឹងស្វះស្វែងដាក់ចេញយន្តការណ៍ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការពីសមាជិកអាស៊ាន។ បើតាមលោក កៅ គឹមហួន អាស៊ានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រលើកិច្ចសហប្រតិបត្តិការជាក់លាក់ និងក្នុងពេលវេលាសមស្រប។ 
 
ក្រៅពីបញ្ហាផ្សែងអ័ព្ទ ប្រមុខអាស៊ាន និងប្រមុខរដ្ឋាភិបាលថៃ ក៏បានពិភាក្សាលើបញ្ហាផ្សេងទៀតផងដែរ ដូចជាភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់, បម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចសកលជាដើម។ 
 
គួររំឭកថា នៅថ្ងៃទី៣០ ខែមីនា តុលាការរដ្ឋបាលឈៀងមៃ បានច្រានចោលពាក្យបណ្តឹងដាក់ដោយប្រជាជនក្នុងតំបន់ ដែលចោទប្រកាន់លោកប្រាយុទ្ធបរាជ័យ ក្នុងការចាត់វិធានការដោះស្រាយភាគល្អិតមាននៅក្នុងខ្យល់ PM2.5 នៅក្នុងខេត្តឈៀងមៃ ចាប់ពីខែមករា ដល់ខែកុម្ភៈ៕ 
 

Tag:
 អាស៊ាន
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com