ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត ត្រូវចាត់តាំងឲ្យធ្វើជាអនុប្រធានក្រុមការងារបក្សប្រជាជននៅភ្នំពេញ
01, Apr 2023 , 12:59 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។
គណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា បានសម្រូលភារកិច្ចរបស់លោក ហ៊ុន ម៉ាណែត ដោយប្តូរលោកពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទៅជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញវិញ។ នេះបើតាមសេចក្តីសម្រេច ដែលចេញដោយសម្តេច ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។



ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន គឺសម្តេច សាយ ឈុំ ដែលជាប្រធានព្រឹទ្ធសភា និងជាអនុប្រធានម្នាក់របស់គណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន ម៉ាណែត ទើបនឹងត្រូវបានដំឡើងឋានន្តរស័ក្តិពីផ្កាយ៣ ទៅផ្កាយ៤ នៅខែមីនា ឆ្នាំ២០២៣នេះ។ 
 
កាលពីចុងឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជ្រើសរើសជាបេក្ខជននាយករដ្ឋមន្រ្តី បន្ទាប់ពីការចាកចេញរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាឪពុក នាពេលអនាគត។ 
 
ក្នុងជួរគណបក្សប្រជាជនកម្ពុជា លោក ជាសមាជិកម្នាក់នៃគណៈអចិន្ត្រៃយ៍ ដែលជាស្ថាប័នកំពូលរបស់គណបក្ស ហើយលោក ក៏ជាប្រធានយុវជនថ្នាក់កណ្តាលផងដែរ ដែលតំណែងខ្ពស់បំផុតក្នុងការគ្រប់គ្រងយុវជនរបស់គណបក្ស។ ក្នុងជួរកងទ័ពវិញ លោក ជាអគ្គមេបញ្ជារងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕ 
 

Tag:
 ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com