អន្តរជាតិ
ប្រធានកម្មវិធីស្បៀងUN៖ ពិភពលោកត្រូវការប្រាក់រាប់ពាន់លានដើម្បី​បញ្ចៀសភាព​អត់ឃ្លាន
01, Apr 2023 , 7:39 pm        
រូបភាព
ប្រធានកម្មវិធីស្បៀងអាហារពិភពលោកអង្គការសហប្រជាជាតិ​(UN) នៅថ្ងៃទី៣១​ខែមីនាបានព្រមានថា ពិភពលោកនឹងជួបប្រទះភាពចលាចលបង្កដោយការធ្វើចំណាកស្រុកដ៏ធំ​ អស្ថិរភាពនៅប្រទេសមួយចំនួន និងភាព​អត់ឃ្លានក្នុងរយៈពេល១២ទៅ១៨ខែខាងមុខ បើគ្មានប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាស្បៀងអាហារទេនោះ។



ខណៈបញ្ហាស្បៀងអាហារនៅតែជាបញ្ហាដល់ធំសម្រាប់ប្រទេសមួយចំនួនលើពិភពលោក លោក David Beasley ប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ​(UN) នៅថ្ងៃទី៣១​ខែមីនាបានអំពាវនាវឱ្យប្រទេសផ្សេងៗបង្កើនការគាំទ្រការដោះស្រាយបញ្ហានេះ។ លោក David Beasley សរសើរអាម៉េរិក និងអាល្លឺម៉ង់ ដែលបានបង្កើនបញ្ចប់ជំនួយកាលពីឆ្នាំមុនដើម្បីចូលរួមដោះស្រាយបញ្ហានេះ តែជំរុញឱ្យចិន បណ្តាប្រទេសដទៃទៀត និងមហាសេដ្ឋីបង្កើនការផ្តល់ជំនួយដែរ​។ 
 
លោក​ Beasley ត្រូវប្រគល់តំណែងប្រធានកម្មវិធីស្បៀងអាហារពិភពលោកទៅមន្រ្តីអាម៉េរិកCindy McCain នៅសប្តាហ៍ក្រោយ។ នៅក្នុងបទសម្ភាសមួយនៅថ្ងៃទី៣១​ខែមីនា លោក Beasley បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងស្របពេលដែលកម្មវិធីស្បៀងអាហារពិភពលោករបស់ UN មិនអាចរៃអង្គាសប្រាក់បានប្រហែល២៣ពាន់លានដុល្លារនៅឆ្នាំនេះដើម្បីជួយប្រជាជនប្រមាណ៣៥០លាននាក់នៅប្រទេស៤៩ ដែលកំពុងជួបប្រទះភាពអត់ឃ្លាន។ 
 
គួរបញ្ជាក់ថា កម្មវិធីស្បៀងអាហារពិភពលោក បានជួបបញ្ហាស្រដៀងគ្នានេះកាលពីឆ្នាំមុន ប៉ុន្តែជាសំណាងល្អដែលអាម៉េរិកអាចបង្កើនកញ្ចប់ជំនួយពី៣,៥ពាន់លានដុល្លារដល់៧,៤ពាន់លានដុល្លារស្របពេលអាល្លឺម៉ង់បង្កើនការផ្តល់ជំនួយពី៣៥០លានដុល្លារដល់១,៧ពាន់លានដុល្លារ។ 
 
ទន្ទឹមនឹងការព្រួយបារម្ភនេះ ប្រធានកម្មវិធីស្បៀងក៏បានជំរុញឱ្យប្រទេសផ្សេងៗចាំបាច់ត្រូវបង្កើនការផ្ដល់ជំនួយ ដោយចាប់ផ្តើមពីចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក។ បើតាមកម្មវិធីស្បៀងអាហារពិភពលោក ចិនកាលពីឆ្នាំមុនបានផ្ដល់ជំនួយតែ១១លានដុល្លារប៉ុណ្ណោះ៕
 

Tag:
 ពិភពលោក
  UN
© រក្សាសិទ្ធិដោយ thmeythmey.com