កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ឃីកបុកស៊ីង៖ ស៊ន រ៉ាគីម ប្តេជ្ញាដណ្តើមមេដាយស៊ីហ្គេមតាមក្តីប្រាថ្នា
02, Apr 2023 , 9:59 am        
រូបភាព
រាហ៊ូប្រាក់ខេត្តបាត់ដំបង ស៊ន រ៉ាគីម ជាកីឡាករប្រដាល់ឃីកបុកស៊ីងជម្រើសជាតិកម្ពុជា។
រាហ៊ូប្រាក់ខេត្តបាត់ដំបង ស៊ន រ៉ាគីម ជាកីឡាករប្រដាល់ឃីកបុកស៊ីងជម្រើសជាតិកម្ពុជា។
ដោយ:
កីឡាករប្រដាល់ឃីកបុកស៊ីងជម្រើសជាតិកម្ពុជា ស៊ន រ៉ាគីម ប្តេជ្ញាដណ្តើមមេដាយស៊ីហ្គេមឆ្នាំ២០២៣ឱ្យបានតាមបំណងប្រាថ្នា តាមរយៈការប្រឹងប្រែងហ្វឹកហាត់របស់ខ្លួន។ រ៉ាគីម បង្ហាញពីក្តីរំភើបចិត្តព្រោះនេះជាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកដំបូងដែលកម្ពុជាទទួលបានការរៀបចំ។

 
ថ្លែងក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅទីលានហ្វឹកហាត់ប្រដាល់កីឡដ្ឋានស្តាតចាស់ កីឡាករដែលមានរហស្សនាម«រាហ៊ូប្រាក់ ស៊ន រ៉ាគីម» លើកឡើងថា ការបង្ហាញខ្លួនជាលើកទីពីររបស់ខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេម ខ្លួនពិតជារំភើប និងរីករាយខ្លាំងណាស់។ កីឡាករមានដើមកំណើតមកពីខេត្តបាត់តំបងរូបនេះ បង្កើនការហ្វឹកហាត់ដើម្បីសម្រេចបំណងដណ្តើមមេដាយស៊ីហ្គេមនៅកម្ពុជា។
 
កីឡាករ ស៊ន រ៉ាគីម និយាយថា៖«សម្រាប់ស៊ីហ្គេម២០២៣ យើងនៅសល់ពេលតិចតួច ដូច្នេះពេលហ្វឹកហាត់ក៏នៅសល់មិនច្រើនដែរ។ សម្រាប់ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ ការហ្វឹកហាត់មកដល់ពេលនេះសូម្បីតែថ្ងៃសៅរ៍អាទិត្យក៏យើងអត់សម្រាកដែរ»។ រ៉ាគីម បញ្ជាក់ថា ការហ្វឹកហាត់រៀងរាល់ថ្ងៃ មួយថ្ងៃ៣ពេល(ព្រឹក,រសៀល និងយប់)។
 

កីឡាករប្រដាល់ឃីកបុកស៊ីងជម្រើសជាតិកម្ពុជា ស៊ន រ៉ាគីម(ស្តាំ) ក្នុងពេលផ្តល់បទសម្ភាស។។
 
ជាមួយនឹងការប្រឹងប្រែងហ្វឹកហាត់ខ្លាំងក្លានេះចំពោះកីឡាករមានវ័យ២២ ឆ្នាំរូបនេះមានក្តីប្រាថ្នាដ៏ធំគឺប្រជែងមេដាយសម្រាប់ប្រទេសជាតិខ្លួនឱ្យបាន ទោះកម្រិតមេដាយណាក៏ដោយ។ រាហ៊ូប្រាក់បាត់ដំបង ថ្លែងទាំងមិនហ៊ានរំពឹងខ្ពស់ថា ៖«សម្រាប់ខ្ញុំ មិនហ៊ានសន្យាថាយកមេដាយមាស ឬក៏មេដាយមួយណាទេ តែសម្រាប់ខ្ញុំផ្ទាល់គឺហ្វឹកហាត់ខ្លាំង ហើយប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាព»។
 
គួបញ្ជាក់ថា កីឡាករឃីកបុកស៊ីជម្រើសជាតិកម្ពុជា ស៊ន រ៉ាគីម នឹងត្រូវប្រកួតលើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលប្រព្រឹត្តទៅពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 កីឡាឃីកបុកស៊ីង
 ស៊ន រ៉ាគីម
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com