អន្តរជាតិ
ថៃ ស្នើប្រទេសជិតខាងឱ្យដោះស្រាយបញ្ហាអ័ព្ទក្នុងប្រទេស
02, Apr 2023 , 2:07 pm        
រូបភាព
ក្រសួងការបរទេសថៃ កំពុងធ្វើការញាប់ដៃញាប់ជើងដើម្បីដោះស្រាយការបំពុលដោយអ័ព្ទដែលកំពុងវាយប្រហារថៃ​ ពិសេសបណ្ដាខេត្តនៅប៉ែកខាងលើប្រទេស។ ថៃ ស្នើសុំកិច្ចសហការពីបណ្ដាប្រទេសជិតខាងដើម្បីដោះស្រាយបញ្ហាដែលខ្លួនចាត់ទុកជាវិបត្តិឆ្លងដែន។

 
វិបត្តិអ័ព្ទឆ្លងដែន នៅតែជាបញ្ហាសំខាន់នៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន ថៃ កំពុងរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះតាមរយៈការធ្វើការជាមួយប្រទេសជិតខាងរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសថៃ Kanchana Patarachoke និយាយនៅថ្ងៃទី១​ ខែមេសា ថា ក្រសួងការបរទេសថៃ ព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីទប់ស្កាត់វិបត្តិនេះ។
 
បើតាមអ្នកនាំពាក្យដដែល ប្រមុខការទូតថៃ ដុន ប្រាមុដវីណៃ បានជជែកជាមួយសមភាគីនៃប្រទេសជិតខាងថៃ ដោយមានមីយ៉ាន់ម៉ាលើបញ្ហាអ័ព្ទបង្កដោយមនុស្ស ពិសេសភ្លើងឆេះព្រៃ ដែលធ្វើឱ្យប៉ះពាល់ដល់ថៃយ៉ាងខ្លាំង។ អ្នកនាំពាក្យដដែលបន្តថា​ មីយ៉ាន់ម៉ា បង្ហាញក្ដីរីករាយដើម្បីជួយដោះស្រាយបញ្ហានេះ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
 
លោកស្រី Kanchana Patarachoke ក៏អះអាងថា ក្រសួងបរិស្ថានថៃ ក៏បានផ្ញើលិខិតទៅកាន់ក្រសួងដៃគូនៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីសុំការជួយបន្ថែមទៀត ពិសេសនៅរដូវប្រាំងដែលករណីភ្លើងឆេះកើនឡើង។
 
លើសពីនេះ នាជំនួបជាមួយអគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន ប្រមុខរដ្ឋាភិបាលថៃ ប្រាយុទ្ធ ចន្ទអូចា និងលោក ដុន ក៏ស្នើឱ្យប្រមុខអាស៊ានគាំទ្រការប្រឹងប្រែងរបស់ថៃក្នុងការបង្កើនកិច្ចសហប្រតិបត្តិការតំបន់លើវិបត្តិនេះដែរ៕
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com