អន្តរជាតិ
អ៊ុយក្រែនរិះគន់រុស្ស៊ីដែលក្លាយជាប្រធានក្រុមប្រឹក្សាសន្តិសុខ UN ​
02, Apr 2023 , 7:39 pm        
រូបភាព
អ៊ុយក្រែននៅថ្ងៃទី១ ខែមេសា បានរិះគន់រុស្ស៊ីដែលទទួលតំណែងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) សម្រាប់ខែមេសា។​ អ៊ុយក្រែន អះអាងថាវាជាបញ្ហាប្រឈមសម្រាប់ពិភពលោក។



ក្នុងខែមេសា រុស្ស៊ី​ទទួល​តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដែលមាន​សមាជិក១៥ប្រទេស។ ទាក់ទិននឹងការឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានលើកឡើងថាការកាន់តំណែងរបស់រុស្ស៊ី ជាការប្រមាថសហគមន៍អន្តរជាតិ។ 
 
​«ខ្ញុំជំរុញឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខបច្ចុប្បន្ន រារាំងរាល់ការប៉ុនប៉ងរំលោភសិទ្ធិជាប្រធានរបស់រុស្ស៊ី»។ លោក Dmytro Kuleba បានលើកឡើងបែបនេះក្នុងសារ Twitter មុនបន្តថា រុស្ស៊ីជាប្រទេសក្រៅច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខ។ 
 
ដ្បិតរុស្ស៊ីមានឥទ្ធិពលតិចតួចលើការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងអំឡុងពេលខ្លួនជាប្រធានក្តី ប៉ុន្តែរុស្ស៊ីនៅតែមានឥទ្ធិពលលើការរៀបចំរបៀបវារៈរបស់កិច្ចប្រជុំ។ 
 
កន្លងមក​ អ៊ុយក្រែន​បាន​អំពាវនាវឱ្យមានការដក​រុស្ស៊ីចេញ​ពី​ក្រុមប្រឹក្សា​សន្តិសុខ ខណៈអាម៉េរិកក៏បាន​រិះគន់ពីសមាជិកភាព ​និង​ឋានៈ​ជា​សមាជិក​អចិន្ត្រៃយ៍ក្រុមប្រឹក្សា​សន្តិសុខ​របស់​រុស្ស៊ីផងដែរ។ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre ក៏ធ្លាប់បានអះអាងថាប្រទេសដែលបំពានធម្មនុញ្ញ UN និងឈ្លានពានប្រទេសជិតខាងរបស់ខ្លួន​ មិនគួរជាសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ឡើយ។ 
 
«ជាអកុសល រុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ហើយគ្មានផ្លូវច្បាប់អន្តរជាតិណាដែលអាចផ្លាស់ប្តូរការពិតនោះទេ»។ លោកស្រីបានបន្ថែមបែបនេះ។ 
 
ក្រៅតែពីអ៊ុយក្រែន ប្រទេសផ្សេងៗមួយចំនួនទៀតដូចជារដ្ឋបាល់ទិកបានសម្តែងការព្រួយបារម្ភពីភាពជាប្រធានរបស់រុស្ស៊ីដែរ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់អេស្តូនីប្រចាំ UN ក្នុងសេចក្តីថ្លែងការណ៍មួយបានលើកឡើងថា នេះជារឿងអាម៉ាស់សម្រាប់ក្រុមប្រឹក្សាសន្តិសុខដែលរុស្ស៊ីអាចធ្វើជាប្រធាន៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com