ជាតិ
ខេត្តព្រៃវែង នឹងរៀបចំសង្រ្កាន្ត ៤ថ្ងៃ ឯស្វាយរៀង នឹងរៀបចំ រយៈពេល ៣ថ្ងៃ
03, Apr 2023 , 7:59 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង  និងស្វាយរៀង នឹងរៀបចំព្រឹត្តការណ៍ សង្រា្កន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងនោះខេត្តព្រៃវែង នឹងរៀបចំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៦ មេសា ចំណែកឯ ខេត្តស្វាយរៀងនឹងរៀបចំសង្ក្រាន្ត ចាប់ពីថ្ងៃទី ១៤-១៦ មេសា។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តទាំងពីរ។
 
ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ខាងមុខនេះ ខេត្តព្រៃវែង នឹង​រៀបចំ​ព្រឹត្តិការណ៍សង្ក្រាន្ត​ព្រៃវែង​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅក្នុង​ក្រុង​ព្រៃវែង រយៈពេល ៤​ថ្ងៃ ពីថ្ងៃ​ទី ១៣ -១៦ ខែមេសា​។ ព្រឹត្តិការណ៍​នេះ នឹងមានការប្រប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្តលេងល្បែងប្រជាប្រិយជាច្រើន និងមាន​ការបាញ់​កាំជ្រួច អបអរសាទរ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​ព្រៃវែង យ៉ាង​អធិកអធម​ផងដែរ។
  

រូបភាពពីហ្វេសប៊ុក សង្រ្កាន្តស្វាយរៀង
 
ចំណែកឯ  រដ្ឋបាលខេត្តស្វាយរៀង ក៏រៀបចំព្រឹត្តការណ៍​សង្ក្រាន្ត  រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ​២០២៣។ ក្នុង​ព្រឹត្តិការណ៍​នេះ អ្នកចូលរួម នឹងអាច​យល់ដឹង​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ក៏ដូចជា​បទ​ចម្រៀង និង​ក្បាច់​រាំ​ ដែល​ការសម្តែង​ដោយ​សិល្បករ​គ្រប់​ជំនាន់ ដើម្បី​រំលឹក​ដល់​បុព្វបុរស​ខ្មែរ​ពី​សម័យមុន​។
 
​ក្នុង​ឆ្នាំ​២០២៣នេះ ព្រឹត្តិការណ៍​ស​ង្រា្ក​ន្ត​ស្វាយរៀង​ ប្រារព្ធ​ឡើង​នៅ​ទីតាំង​នៅ​រង្វង់​មូល​វិមានឯករាជ្យ​ខេត្តស្វាយរៀង។ រដ្ឋបាលខេត្តស្វាយរៀងក៏បានរៀបចំ គណៈកម្មការ សម្រាប់ចាត់ចែង សណ្តាប់ធ្នាប់ ការតុបតែងកម្មវិធីសង្រា្កន្តល្បែងប្រជាប្រិយ ការប្រគុំតន្រ្តី និងកម្មវិធីផ្សេងទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com