ជាតិ
​​​ន​យោ​បាយ​ជាតិ​
បណ្ឌិត សាម អ៊ីន ចេញពីបក្សមូលដ្ឋាន ហើយបង្វែរទិសដៅទៅរករដ្ឋាភិបាល
02, Apr 2023 , 4:39 pm        
រូបភាព
លោកបណ្ឌិត សាម អ៊ីន កាលនៅជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ រូបពីហ្វេសប៊ុករបស់លោក
លោកបណ្ឌិត សាម អ៊ីន កាលនៅជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ រូបពីហ្វេសប៊ុករបស់លោក
ដោយ៖ ទេពញាណ 

លោកបណ្ឌិត សាម អ៊ីន ស្ថាបនិក និងជាអ្នកនយោបាយជាន់ខ្ពស់ម្នាក់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសជាផ្លូវការលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ ពីការសម្រេចចិត្តដ៏ធំរបស់លោក គឺការចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ លោក បញ្ជាក់ថា ការឈប់ពីគណបក្សដែលលោកចូលរួមបង្កើតនេះ គឺមានសុពលភាពចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ទៅ។ 
 
លោក សាម អ៊ីន បញ្ចេញអារម្មណ៍របស់លោកតាមរយៈសំណេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖«ក្រោយពីការវាយតម្លៃស្ថានការណ៍គ្រប់ជ្រុងជ្រោយ និងសួរបេះដូងខ្ញុំជាច្រើនដង ខ្ញុំបានសម្រេចចិត្តលាឈប់ពីតួនាទីប្រធានគណៈកម្មាធិការនាយកស្តីទី និងពីសមាជិកភាពគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាផ្លូវការ។ Goodbye my love, GDP»។ 
 
តើលោកបណ្ឌិត នឹងទៅណាវិញ? លោក សាម អ៊ីន ឆ្លើយជាមួយសារព័ត៌មានថ្មីៗថា លោក ពិចារណាទៅចូលរួមជាមួយរដ្ឋាភិបាល ហើយបើរដ្ឋាភិបាល មិនស្វាគមន៍ លោក នឹងពិចារណាពីជម្រើសផ្សេងទៀត។ 
 
លោក បន្តថា ក្រសួង ដែលលោកសម្លឹងមើល និងចង់ចូលទៅបម្រើការងារ គឺក្រសួងបរិស្ថាន។ លោក បន្ថែមថា លោក ចង់ប្រើប្រាស់ចំណេះជំនាញជួយរដ្ឋាភិបាលលើផ្នែកព្រៃឈើនិងបរិស្ថាន ដ្បិតលោកទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកគោលនយោបាយព្រៃឈើពីប្រទេសអាល្លឺម៉ង់ ហើយលោកក៏ធ្លាប់មានបទពិសោធក្នុងការចូលរួមការពារព្រៃឈើជាមួយប្រជាពលរដ្ឋតាមសហគមន៍នានាដែរ។  
 
លោក សាម អ៊ីន បញ្ជាក់ដូច្នេះថា៖«មកដល់ពេលនេះ ខ្ញុំ គ្រាន់តែជម្រាបព័ត៌មានជូនលោកបណ្ឌិត យ៉ង សាំងកុមារ ហើយលោកអាចមានឱកាសជម្រាបព័ត៌មានបន្តជូនសម្តេចនាយករដ្ឋមន្រ្តី ឬយ៉ាងណា ខ្ញុំអត់ទាន់ដឹងព័ត៌មានច្បាស់លាស់ទេ។ ខ្ញុំគ្រាន់តែបញ្ជូនផែនការដែលខ្ញុំចង់ធ្វើអ្វីខ្លះទៅលោកបណ្ឌិត យ៉ង សាំងកុមារ»។ 


លោកបណ្ឌិត យ៉ង សាំងកុមារ និងលោកបណ្ឌិត សាម អ៊ីន កាលនៅជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (រូបពីហ្វេសប៊ុករបស់លោកបណ្ឌិត សាម អ៊ីន)។
 
សូមរម្លឹកថា កាលពីចុងឆ្នាំ២០២២ លោក យ៉ង សាំងកុមារ មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាធិតេយ្យមូលដ្ឋាន និងមន្រ្តីមួយចំនួនទៀត បាននាំគ្នាចាកចេញពីគណបក្សនេះ ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រោយមក លោក យ៉ង សាំងកុមារ ដែលជាបណ្ឌិតកសិកម្ម ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីផង និងជារដ្ឋលេខាធិការក្រសួងកសិកម្មផង។ 
 
លោកបណ្ឌិត យ៉ង សាំងកុមារ និងលោកបណ្ឌិត សាម អ៊ីន សុទ្ធតែជាស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបច្ចុប្បន្នមានលោក យ៉េង វីរៈ ជាប្រធាន ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥។ គណបក្សនេះ បានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨ តែពុំទទួលបានអាសនៈក្នុងរដ្ឋសភាឡើយ ហើយក៏បានចូលរួមការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២នេះដែរ ដោយទទួលបាន៦អាសនៈ៕  
 

Tag:
 សាម អ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com