អន្តរជាតិ
រុស្សី និងបេឡារុសប្រារព្ធទិវានៃការរួបរួម
02, Apr 2023 , 8:59 pm        
រូបភាព
ទីក្រុងមូស្គូ និងទីក្រុងមីនស្កិ៍នៅថ្ងៃទី២ ខែមេសា ប្រារព្ធទិវានៃការរួបរួម ដែលរំលឹកដល់ចំណងមិត្តភាពរបស់ភាគីទាំង២តាំងពីឆ្នាំ១៩៩៦ មក នៅពេលប្រធានាធិបតីបេឡារុស Alexander Lukashenko និងអតីតប្រធានាធិបតីរុស្ស៊ី Boris Yeltsin បានចុះហត្ថលេខាលើសន្ធិសញ្ញាដែលមានគោលបំណងបង្កើតរដ្ឋសហភាពនៃប្រទេសទាំង២។



រុស្សី និងបេឡារុស ទំនាក់ទំនងយ៉ាងជិតស្និទ្ធខ្លាំង ដ្បិតបេឡារុសធ្លាប់ជារដ្ឋមួយរបស់សហភាពសូ​វៀត​។ បើទោះបីជា សហភាពសូ​វៀតបានដួលរលំហើយក្តី ប៉ុន្តែរុស្សី និងបេឡារុសពីរនៅឆ្នាំ​១៩៩៦ បានចុះហត្ថលេខាលើសន្ធិសញ្ញាដែលមានគោលដៅចង់បង្កើតរដ្ឋសហភាពមួយ និងដើម្បីរក្សាចំណងមិត្តភាព។​
 
កន្លងមក បេឡារុស ធ្លាប់ចាប់អារម្មណ៍បង្កើតទំនាក់ទំនងជាមួយប្រទេសលោកខាងលិច ប៉ុន្តែគោលបំណងនេះបានផ្លាស់ប្តូរនៅឆ្នាំ ២០២០ បន្ទាប់ពីទីក្រុងមូស្គូបានលូកដៃជួយរដ្ឋាភិបាលបេឡារុសក្នុងបាតុកម្មដ៏ធំកន្លងមក។ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាន​ប្រឈម​មុខ​នឹង​ការ​តវ៉ា​ដ៏​ធំ​ប្រឆាំង​រដ្ឋាភិបាលរបស់លោក។ នៅពេលនោះ រុស្ស៊ី​បានអះអាងថា ខ្លួន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បញ្ជូន​ទ័ព​ទៅ​គាំទ្ររដ្ឋាភិបាលលោក Alexander Lukashenko។ 
 
ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​រុស្ស៊ី​វាយប្រហារ​អ៊ុយក្រែន បេឡារុស​បានផ្ដល់ការគាំទ្រដល់​រុស្ស៊ី ហើយ​ថ្មីៗ​នេះ​បាន​យល់ព្រម​ឱ្យរុស្ស៊ីដាក់អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ីលើទឹកដីខ្លួន ​ ដែល​ជា​សញ្ញា​បង្ហាញពី​ទំនាក់ទំនង​កាន់តែ​រឹងមាំ។
 
ក្រោមសន្ធិសញ្ញាដែលមានគោលបំណងបង្កើតរដ្ឋសហភាពរវាងរុស្សី និងបេឡារុស ទោះបីជាមិនបានសម្រេចពេញលេញក៏ដោយ ភាគីទាំងពីរបានទទួលអត្ថប្រយោជន៍មួយចំនួនពីសន្ធិសញ្ញានេះ។ បាតុកម្មប្រឆាំងលោក Lukashenko និងការហុចដៃជួយពីរុស្ស៊ី បានធ្វើឱ្យសន្ធិសញ្ញានេះវិវត្តកាន់តែលឿន។ 
 
សន្ធិសញ្ញានេះ ក៏បានធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅផងដែរ។ ក្នុង​ការ​ឈ្លានពាន​អ៊ុយក្រែន​របស់​រុស្ស៊ី​កាល​ពី​ឆ្នាំ​មុន ទាហាន​រុស្ស៊ី​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​បេឡារុស ក្រោមរូបភាព​បង្ហាញ​ពី​លំហាត់​ហ្វឹកហ្វឺន។ សកម្មភាពនេះបានធ្វើឱ្យបេឡារុសបានរងទណ្ឌកម្មរបស់ប្រទេសលោកខាងលិចផងដែរ៕​
 

Tag:
 រុស្ស៊ី
  បេឡារុស
© រក្សាសិទ្ធិដោយ thmeythmey.com