ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងទៅតាមបណ្ដាខេត្តនានាក្នុងថ្ងៃចូលឆ្នាំខ្មែរ។ បើតាមសេចក្ដីជូនដំណឹងចេញផ្សាយថ្ងៃទី៣ មេសានេះខេត្តសៀមរាប មានរថយន្តក្រុងដឹកពលរដ្ឋច្រើនជាងគេ រហូតដល់១០០គ្រឿង។
ដើម្បីសម្រួលដល់ការចំណាយរបស់ពលរដ្ឋនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៣៤៥គ្រឿងសម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា។
រថយន្តក្រុងទាំង ៣៤៥គ្រឿងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែក ៧០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋនៅរាជធានីភ្នំពេញ។ ចំណែក ២៧៥គ្រឿងទៀតសម្រាប់ដឹកជញ្ជូនពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តមួយចំនួន។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ រថយន្តក្រុងទាំងនេះនឹងដឹកជញ្ជូនពលរដ្ឋទាំងទៅ និងមក ដោយចាប់ផ្ដើមចេញដំណើរពីម៉ោង៥៖៣០នាទីព្រឹកនៅតាមគោលដៅដែលបានកំណត់។ សម្រាប់ផ្លូវជាតិលេខ១ភ្នំពេញ-កណ្ដាល,ព្រៃវែង-ភ្នំពេញ មានរថយន្តចំនួន ៥គ្រឿង និងភ្នំពេញ-កណ្ដាល,ស្វាយរៀង-ភ្នំពេញ មានចំនួន ៥គ្រឿងដោយចេញដំណើរពីស្ថានីយចំណតវាលស្បូវ។
រីឯផ្លូវជាតិលេខ២ ភ្នំពេញ-កណ្ដាល, តាកែវ-ភ្នំពេញ មានរថយន្តចំនួន៥គ្រឿង ចេញដំណើរពីទល់មុខព្រះវិហារយេស៊ូ នៅផ្លូវវេងស្រេង។ ដោយឡែកផ្លូវជាតិលេខ៣ វិញ ភ្នំពេញ-កែប មានចំនួន ៥គ្រឿង និងភ្នំពេញ-កំពត មានចំនួន៥គ្រឿង ចេញដំណើរពីដីឡូតិ៍ទល់មុខគណបក្សរាជធានីភ្នំពេញ នៅផ្លូវ២០០៤។
សម្រាប់ផ្លូវជាតិលេខ៤ ភ្នំពេញ-កំពង់ស្ពឺ មានចំនួន ៣គ្រឿងនិងភ្នំពេញ-ព្រះសីហនុ មានចំនួន ៧ គ្រឿងចេញដំណើរពីដីឡូតិ៍ទល់មុខគណបក្សរាជធានីភ្នំពេញ នៅផ្លូវ២០០៤។
ក្រឡេកទៅមើលផ្លូវជាតិលេខ៥វិញ ភ្នំពេញ-កំពង់ឆ្នាំង មានរថយន្តចំនួន ៥គ្រឿង, ភ្នំពេញ-ពោធិ៍សាត់មានរថយន្តចំនួន ១០គ្រឿង, ភ្នំពេញ-បាត់ដំបងមានរថយន្តចំនួន ៥០គ្រឿង និងភ្នំពេញ-បន្ទាយមានជ័យ មានរថយន្តចំនួន ៥០ គ្រឿងចេញដំណើរពីស្ថានីយចំណតសួនច្បារឫស្សីកែវ។
ក្នុងឆ្នាំនេះ ផ្លូវជាតិលេខ៦ នឹងមានចរាចរណ៍មមាញឹក ដោយសាររដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងទៅខេត្តសៀមរាប រហូតដល់១០០គ្រឿងឯណោះ និងភ្នំពេញ-កំពង់ធំមានចំនួន ៥គ្រឿង ដោយចេញដំណើរពីរង្វង់មូលទេពមច្ឆា។ ឯផ្លូវជាតិលេខ៦,៧ភ្នំពេញ-កំពង់ចាម មានចំនួន ៥គ្រឿង និងភ្នំពេញ-ត្បូងឃ្មុំ មានចំនួន ៥គ្រឿងចេញដំណើរពីមុខរាជាយស្ម័យយាន។
ចំណែកផ្លូវជាតិលេខ៨,១៣ ភ្នំពេញ-ក្រចេះ មានចំនួន៥គ្រឿងនិងភ្នំពេញ-ស្ទឹងត្រែង មានចំនួន ៥គ្រឿងចេញដំណើរពីស្ថានីយចំណតរង្វង់មូលកួចកាណុង។ សូមបញ្ជាក់ថា ក្នុងឆ្នាំនេះ
នៅខេត្តសៀមរាប នឹងមានរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តរយៈពេល ១០ឆ្នាំដែលនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តរហូតដល់ ១០០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋ និងភ្ញៀវទេសចរ៕