ជាតិ
សុខភាព
ពេទ្យបង្អែក​ក្រូចឆ្មារ បំពាក់ដោយ​បរិក្ខារទំនើបដែលបម្រើ​ពលរដ្ឋនៅត្បូងឃ្មុំ និង​បណ្តា​ខេត្តផ្សេងទៀត
03, Apr 2023 , 3:59 pm        
រូបភាព
មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ក្រោម​អធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី៣ ខែមេសា។ ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់ថា៖ «មិនត្រឹមតែបំរើសេវាសុខាភិបាលនៅក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបម្រើពលរដ្ឋនៅខេត្តផ្សេងៗដែលនៅជិតនេះបានផងដែរ»។


 
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយសម្តេច ហ៊ុន សែន ហើយដឹកនាំការសាងសង់ដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


 
មន្ទីរពេទ្យនេះ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ដោយ​មានអគារធំៗចំនួន២ ទំហំប៉ុនគ្នា កម្ពស់៤ជាន់ ស្មើ ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ ជាន់ទី ៣ និង​ត្រូវបានសាងសង់ផ្ទៃដី ១៩.៤០២ម៉ែត្រការ៉េ។ 
 
យោងតាម​ក្រសួង​សុខាភិបាល អគារនីមួយៗមានទំហំ ១៨ម៉ែត្រ x ៦២ម៉ែត្រ កម្ពស់៤ជាន់ មានគ្រែសរុប ៤០០គ្រែ ដែលមានមុខងារបន្ទប់ពិនិត្យជំងឺទូទៅ, សង្រ្គោះបន្ទាន់, វះកាត់, សម្រាកព្យាបាល, មន្ទីរពិសោធន៍វេជ្ជសាស្រ្ត, អេកូសាស្រ្ត, X-Ray, សម្ភពនិងរោគស្រ្តី, ព្យាបាលជំងឺកុមារ, ព្យាបាលជំងឺមាត់ធ្មេញ, ឃ្លាំងបរិក្ខារវេជ្ជសាស្រ្ត និងឃ្លាំងឱសថ។ 
 


នៅជាន់ទី៣នៃអគារថ្មីទាំងពីរ មានបន្ទប់គ្រូពេទ្យប្រចាំការ និងបន្ទប់ស្នាក់នៅសម្រាប់បុគ្គលិក រីឯ​អគារចាស់ ត្រូវបានជួសជុលនិងកែលម្អឡើងវិញ និងប្រើប្រាស់ជាអគាររដ្ឋបាល ឃ្លាំងឱសថ ឃ្លាំងសម្ភារៈ និងអាហារដ្ឋាន ព្រមទាំងបានជួសជុលកែលំអអគារចំនួន ១អគារ ទៅជាអគារសម្រាប់ផលិតអុកស៊ីហ្សែន។
 
សម្តេច ហ៊ុន សែន បាន​អបអរសាទរជាមួយ​នឹងសមិទ្ធផល​ថ្មីនៅ​លើទឹក​ដីក្រូចឆ្មារ ដោយ​អគារមន្ទីរពេទ្យដ៏ធំនេះ បម្រើវិស័យសុខាភិបាលនៅមូលដ្ឋានផ្ទាល់ រួមទាំង​ពលរដ្ឋពី​បណ្តាខេត្តនៅជិតនោះ។ សម្តេច​បាន​រំលឹកថា៖ «ស្រុកក្រូចឆ្មារពីមុនជាតំបន់ដាច់ស្រយាល និងមិនមានប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ច្រើននោះទេ ដែលពេលនោះ អ្នកជំងឺខ្លះពេលសង្គ្រោះបន្ទាន់ត្រូវរកសេវាព្យាបាលនៅកន្លែងឆ្ងាយ ដែលធ្វើអោយមានការលំបាកយ៉ាងខ្លាំង»។
 
សម្តេច​បានគូស​បញ្ជាក់បន្ថែម​ថា មនុស្សយើងអាចមានពណ៌សម្បុរ សាសនា និងនយោបាយខុសគ្នា ប៉ុន្តែមានតម្រូវការរួម គឺការពិនិត្យព្យាបាលជំងឺ ហើយសន្តិភាព ក៏ជាតម្រូវការរួមផងដែរ។ ស្របពេលជាមួយគ្នា សម្តេចបានផ្តាំទៅកាន់អ្នកគ្រប់គ្រង និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក​ស្រុក​ក្រូច​ឆ្មារថា ការសាងសង់មន្ទីរពេទ្យ និងបំពាក់បរិក្ខារជាការលំបាកមួយទៅហើយ ប៉ុន្តែការធ្វើឱ្យមន្ទីរពេទ្យធានាបាននិរន្តរភាព គឺរឹតតែលំបាកទៀត៕
 




Tag:
 ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com