ជាតិ
លោក នេត្រ ភក្រ្តា ថា មេឃចុះអ័ព្ទនារសៀលនេះ មិនប៉ះពាល់សុខភាពទេ
03, Apr 2023 , 5:59 pm        
រូបភាព
ភ្នំពេញ៖ នារសៀលថ្ងៃទី ៣ មេសានេះ មានការភ្ញាក់ផ្អើល លើអ័ព្ទដែលកំពុងចុះ នារដូវប្រាំង ។ ជុំវិញបញ្ហានេះ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា អ័ព្ទកំពុងចុះនេះ ជាអ័ព្ទធម្មតា មិនប៉ះពាល់ដល់សុខភាពឡើយ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ថា ការចុះអ័ព្ទនេះ កើតមាននៅរដូវប្រាំងជារៀលរាល់ឆ្នាំ ដែលនឹងបាត់ទៅវិញនៅពេលយប់  មិនពាក់ព័ន្ធនឹងការចុះអ័ព្ទនៅប្រទេសថៃឡើយ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្នុងពេលនេះ ខ្យល់នៅកម្ពុជាមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាពឡើយ។    
លោក នេត្រ ភក្រ្តា ​ពន្យល់ដូច្នេះ៖ « ជាធម្មតានៅពេលរដូវប្រាំង គឺវាមានភាពស្ងួត ធ្វើឱ្យកម្រិតនៃខ្យល់PM2.5 កម្រិតខ្យល់ភាពល្អិតតូចៗ ដែលវាមានទំហំតូចជាង១០ដងនៃ សរសៃសក់របស់យើងហ្នឹង វានឹងអណ្ដែតលើបរិយាកាស ដោយសារកម្ដៅក្ដៅ ហើយវានឹងធ្លាក់ចុះមកវិញនៅពេលដែលមានសំណើម។  អ៊ីចឹងពេលយប់ វានឹងធ្លាក់ចុះមកវិញ»។ 
បើតាមលោក នេត្រ ភក្រ្តា កម្រិតនៃខ្យល់ PM2.5នេះ  អាចកើតឡើង ដោយសារផ្សែងម៉ូតូ និងការដ្ឋានសំណង់ជាដើម ហើយកម្រិតនៃខ្យល់នេះ អាចការពារបានតាមរយៈការពាក់ម៉ាស់ ដែលមិនប៉ះពាល់ដល់សុខភាពឡើយ៕ 
 

 

Tag:
 អ័ព្ទ
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com