កីឡាជាតិ
ជាតិ
ប្រធានាធិបតីទីម័រខាងកើត Ramos-Horta ចូលរួមរត់ភ្លើងគប់ជាមួយអត្តពលិក៨០០នាក់ រូបថត៖ ខឹម សុវណ្ណារ៉ា
× ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្តើមហើយនៅទីក្រុងឌីលី ប្រទេសទីម័រខាងកើត នៅព្រឹកថ្ងៃទី៤ ខែមេសា ដោយមានការចូលរួមរត់ដង្ហែពីសំណាក់ប្រធានាធិបតីទីម័រខាងកើតលោក José Ramos-Horta រួមជាមួយអត្តពលិក៨០០នាក់ផ្សេងទៀត។
ក្រោមការដឹកនាំរបស់លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ពិធីដង្ហែភ្លើងគប់នៅក្រុងឌីលីនេះ មានការចូលរួមពីសំណាក់លោក José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត ជាអ្នកកាន់ភ្លើងគប់នាំមុខក្បួន លោក Francisco Kalbuadi Lay ប្រធានគណៈកម្មាធិការជាតិអូឡាំពិកទីម័រខាងកើត រួមជាមួយអត្តពលិកទីម័រខាងកើតប្រមាណ៨០០នាក់។
ទីម័រខាងកើត ជាប្រទេសទី៤ដែលទទូលធ្វើពិធីរត់ដង្ហែភ្លើងគប់ បន្ទាប់ពី ឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីន ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ដែលត្រូវចូលរួមប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្រោយរង់ចាំ៦៤ឆ្នាំ។
បន្ទាប់ពីទីម័រខាងកើត ភ្លើងគប់នឹងត្រូវបន្តដំណើរទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងជាប្រទេសទី៥ ដែលត្រូវដង្ហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕
Tag:
ស៊ីហ្គេម២០២៣
ភ្លើងគប់
© រក្សាសិទ្ធិដោយ thmeythmey.com