កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អាជ្ញាធរទប់ស្កាត់អាវុធគីមីកម្ពុជា ប្តេជ្ញារក្សាសុវត្ថិភាពភ្ញៀវជាតិ-អន្តរជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
04, Apr 2023 , 6:02 pm        
រូបភាព
វគ្គបំប៉នជំនាញពិសេស រូបពី អ.ជ.អ.គ
វគ្គបំប៉នជំនាញពិសេស រូបពី អ.ជ.អ.គ
ដោយ: ថ្មីៗ
អាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែ ជីវសាស្ត្រ និងវិទ្យុសកម្ម (អ.ជ.អ.គ) ក្រោមការសហការជាមួយសហភាពអឺរ៉ុប បានបញ្ចប់ការហ្វឹកហាត់ដើម្បីបង្ការគ្រោះថ្នាក់ ឬហានិភ័យ ដោយសារសារធាតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ អំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។


កម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជាលើដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា ប្ដេជ្ញាដំណើរការព្រឹត្តិការណ៍នេះឲ្យប្រព្រឹត្តទៅយ៉ាងរលូន និងធានាសុវត្ថិភាព ដល់អ្នកចូលរួមទាំងជាតិ និងអន្ដរជាតិ ជាពិសេស សុវត្ថិភាពក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នាពិធីបើក-បិតព្រឹត្តិការណ៍តែម្តង។

យោងទៅលើសេចក្ដីប្រកាសរបស់តំណាងសហភាពអឺរ៉ុបនៅកម្ពុជា  ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នេះ អ្នកជំនាញស្លូវ៉ាគីនៃសហភាពអឺរ៉ុប ព្រមទាំងអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (អ.ជ.អ.គ ឬ N.A.C.W)  បានបើកវគ្គបំប៉នពិសេស ស្ដីពីការធ្វើលំហាត់លើតុ និងលំហាត់អនុវត្តជាក់ស្ដែងលើទីលានសម្រាប់ការការពារសុវត្ថិភាពក្នុងការប្រកួត។ លំហាត់ជាក់ស្ដែង ធ្វើ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ។
ការហ្វឹកហាត់ក្រោមការបណ្ដុះបណ្ដាលដោយអ្នកជំនាញ EU CBRN មានរយៈពេល ៦ខែ។ ការហ្វឹកហាត់ ក៏បង្កើតផែនការឆ្លើយតបនឹងការវាយប្រហារណាមួយដោយអាវុធប្រល័យលោក និងនីតិវិធីប្រតិបត្តិការស្តង់ដារ។

គួរបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕


Tag:
 ស៊ីហ្គេម
  អាស៊ានប៉ារ៉ាហ្គេម
  EU CBRN
© រក្សាសិទ្ធិដោយ thmeythmey.com