កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាលម៉ិកស៊ិកម្នាក់រងពិន័យ ១២ប្រកួត បន្ទាប់ពីឡើងជង្គង់លើកីឡាករម្នាក់
× លោក Fernando Hernandez អាជ្ញាកណ្តាលសញ្ជាតិម៉ិកស៊ិក នឹងត្រូវរងការពិន័យមិនឱ្យកាត់សេចក្តីចំនួន ១២ប្រកួត បន្ទាប់ពីបានបង្កហិង្សា ដោយឡើងជង្គង់ចំកន្លែងហាមឃាត់របស់កីឡាករម្នាក់ អំឡុងការប្រកួតក្នុងក្របខណ្ឌ Liga MX រវាងក្រុម America ទល់នឹង Leon។
លោក Hernandez បានឡើងជង្គង់ទៅលើកីឡាករ Lucas Romero របស់ក្រុម Leon ខណៈកំពុងស្ថិតក្នុងកាលៈទេសៈនៃការតវ៉ាគ្នារវាងគូប្រកួតទាំងពីរ ដែលស្នើឱ្យអាជ្ញាកណ្តាលត្រួតពិនិត្យប្រព័ន្ធកាត់សេចក្តី VAR បន្ទាប់ពីក្រុម America បានរកគ្រាប់បាល់តាមស្មើ ២-២។
ការប្រកួតរវាងក្រុម America និង Leon ពោរពេញទៅដោយភាពតានតឹង នឹងជម្លោះដ៏អាក្រក់នៅក្នុងទីលាន ដោយគ្រូបង្វឹកក្រុមទាំងសងខាងត្រូវបានបណ្តេញចេញ ខណៈដែលការប្រកួតនៅ ១០នាទីចុងក្រោយជិតបញ្ចប់ កីឡាករ ៦នាក់ទទួលបានកាតលឿង។
បន្ទាប់ពីហេតុការណ៍នោះ បានកើតឡើងលោក Hernandez ត្រូវបានស្ថាប័នលីគក៏ដូចជាស្ថាប័នអាជ្ញាកណ្តាល ដាក់ពិន័យមិនឱ្យកាត់សេចក្តី រហូតដល់ចំនួន ១២ប្រកួត។
ទោះជាយ៉ាងណា ក្រោយពេលដែលវីដេអូឃ្លីបត្រង់ចំណុចទាំងអស់នោះ បានចែកចាយលើបណ្តាញសង្គម ដែលបង្ហាញថាលោក Hernandez បានឡើងជង្គង់លើកីឡាករ Romero ជាមួយការផ្តល់កាតលឿងថែមទៀត កីឡាករក្រុម Leon រូបនោះ បានចេញមុខបកស្រាយថា«ហេតុការណ៍នោះជារឿងយល់ច្រឡំ»។
Romero បានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិក TUDN ដូច្នេះថា៖«អាជ្ញាកណ្តាលគឺជាមនុស្ស ពួកគេអាចមានការបង្កកំហុសជាច្រើនដង ហើយកំហុសទាំងអស់នោះ បានអភិវឌ្ឍពួកគេច្រើននៅអ្វីដែលបានកើតឡើង ហើយក៏មានការយល់ច្រឡំច្រើនផងដែរ។»។
ចំណែកលោក Hernandez អាជ្ញាកណ្តាលការប្រកួត ក៏បានសុំទោសទៅកាន់ Romero និងបាននិយាយថា លោកគ្មានចេតនាវាយប្រហារ ឬគោលបំណងអ្វីលើកីឡាករឡើយ។ មិនតែប៉ុណ្ណោះអាជ្ញាកណ្តាលការប្រកួតដដែល ក៏ទទួលយកការពិន័យពីសំណាក់ស្ថាប័នលីគនិងស្ថាប័នគ្រប់គ្រងអាជ្ញាកណ្តាលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com