កីឡាអន្តរជាតិ
ស៊ីហ្គេម២០២៣
អន្តរជាតិ
ក្រុមបាល់ទាត់ ​U-23 ថៃ ដាក់គោលដៅឈ្នះមេដាយមាសស៊ីហ្គេមនៅកម្ពុជា
05, Apr 2023 , 3:11 pm        
រូបភាព
​សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) នៅថ្ងៃទី៤ ខែមេសា ជឿជាក់ថាក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោយ ២៣ឆ្នាំថៃ (U-23) ផ្នែកបុរស នឹងដណ្តើមមេដាយមាសស៊ីហ្គេមលើកទី៣២ ដែលធ្វើនៅទីដីកម្ពុជាឱ្យបាន។ ម្ចាស់មេដាយប្រាក់ឆ្នាំ២០២១នៅវៀតណាមនេះ នឹងប្រើប្រាស់កីឡាករ U-23 ដែលប្រកួតឈ្នះក្រុមកាតាកាលពីខែមីនា កន្លងទៅមកកាន់កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣នេះ។

 
​លោក ​Yuthana Yimkarun ប្រធាន FAT និងជាអ្នកចាត់ការ​ក្រុមជម្រើសជាតិថៃអាយុក្រោម ២៣ឆ្នាំ​ រួមជាមួយគ្រូបង្វឹកលោក Issara Sritaro បានចូលរួមក្នុងសន្និសីទកាសែតរួមមួយ​ ដែលនិយាយអំពីការត្រៀមខ្លួនរបស់ក្រុមក្នុងការប្រកួតស៊ីហ្កេមនៅកម្ពុជា។ ​
 
នាសន្និសីទកាសែតនោះលោក Yuthana Yimkarun បាននិយាយថា ការប្រកួតពានរង្វាន់អាស៊ីអាគ្នេយ៍ពិតជាសំខាន់ និងជឿជាក់ថាក្រុមនឹងអាចដណ្តើមមេដាយមាស។ ការទទួលបានមេដាយមាសទៀតសោត ក៏ដើម្បីជាការត្រៀមខ្លួន សម្រេចក្តីស្រមៃឈ្នះការប្រកួតទៅកាន់ព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំក្រោយផងដែរ។​ លោក Yimkarun ក៏បានផ្តាំបន្ថែមទៅកាន់ក្រុម U-23 ថៃថា​ ក្រុមបាល់ទាត់តំបន់អាស៊ានមិនអាចមើលស្រាលបានឡើយ។
 
«សម្រាប់គម្រោងការប្រយុទ្ធរបស់ក្រុម ត្រូវបាន FAT យកចិត្តទុកដាក់យ៉ាងសំខាន់ ហើយក្រុមបានត្រៀមខ្លួនតាំងពីខែសីហាមកម្ល៉េះ ព្រោះយើងមានគោលដៅដើម្បីអភិវឌ្ឍក្រុមនេះ ដើម្បីអាចឈ្នះសំបុត្រទៅកាន់កីឡាអូឡាំពិកនៅឆ្នាំក្រោយ។ យើងធ្វើបានល្អនៅក្នុងការប្រកួតកម្តៅសាច់ដុំក្នុងពាន Doha Cup នៅប្រទេសកាតា […] ប៉ុន្តែនៅកម្រិតអាស៊ាន យើងមិនអាចមើលស្រាលបានឡើយ យើងត្រូវធ្វើកិច្ចការរបស់យើងឱ្យបានល្អ។ […] ។ 
 
៣ប្រកួតនៅ Doha Cup ដែលធ្វើនៅប្រទេសកាតា ក្រុម U-23 ថៃបានយកឈ្នះម្ចាស់ផ្ទះ ១-០ ស្មើអារ៉ាប៊ីសាអូឌីត ២-២​ និងចាញ់កូវែត ១-០។
 
សម្រាប់ក្រុមបាល់ទាត់ថៃអាយុក្រោម ២៣ឆ្នាំ នឹងត្រូវប្រជែងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២នៅប្រទេសកម្ពុជា ដោយត្រូវចាប់ឆ្នោតជ្រើសរើសពូលនៅថ្ងៃទី៥ ខែមេសា វេលាម៉ោង ៣រសៀលនេះ។ 
 
ថៃស្ថិតនៅក្នុង ក្រឡទីពីរជាមួយក្រុមឥណ្ឌូណេស៊ី ខណៈដែលក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតនៅក្រឡ ទីមួយជាមួយនឹងក្រុមការពារតំណែងជើងឯកវៀតណាម។ ចំណែកក្រុមផ្សេងទៀតដែលត្រៀមសម្រាប់ការចាប់ឆ្នោត រួមមានក្រឡទី៣មាន ម៉ាឡេស៊ី ជាមួយម៊ីយ៉ាន់ម៉ា ហើយក្រឡទី៤ សីង្ហបុរីជាមួយហ្វីលីពីន និងក្រឡទី៥ មាន ឡាវ និងទីម័រខាងកើត។
 
U-23 ថៃ ទទួលបានត្រឹមរងជើងឯក ក្រោយចាញ់ម្ចាស់ផ្ទះវៀតណាមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស ក្នុងលទ្ធផល ១-០ ក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ (លើកទៅធ្វើនៅឆ្នាំ២០២២ ដោយសារកូវីដ-១៩)៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com