ចាប់ពីខែមីនា ឆ្នាំ២០២២មក ធនាគារកណ្តាលអាម៉េរិក បានដំឡើងអត្រាការប្រាក់គោល ដើម្បីបន្ទាបអត្រាអតិផរណា ដែលបានកើនឡើងខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ។ ការដំឡើងនេះ បាននាំឱ្យអត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិកើនឡើង ហើយកម្ពុជា ក៏រងឥទ្ធិពលពីគោលនយោបាយនេះដែរ ដោយមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន បានបង្កើនអត្រាការប្រាក់ជាដុល្លារអាម៉េរិករបស់អតិថិជន។
ជុំវិញករណីនេះ លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មិនសូវសប្បាយចិត្តប៉ុន្មានឡើយ ប៉ុន្តែក៏ពុំអាចធ្វើអ្វីបានដែរ។ នោះក៏ព្រោះតែកម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់ និងការផ្តល់ឥណទានពីធនាគារ និងហិរញ្ញវត្ថុភាគច្រើន គឺជាប្រាក់ដុល្លារអាម៉េរិក។ សម្រាប់ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នេះជាឥទ្ធិពលអវិជ្ជមាន ដែលកម្ពុជាទទួលពីដុល្លារូបនីយកម្មខ្ពស់នៅក្នុងប្រទេស ហើយវាបានធ្វើឱ្យកម្ពុជាបាត់បង់ភាពជាម្ចាស់ការ ក្នុងការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។
ក្នុងពិធីផ្សព្វផ្សាយស្តីពីការប្រាក់រៀល ចំណេះដឹកផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង ក្នុងឱកាសខួបទី៤៣ នៃការដាក់ឱ្យប្រើប្រាស់ប្រាក់ឡើងវិញ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៥មេសា លោកស្រី ជា សិរី បានថ្លែងថា៖ «យើងអត់មានលទ្ធភាពតវ៉ា ឬធ្វើអ្វីទាំងអស់ នៅពេលដែលធនាគារកណ្តាលអាម៉េរិក សម្រេចផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុ (ធ្វើឱ្យលុយរបស់គេថោក ឬថ្លៃ) ព្រោះយើងចាយលុយគេ។ យើងត្រូវទទួលយក រាល់ការកំណត់របស់ធនាគារកណ្តាលអាម៉េរិក»។
ក្នុងស្ថានភាពបែបនេះ ប្រសិនបើប្រាក់រៀលត្រូវបានចាយ ឬប្រើប្រាស់ច្រើនក្នុងសកម្មភាពសេដ្ឋកិច្ចវិញ នោះធនាគារជាតិ នឹងមានលទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងអត្រាការប្រាក់នៅលើទីផ្សារ តាមរយៈការជះឥទ្ធិពលពីអត្រាការប្រាក់ជារៀល របស់ធនាគារជាតិ ទៅអត្រាការប្រាក់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
«ប្រឈមនឹងបញ្ហានេះ ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ មានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកបង្កើនលទ្ធភាពរបស់ធនាគារជាតិ លើការគ្រប់គ្រងការប្រែប្រួលអត្រាការប្រាក់ និងរក្សាស្ថិរភាពថ្លៃ ដើម្បីរក្សាភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ»។ លោកស្រី ជា សិរី បញ្ជាក់បែបនេះ ដោយបានអំពាវនាវដល់ក្រសួង-ស្ថាប័នសាធារណៈ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកកាន់តែសកម្ម ក្នុងការប្រើប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន។ ដូចជា៖ តាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញនិងសេវា ការផ្តល់ឥណទាន និងការសន្សំ គឺជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានចំពោះការប្រើប្រាស់ប្រាក់រៀល។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានបង្ហាញថា កម្ពុជា ជាប្រទេសដែលមានកម្រិតដុល្លារូបនីយកម្មខ្ពស់ជាងគេនៅអាស៊ី ខណៈកម្រិតដុល្លារូបនីយកម្មនៅប្រទេសជិតខាង ដូចជាឡាវ និងវៀតណាម មាននិន្នាការថយចុះ។ ដោយសេដ្ឋកិច្ចកម្ពុជាគ្រប់ដណ្តប់ទៅដោយការប្រើប្រាក់ដុល្លារយ៉ាងច្រើន ប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស គឺមានចំនួនច្រើនក្នុងប្រព័ន្ធធនាគារ ដែលឆ្លុះបញ្ចាំងតាមរយៈប្រាក់បញ្ញើសរុបនៃរូបិយប័ណ្ណ ធៀបនឹងរូបិយវត្ថុដែលចរាចរក្នុងប្រទេស។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិ កម្ពុជាសម្រាប់ឆ្នាំ២០២២ អនុបាតប្រាក់បញ្ញើជារូបិយប័ណ្ណធៀបនឹងរូបិយវត្ថុទូទៅ មានចំនួន៨៤,១ភាគរយ។ អត្រានេះ បានកើន១,១ភាគរយ ធៀបនឹងឆ្នាំ២០២១ មាន៨៣ភាគរយ ខណៈការចរាចរប្រាក់រៀល មានសមាមាត្រត្រឹម៧,៧ភាគរយ នៃរូបិយវត្ថុទូទៅ៕