ជាតិ
អត្ថបទពាណិជ្ជកម្ម
សាលាអន្តរជាតិ វេសវីយូ កម្ពុជា ប្រគល់មេដាយ និងរង្វាន់ជូនម្ចាស់ជ័យលាភី ពីការប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង
06, Apr 2023 , 2:29 pm        
រូបភាព
ភ្នំពេញ៖ សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានរៀបចំពិធីប្រគល់មេដាយ និងរង្វាន់ជូនម្ចាស់ជ័យលាភី ក្នុងការប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង (American Mathematics Competition) ហៅកាត់ថា AMC   នាថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៣ ដែលក្នុងនោះរួមមាន មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ វិញ្ញាបនបត្រតាមប្រភេទមេដាយ  និងតុក្កតាដ៏ស្រស់ស្អាត។

រីឯសិស្សមួយចំនួនដែលទទួលបានពិន្ទុខ្ពស់ជាងគេបំផុត ប្រចាំកម្រិតថ្នាក់របស់ខ្លួន ទទួលបានឧបករណ៍អានសៀវភៅអេឡិចត្រូនិក (Kindle) បន្ថែមពីលើនេះទៀតផង។ 
 
នៅក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកគ្រូ អ្នកគ្រូ និងអ្នកមាតាបិតាអាណាព្យាបាលសិស្ស ព្រមទាំងមានការចូលរួមច្រៀងអបអរសាទរ ពីសំណាក់តារាចម្រៀងល្បីឈ្មោះមកពីផលិតកម្មបារមី កញ្ញា កៅ សុភា ផងដែរ។
 


លោក JOSEPH  CONTE ប្រធានគ្រូមុខវិជ្ជាវិទ្យាសាស្ត្រ  បានឱ្យដឹងថា នេះជាលើកទី២ហើយដែលសាលាបានរៀបចំការប្រកួតនេះឡើង។ ការរៀបចំឱ្យមានកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង ដើម្បីជំរុញឱ្យសិស្សសាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសិស្សសាលាដ៏ទៃទៀត បានចូលរួមបានបញ្ចេញសមត្ថភាពលើមុខវិទ្យាគណិតវិទ្យា និងវាស់ស្ទង់សមត្ថភាពរបស់ខ្លួនតាមស្តង់ដារកំរិតអន្តរជាតិ។

 
លោកមានប្រសាសន៍បន្តថា «ការប្រកួតនៅឆ្នាំនេះ មានសិស្សចូលរួមប្រកួតចំនួន៣១០នាក់ ដែលជាសិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១០ មកពីសាលាជាង២០នៅកម្ពុជា។ ការប្រកួតប្រជែងនេះ គឺធ្វើឡើងតាមកុំព្យូទ័រ ទាំងវិញ្ញាសារ  និងលទ្ធផល  មានភាពសុក្រិត  ហើយសិស្សមិនអាចចម្លងគ្នានោះទេ    គឺផ្អែកទៅតាមសមត្ថភាពសិស្សរៀងៗខ្លួន ។»
 
លោកបានកត់សម្គាស់បន្តថា «ដោយសារតែតេស្តដែលយើងប្រើនេះ គឺស្តង់ដារអន្តរជាតិ ដែលមិនត្រឹមតែនៅប្រទេសកម្ពុជា ទេ សូម្បីតែនៅសាលាដទៃទៀតនៅទូទាំងពិភពលោក ក៏គេប្រើតេស្តនេះដូចគ្នា ហើយលទ្ធផលដែលយើងទទួលបានឃើញថាសិស្សយើងពិតជាមានការប្រកួតប្រជែង ហើយសមត្ថភាពរបស់គាត់ គឺល្អមែនទែន។ ពិន្ទុដែលគាត់ធ្វើបានក៏ពិន្ទុច្រើនដែរ។ តាមអ្វីដែលយើងសង្កេតឃើញថា សមត្ថភាពរបស់សិស្សយើង គឺអាចប្រកួតប្រជែងជាមួយសិស្សដែលមកពីប្រទេសដទៃបាន។»
  


បេក្ខនារី កុយ សុវណ្ណមុនីនាថ ជាសិស្សមកពីសាលា អន្តរជាតិ វេសវីយូ កម្ពុជា បានបង្ហាញអារម្មណ៍រីករាយដែលខ្លួនទទួលបានមេដាយមាសពីការប្រកួតគណិតវិទ្យាកម្រិតអន្តរជាតិនេះ។ កុមារីរូបនេះ លើកឡើងថា នៅឆ្នាំក្រោយខ្លួនបន្តចូលរួមប្រកួតទៀត។
 
ទន្ទឹមគ្នានេះ អ្នកស្រី ហួត ពីលីណា ដែលជាម្តាយរបស់កុមារី កុយ សុវណ្ណមុនីនាថ បានលើកឡើងយ៉ាងដូច្នេះថា៖ «រំភើបឡើងនិយាយលែងចេញហើយ ដោយសារតែគាត់រៀនពូកែ ហើយទទួលបានមេដាយមាសរហូត ហើយឥលូវនេះទទួលបានមេដាយអន្តរជាតិទៀត។ ក្នុងនាមជាឪពុកម្តាយ ពិតជារំភើបនូវអ្វីដែលកូនទទួលបាន។ ហើយក៏អរគុណដល់សាលាដែរ ដែលអ្នកគ្រូៗគាត់ខំយកចិត្តទុកដាក់បង្រៀនឱ្យគាត់មានថ្ងៃនេះ ហើយនឹងព្យាយាមឱ្យគាត់ខិតខំបន្តប្រឹងប្រែងប្រឡងទៅថ្ងៃមុនឱ្យបានពិន្ទុល្អជាបន្តទៅទៀត។»
 
ក្នុងទឹកមុខរំភើបរីករាយ បន្ទាប់ពីកូនប្រុសទទួលបានមេដាយមាសពីការប្រកួតប្រជែងគណិតវិទ្យាកម្រិតអន្តរជាតិនេះ អ្នកស្រី ប៉ែន ពុទ្ធារី លើកឡើង ដែរថា កម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង បានធ្វើឡើងដោយសុក្រិត ហើយអ្វីដែលសិស្សទទួលបានគឺតាមសមត្ថភាពរបស់ខ្លួន ហើយការប្រកួតនេះ បានធ្វើឱ្យកុមារកាន់តែខិតខំរៀនលើមុខវិទ្យាគណិតផងដែរ។ 
 
អ្នកស្រីលើកឡើងបន្តថា «ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយសឹងតែថា ហូរទឹកភ្នែក ព្រោះគាត់ធ្វើបានដោយខ្លួនឯង ហើយកម្មវិធីនេះ ពិតជាសុក្រិត ហើយទទួលស្គាល់ពីខាងសហរដ្ឋអាមេរិក ដូចគ្នា។ ខ្ញុំកត់សម្គាល់ឃើញថា ការតេស្តនេះ គឺធ្វើឡើងតាមអនឡាញ តាមកម្មវិធីកុំព្យូទ័រ អ៊ីចឹងខ្ញុំគិតថា គាត់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឈានទៅរកការប្រកួតកម្រិតទូទាំងពិភពលោក។»
 
គួររំឮកផងដែរថា កម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង (AMC) បានប្រព្រឹត្តឡើង នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ ក្រោមការរៀបចំដោយផ្ទាល់ពីសាលាអន្តរជាតិ វេសវីយូ កម្ពុជា។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សទូទៅឲ្យទទួលបានបទពិសោធន៍ក្នុងការធ្វើតេស្ដគណិតវិទ្យាបែបអាមេរិកកាំង ព្រមទាំងលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យខិតខំសិក្សា ក្នុងមុខវិជ្ជាគណិតវិទ្យាផងដែរ។
 


បេក្ខជនដែលចូលរួមប្រកួត ត្រូវបានតម្រូវឲ្យធ្វើការប្រកួតប្រជែងសមត្ថភាពតាមរយៈការធ្វើតេស្តគណិតវិទ្យាបែបអាមេរិកកាំង នៅលើប្រព័ន្ធកុំព្យូទ័រ ដែលមានឈ្មោះថា NWEA MAP   ជាតេស្តលំដាប់ពិភពលោកមួយ ដែលមានប្រភពមកពីសហរដ្ឋអាមេរិក និងត្រូវបានទទួលស្គាល់ដោយសាលាអន្តរជាតិធំៗ នៅតាមបណ្តាប្រទេសជឿនលឿនចំនួន ១៤៥ ជុំវិញសកលលោក។ ការធ្វើតេស្តគណិតវិទ្យាបែបអាមេរិកកាំង នៅលើប្រព័ន្ធនេះ   មានតែសាលាអន្តរជាតិលំដាប់កំពូល និងមានស្តងដ្តារខ្ពស់ប៉ុណ្ណោះដែលទទួលបានសិទ្ធិក្នុងការប្រើប្រាស់។ តេស្ត NWEA MAP នេះគឺជាតេស្តមួយដែលមានភាពសុក្រឹតភាពបំផុត ដោយហេតុថាទាំងវិញ្ញាសារ និងលទ្ធផលនៃតេស្តនេះធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ ដែលរាល់សំណួរនីមួយៗត្រូវបានជ្រើសរើសឡើងដោយស្វ័យប្រវត្តិ ទើបសិស្សានុសិស្សនីមួយៗពុំអាចចម្លងគ្នាបាន និងមិនមានភាពលំអៀងណាមួយនោះឡើយ។
 
សាលាអន្តរជាតិ វេសវីយូ កម្ពុជាបានរៀបចំកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង (AMC) នេះឡើង បន្ទាប់ពីបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្ស និងអាណាព្យាបាល។ ក្នុងការប្រកួតនាឆ្នាំនេះ មានបេក្ខជន បេក្ខនារី ពីថ្នាក់ទី៤ ដល់ថ្នាក់ទី១០ មកពីសាលាអន្តរជាតិធំៗជាង២០ក្នុងប្រទេសកម្ពុជា ដែលរួមមាន សាលា Northbridge, AISPP, CIS, CIA FIRST និង Footprint ជាដើម បានចូលរួមក្នុងការប្រកួតយ៉ាងច្រើនកុះក។
 
ជាមួយគ្នានេះ នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ សាលាអន្តរជាតិ វេសវីយូ កម្ពុជា  នឹង មានរៀបចំការប្រកួតប្រជែងផ្នែកវិទ្យាសាស្រ្ត   ដែលសិស្សានុសិស្ស ពីសាលាផ្សេងៗក៏អាចចុះឈ្មោះចូលឈ្មោះចូលរួមប្រកួតបានផងដែរ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងកម្មវិធីប្រកួត និងការចុះឈ្មោះ សូមតាមដាន ទំព័រហ្វេសប៊ុក និងតេឡេក្រាមផ្លូវការរបស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា ៕

តេលេក្រាម៖ https://t.me/westviewcambodian
ហ្វេសប៊ុកផេក៖ https://www.facebook.com/westviewcambodian 











 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com