ជាតិ
អត្ថបទពាណិជ្ជកម្ម
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ផ្សព្វផ្សាយបញ្ហាគ្រឿងញៀនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
07, Apr 2023 , 10:19 am        
រូបភាព
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានប្រគល់ជូននូវខិត្តបណ្ណព័ត៌មាន ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនចំនួន ៨០,០០០សន្លឹក និងសម្ភារមួយចំនួន ដល់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការផ្តល់ជូននេះ ធ្វើឡើងក្នុងគោលបំណងដើម្បី ផ្សព្វផ្សាយបញ្ជ្រាបពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្តក្រុង រៀបចំដោយសាលារាជធានីភ្នំពេញ ជាមធ្យោបាយទៅលេងស្រុកកំ​ណើត ​ជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលនឹងប្រព្រឹត្តទៅនៅពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។
 
ពិធីប្រគល់នេះ បានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ អិលអូអិលស៊ី ដោយលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី និងលោក ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន​នីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 
 


លោក សុខ វឿន បានថ្លែងថា៖« ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងាររួមរបស់យើងទាំងអស់គ្នា ដោយមិនអាចចាត់ទុកជាការងារផ្តាច់​មុខ​របស់នរណាម្នាក់ ឬក្រុមណា​មួយ​ឡើយ​។ ការដោះស្រាយ គឺត្រូវផ្តើមពីយើងទាំងអស់គ្នា ការលុបបំបាត់គ្រឿងញៀនជាបញ្ហារួមចម្បង ដែលយើងគ្រប់គ្នាត្រូវចូលរួមដោះស្រាយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ»។
 
លោក​ សុខ វឿន  បានសំណូមពរ ឱ្យអ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូបរួមសហការគ្នា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀន ដែលនាំឱ្យបំផ្លាញសហគមន៍។ លោក ​សុខ វឿន បានបន្ថែមទៀតថា អិលអូអិលស៊ី នឹងបន្តគាំទ្រដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងពេញទំហឹងដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 
 
លោក លឹម តុងហួត បានថ្លែងថា៖ «អិលអូអិលស៊ី គឺជាដៃគូសហការដ៏ល្អ ដែលតែងតែគាំទ្រដល់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើការងារផ្សព្វ​ផ្សាយ​អប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានជួយការងារសង្គមនានា មានដូចជាការផ្តល់នូវអណ្តូងទឹកស្អាត កន្លែងលាងដៃ តាមសាលារៀន ការប្រយុទ្ធប្រឆាំងការរីករាលជំងឺរាត​ត្បាតកូវីដ-១៩ ចរាចរណ៍ និងជួយដល់សកម្មភាពសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ជាដើម។»។


 
លោក លឹម តុងហួត បានបន្ថែមថា ការចូលរួមអនុវត្តនូវយុទ្ធសាស្រ្តពហុវិស័យ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺត្រូវការចូលរួមជាចាំបាច់ពីគ្រប់វិស័យ ជាពិសេសពីវិស័យឯកជន ដូចដែលអិលអូអិលស៊ី ដែលបាននិងកំពុងបន្តធ្វើទាំងពេលនេះ និងពេលអនាគត សំដៅធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋគ្រប់រូប គ្មានគ្រឿងញៀន គ្មានហិង្សា គ្មានឧក្រិដ្ឋកម្ម។ 
 
សូមបញ្ជាក់ថា នេះជាលើកទី៩ហើយដែល អិលអូអិលស៊ី បានសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការផ្តល់ជូននូវខិត្តបណ្ណព័ត៌មាន ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕
 
( អត្ថបទពាណិជ្ជកម្ម ) 
 





 

© រក្សាសិទ្ធិដោយ thmeythmey.com