ជាតិ
អត្ថបទពាណិជ្ជកម្ម
ព្រូដិនសល បើកសម្ពោធជាផ្លូវការសាខាខេត្តកំពត នៅឆ្នាំទី១០នៃការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា
07, Apr 2023 , 3:00 pm        
រូបភាព
ក្រុមហ៊ុន ព្រូដិនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកសាខារបស់ខ្លួននៅក្នុងខេត្តកំពត នៅឆ្នាំទី១០នៃការធ្វើប្រតិបត្តិការអាជីវកម្ម របស់ខ្លួននៅកម្ពុជា។
 
កម្មវិធីសម្ពោធសាខា ព្រូដិនសល ខេត្តកំពតនេះ​បានប្រព្រឹត្តទៅក្រោមអធិបតីភាព​៖
  • ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា​
  • ឯកឧត្ដម​ អ៊ឹង​ ឆាយ អភិបាលរង នៃគណអភិបាលខេត្តកំពត
  • លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិ​ នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា
  • គណៈគ្រប់គ្រង​ នៃនិយ័តករធានារ៉ាប់រងកម្ពុជា​​ និងខេត្តកំពត
  • គណៈគ្រប់គ្រង​ នៃធនាគារអេស៊ីលីដា និងថ្នាក់ដឹកនាំទីប្រឹក្សាធានារ៉ាប់រង របស់ព្រូដិនសល
  • ព្រមទាំងភ្ងៀវកិត្តិយសជាច្រើនទៀត។
ជាមួយនឹងបណ្តាញចែកចាយដ៏រឹងមាំដែលមានភ្នាក់ងារទីប្រឹក្សាធានារ៉ាប់រងជាង ៥.០០០ នាក់ ក្រុមហ៊ុនព្រូដិនសល ក៏មានទីតាំងសាខាចំនួន ៥ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់គ្រួសារកម្ពុជា និងជំរុញឱ្យមានការដាក់បញ្ចូលហិរញ្ញវត្ថុកាន់តែច្រើននៅក្នុងប្រទេស។ 
 
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១៣ មក ក្រុមហ៊ុនព្រូដិនសល បានផ្តល់សេវាធានារ៉ាប់រងអាយុជីវិតដល់អតិថិជនជាង  ៣០០​.០០០ នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 
 
ជាមួយនឹងការពង្រីកសាខាចុងក្រោយនេះ ក្រុមហ៊ុនព្រូដិនសល មានគោលបំណងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនខេត្តកំពត កាន់តែប្រសើរនិងឆាប់រហ័ស។

កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លានៅក្នុងខេត្តកំពត

ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា៖ «កំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននៅក្នុងតំបន់ តួយ៉ាងដូចជាខេត្តកំពត បានផ្តល់នូវឱកាសសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងក្នុងការផ្តល់ការការពារ និងជំនួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារកម្ពុជា»។ 
 
ឯកឧត្តមបាន​បន្ថែមថា៖ «ជាមួយនឹងបណ្តាញសាខាក្រុមហ៊ុនចំនួន ៥ និងភ្នាក់ងារជាង ៥.០០០ រូប​ បានសរបញ្ជាក់ឱ្យ​ឃើញ​ថា ក្រុមហ៊ុនព្រូដិនសល បានខិតខំប្រឹងប្រែងផ្តល់នូវផលិតផលហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដល់ប្រជាជនទូទាំងប្រទេស។ 
 
ដោយមានការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសមត្ថភាពឌីជីថលឈានមុខគេមួយនៅលើទីផ្សារ ក្រុមហ៊ុនក៏បានជួយជំរុញក្នុងការទំនាក់ទំនងទៅកាន់មនុស្សកាន់តែច្រើន ​ដើម្បីលើកកម្ពស់ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា»។


 
ខេត្តកំពតមានកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍ចុងក្រោយនេះ ដែលជំរុញដោយនគរូបនីយកម្ម វិស័យទេសចរណ៍អន្តរជាតិ និងផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ ដូចជាម្រេចដ៏ល្បីល្បាយរបស់ខ្លួនដែលត្រូវបាននាំចេញទៅទូទាំងពិភពលោក។ 
 
ជាមួយនឹងការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនេះ តម្រូវការផលិតផលហិរញ្ញវត្ថុថ្មីដែលនាំមុខគេលើទីផ្សារ ដូចជា PRUអនាគតកូនខ្ញុំ និង PRUSave របស់ក្រុមហ៊ុនព្រូដិនសល បានផ្តល់នូវការសន្សំ និងការធានារ៉ាប់រងអាយុជីវិត ដែលមានតម្លៃសមរម្យមួយ។


 
លើសពីនេះ ការបង្កើនការយល់ដឹងអំពីតម្រូវការចាំបាច់សម្រាប់ការធានារ៉ាប់រងអាយុជីវិត និងសុខភាពក៏ជាកត្តាជំរុញដល់ការពង្រីកសាខាបន្ថែមទៀតរបស់ក្រុមហ៊ុន ព្រូដិនសល ដែលមាននៅតាមបណ្តាខេត្តក្រុងផ្សេងទៀត ក្រៅពីរាជធានីភ្នំពេញផងដែរ។
 
លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសល បានមានប្រសាសន៍ថា៖ «ការប្តេជ្ញាចិត្តរបស់យើងចំពោះប្រទេសកម្ពុជាគឺមិនផ្លាស់ប្តូរនោះទេ ហើយការបើកសាខាទី ៥ របស់យើងនៅក្នុងខេត្តកំពត គឺជាសក្ខីភាពមួយចំពោះការបន្តការប្តេជ្ញាចិត្ត របស់យើងចំពោះប្រជាជនកម្ពុជាទាំងអស់។ ស្របពេលនេះដែរ​ យើងក៏មានមោទនភាពក្នុងការប្រារព្ធខួបលើកទី ១០ របស់យើងនៅក្នុងប្រទេសកម្ពុជា និង ១៧៥ ឆ្នាំនៃប្រវត្តិសាស្រ្តទូទាំងពិភពលោក ហើយយើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រារព្ធខួបនេះ និងពិធីបើកសាខាខេត្តកំពតជាមួយ និយ័តករ មន្ត្រីរដ្ឋាភិបាលជាទីគោរព អតិថិជន និងដៃគូសហការរបស់យើងនៅក្នុងប្រទេសកម្ពុជា»។



ការវិនិយោគលើបណ្តាញសាខា និងឌីជីថល
 
ការបន្តវិនិយោគ របស់ក្រុមហ៊ុនព្រូដិនសលទាំងលើបណ្តាញសាខា និងឌីជីថល ដ៏ឈានមុខគេមួយលើទីផ្សាររបស់ខ្លួន បាននឹងកំពុងជួយឱ្យវិស័យធានារ៉ាប់រងកម្ពុជាឈានទៅសម្រេចបាននូវអត្រាការជ្រាតចូលក្នុងទីផ្សារ  ដែលបានគ្រោងទុក ចំនួន 5.5% ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រងចំនួន ១៣៥ ដុល្លារនៅឆ្នាំ ២០៣០។ 
 
ជាមួយនឹងការបន្តវិនិយោគនៅកម្ពុជា ក្រុមហ៊ុនព្រូដិនសល នឹងប្តេជ្ញាស្វែងរកផលិតផលថ្មី ដើម្បីជួយប្រជាជនឲ្យទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីជីវិត។
 
ការបើកសម្ពោធសាខាខេត្តកំពត របស់ ព្រូដិនសល គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវការការពារ និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គ្រួសារកម្ពុជា។ នៅពេលដែលក្រុមហ៊ុនព្រូដិនសលកម្ពុជាបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននឹងបន្តផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ប្រជាជន៕

 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com