កីឡាអន្តរជាតិ
អន្តរជាតិ
អាស៊ាន អញ្ជើញមហាអំណាចនុយក្លេអ៊ែរចុះហត្ថលេខាលើសន្ធិសញ្ញាអាស៊ីអាគ្នេយ៍គ្មាននុយក្លេអ៊ែរ
07, Apr 2023 , 9:29 pm        
រូបភាព
លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី។ រូបភាពយកពី Cabinet Secretariat of Indonesia
លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី។ រូបភាពយកពី Cabinet Secretariat of Indonesia
អាស៊ាន នឹងចាប់ផ្តើមចរចាជាមួយរដ្ឋមានអាវុធនុយក្លេអ៊ែរ ក្នុងការចុះហត្ថលេខាលើពិធីសារសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ Treaty)។ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី​  Retno Marsudi បានបញ្ជាក់បែបនេះ នៅថ្ងៃទី៦ ខែមេសា។ --
 
សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលស្គាល់ថាជាសន្ធិសញ្ញាក្រុងបាងកក ត្រូវបានចុះហត្ថលេខាដោយសមាជិកអាស៊ានទាំងអស់ នៅក្នុងខែធ្នូ ឆ្នាំ១៩៩៥។ សន្ធិសញ្ញាមួយនេះ បានចែងថា រដ្ឋហត្ថលេខី មិនអាចអភិវឌ្ឍ ផលិត ទទួល កាន់កាប់ ឬគ្រប់គ្រងស្ថានីយអាវុធនុយក្លេអ៊ែរ ឬដឹកជញ្ជូនអាវុធនុយក្លេអ៊ែរដោយមធ្យោបាយណាមួយ ឬសាកល្បង និងប្រើប្រាស់អាវុធមួយនេះឡើយ។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងក្រុងហ្សាការតា នៅថ្ងៃទី៦ ខែមេសា លោកស្រី   Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានលើកឡើងពីការចូលរួមរបស់ប្រទេសកាន់កាប់អាវុធនុយក្លេអ៊ែរ ក្នុងការចូលរួមនៅក្នុងសន្ធិសញ្ញា SEANWFZ។ 
 
«ក្រោមសសរស្តម្ភដ៏សំខាន់របស់អាស៊ាន បញ្ហាមួយចំនួន នៅតែជាអាទិភាព និងនៅតែបន្តពិភាក្សា ក្នុងនោះរួមទាំងការចុះហត្ថលេខាលើពិធីការសន្ធិសញ្ញាSEANWFZ ដោយរដ្ឋមានអាវុធនុយក្លេអ៊ែរ ដែលត្រូវបានផ្អាកចាប់តាំងពីឆ្នាំ២០១២ មក»។ ប្រមុខការទូតឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះ។ 
 
ពិធីសារនៃសន្ធិសញ្ញា SEANWFZ ជាការផ្តល់ការធានាផ្នែកច្បាប់ ដើម្បីប្រាកដថារដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរ មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងការគំរាមកំហែងចំពោះរដ្ឋជាសមាជិកសន្ធិសញ្ញា។
 
ពិធីសារ គឺបើកចំហឱ្យចុះហត្ថលេខាដោយមហាអំណាចនុយក្លេអ៊ែរទាំង ៥ ក្នុងនោះមានដូចជា រុស្ស៊ី ចិន អង់គ្លេស បារាំង និងអាម៉េរិក។ ពាក់ព័ន្ធនឹងការចុះហត្ថលេខានេះ ចិន អាចនឹងក្លាយជាប្រទេសដំបូងក្នុងការចុះហត្ថលេខាលើ ពិធីការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ 
 
នៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាននៅក្នុងឆ្នាំ២០២២ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំងគាំទ្រកិច្ចខិតខំរបស់អាស៊ាន ក្នុងការកសាងតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងត្រៀមខ្លួនជាស្រេចក្នុងការចុះហត្ថលេខាលើពិធីសារ SEANWFZ ឱ្យបានកាន់តែឆាប់រហ័ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Antara News។ 
 
បន្ថែមពីនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងខែសីហា ឆ្នាំ២០២២ អាស៊ានបានឯកភាពបន្តផែនការសកម្មភាព (PoA) ចំពោះសន្ធិសញ្ញា SEANWFZ សម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ផង។ ផែនការសកម្មភាព ជាការបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋអាស៊ាន ក្នុងការរក្សាតំបន់មួយនេះ មិនឱ្យមានអាវុធនុយក្លេអ៊ែរ និងពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព៕ 
 

Tag:
 អាស៊ាន
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com