ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata និង Pleng បន្តការគាំទ្រកម្មវិធីបុណ្យភូមិសម្រាប់ឆ្នាំទី ១០
07, Apr 2023 , 4:55 pm        
រូបភាព
ភ្នំពេញ​ ថ្ងៃទី៧ មេសា ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅ              កម្ពុជា​ ដែលតែងតែចូលរួមលើកកម្ពស់ការរស់នៅបែបឌីជីថល និងការចូលរួមការងារសង្គមនៅកម្ពុជា​ បន្ត​ការគាំទ្រកម្មវិធី​ «​បុណ្យភូមិ»​ លើកទី១០  ដែលកម្មវិធីនេះតែងតែរៀបចំឡើងនៅដើមខែមេសា ដើម្បីស្វាគមន៍ និងអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។​

សម្រាប់ឆ្នាំ​ ២០២៣ កម្មវិធីបុណ្យភូមិ បានប្រារព្ធខួប ១០​ ឆ្នាំរបស់ខ្លួន​ ដែលត្រូវបានរៀបចំឡើងដោយក្រុមយុវជនភ្លើងគប់ និងឡេឡេបុណ្យភូមិ។ គួរបញ្ជាក់ផងដែរថាថ្មីៗនេះ កម្មវិធីបុណ្យភូមិបានពង្រីកនូវវិសាលភាពរបស់ខ្លួន ហើយស្របគ្នានេះដែរកម្មវិធីនេះនៅតែទទួលការការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន Smart Axiata និងកម្មវិធីចម្រៀង Pleng​ ផងដែរ។​ 
 
ដើម្បីញ៉ាំងបរិយាកាសឲ្យកាន់តែសប្បាយ កម្មវិធីបុណ្យភូមិ ឆ្នាំ២០២៣​ នឹងរៀបចំឡើងរយៈពេល ១០​ ថ្ងៃ ពីថ្ងៃទី​ ០១ ដល់ទី ១០ ខែមេសា ដែលអ្នកចូលរួម អាចទស្សនានូវទស្សនីយភាពសិល្បៈសម្តែងទាំងបុរាណ និងសម័យ។ នៅក្នុងសប្តាហ៍ទីមួយ​​ដែលជា «សប្តាហ៍សិល្បៈសម័យ»​ ត្រូវបានរៀបចំឡើងនៅ​ Factory Phnom Penh និងសប្តាហ៍ទីពីរគឺ  «សប្ដាហ៍ពិសេស» ត្រូវបានរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។
 
ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៩ ខែមេសា បុណ្យភូមិ​ ​រៀបចំនៅវត្តភ្នៀតសិម្ពលី ដែលមានចម្ងាយជាង ២០ គីឡូម៉ែត្រ ចំណាយពេល៤៥នាទី ពីរាជធានីភ្នំពេញ ហើយអ្នករៀបចំកម្មវិធីបានដាក់ឈ្មោះថាជា «សប្ដាហ៍បុរាណ»។
 


លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata  បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រកម្មវិធីលើកកម្ពស់វប្បធម៌​ និងប្រពៃណីខ្មែរមួយនេះអស់រយៈពេលជាច្រើនឆ្នាំ និងបង្កើតជាកម្មវិធីដ៏ពេញនិយមមួយនាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​។
 
«ក្រុមហ៊ុន Smart Axiata តែងតែមានមោទកភាពជានិច្ចក្នុងការចូលរួមលើកកម្ពស់នូវវប្បធម៌​ ទំនៀមទម្លាប់និងប្រពៃណីដ៏ល្អ​ ផូរផង់របស់ប្រទេសកម្ពុជា​ ដែលប្រកបដោយប្រវត្តិសាស្រ្តដ៏យូរអង្វែង។​ យើងពិតជាមានភាពរីករាយដែលអាចបន្តគាំទ្រកម្មវិធី​ «បុណ្យភូមិ» សម្រាប់ឆ្នាំទី ១០ ដោយយើងពិតជាជឿជាក់ថាកម្មវិធីមួយនេះ​ពិតជាមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមខ្មែរ និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ ខ្មែរទៅកាន់យុវជនជំនាន់ក្រោយ។»។
 
សូមបញ្ជាក់ផងដែរថា ​ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ បានក្លាយជាដៃគូគាំទ្រកម្មវិធីបុណ្យភូមិ​ តាំងពីឆ្នាំ ២០១៨ មក​ដោយពាំនាំនូវសកម្មភាព ក៏ដូចជាទស្សនីយភាពអំពីវប្បធម៌ខ្មែរប្លែកៗ​ ហើយទទួលបានការគាំទ្រជាច្រើនកុះករជារៀងរាល់កម្មវិធីប្រចាំឆ្នាំផងដែរ។ នៅពេលដែលជំងឺកូវីដ-១៩ បានរាតត្បាត ​ សមាគមភ្លើងគប់ និងក្រុមហ៊ុន ​Smart ​ក៏បានសម្រេចរៀបចំកម្មវិធីជាលក្ខណៈឌីជីថលវិញ។ 
 
សម្រាប់ឆ្នាំនេះវិញ អ្នកចូលរួមទាំងអស់អាចអញ្ជើញទៅទស្សនា “ភូមិ Smart” នៅ “បុណ្យភូមិសប្តាហ៍ទី ៣” ដើម្បីលេងហ្គេមកម្សាន្តសប្បាយៗ ដើម្បីឈ្នះ ទទួលបានកាដូ និងឈ្នះរង្វាន់ពិសេសៗជាច្រើន។
 
ជាងនេះទៅទៀត ជារៀងរាល់យប់ក៏នឹងមានការប្រគំតន្ត្រី “Pleng បុណ្យភូមិ”  ដែលចូលរួមដោយ សិល្បករ សិល្បការិនីប្រពៃណីដ៏ពិសេសជាច្រើនរូប ដែលសម្រាប់កម្មវិធីទាំង ៣ ថ្ងៃ ដោយថ្ងៃទី១ នឹងមានវត្តមាន ក្រុមតន្រ្តី សុន ស្រីណុន គ្រួសារត្រកូលខាត់ ពូឃ្លាំង សំណាង សូរិយា D-Man និងសាយ (Sai) ថ្ងៃទី ២ នឹងមានវត្តមាន វង់តន្ត្រី លោកគ្រូ ចេវ សុភក្រ័ កុសុម៉ា វិន វិទូ និង កែវ ទិត្យផល្លី និងថ្ងៃទី ៣ នឹងមានវត្តមាន ក្មេងខ្មែរ កេសរ ខាយ (Kai) ចំរើន សុភា តុង Redking សុភាព សន ពិសិដ្ឋ និង នៅ ដាណាផងដែរ។​ 
 
ជារៀងរាល់ឆ្នាំ Smart និង​Pleng តែងតែឧបត្ថម្ភ ក្នុងការផលិតបទចម្រៀងសម្រាប់កម្មវិធី បុណ្យភូមិ ហើយសម្រាប់ឆ្នាំនេះ មានចំនួនពីរបទ គឺ​បទទី១ “សុបិនស្នេហ៍បុណ្យភូមិ” ច្រៀងដោយ កេសរ និងខាយ និងបទទី២ “កន្រ្តឹមក្មេងខ្មែរ” ច្រៀងដោយ ក្មេងខ្មែរ ដែលទាំងពីបទនេះនឹងត្រូវបានសម្តែងផ្ទាល់នៅបុណ្យភូមិសប្តាហ៍ចុងក្រោយផងដែរ។ ប្រិយមិត្តក៏អាចស្តាប់ចម្រៀងទាំងពីរបទនេះមុនគេនៅក្នុង Pleng​ app ឥឡូវនេះ!  
 
បុណ្យភូមិសប្តាហ៍ទី ៣ ​ចាប់ផ្តើមពីថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី៧-៨-៩ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ ១០ យប់ នៅទីតាំង វត្តភ្នៀតសិម្ពលី ដែលធ្វើដំណើរប្រមាណ ៤៥ នាទី ពីភ្នំពេញ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com