ជាតិ
សង្គមជាតិ
កម្ពុជា រៀបចំបញ្ជូនអ្នកទោសថៃ៤៨នាក់ និងអ្នកទោសឡាវ៣៦នាក់ ទៅអនុវត្តទោសនៅប្រទេសពួកគេ
07, Apr 2023 , 5:44 pm        
រូបភាព
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ (រូបពីហ្វេសប៊ុករបស់លោក)
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ (រូបពីហ្វេសប៊ុករបស់លោក)
ដោយ៖ ទេពញាណ 

អ្នកទោសថៃ៤៨នាក់ (ស្រី២៣នាក់) និងអ្នកទោសឡាវ៣៦នាក់ (ស្រី៣នាក់) ដែលកំពុងជាប់ឃុំនៅកម្ពុជា នឹងត្រូវបញ្ជូនទៅអនុវត្តទោសក្នុងពន្ធនាគារនៃប្រទេសរបស់ពួកគេ។ នេះបើតាមព័ត៌មានពីលោក នុត សវនា អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ លោក នុត សវនា លើកឡើងថា មន្រ្តីក្រសួងយុត្តិធម៌ កំពុងរៀបចំឈ្មោះអ្នកទោសជនជាតិថៃនិងអ្នកទោសជនជាតិឡាវ ចូលទៅក្នុងបញ្ជី ដែលត្រូវបញ្ជូនទៅអនុវត្តទោសនៅប្រទេសរបស់ពួកគេ។ លោក បន្តថា អ្នកដែលត្រូវមានឈ្មោះក្នុងបញ្ជី គឺជាអ្នកដែលក្លាយជាអ្នកទោស ឬទណ្ឌិតរួចហើយ រីឯអ្នក ដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ នឹងមិនត្រូវបញ្ចូលឈ្មោះក្នុងបញ្ជីឡើយ។
 
លោកអគ្គនាយករង មិនទាន់ទទួលបានព័ត៌មានជាក់លាក់នោះទេថា អ្នកទោសទាំង២ជនជាតិខាងលើ នឹងត្រូវបញ្ជូនទៅស្រុកកំណើតរបស់ពួកគេនៅពេលណា។ យ៉ាងណា យោងតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជាកន្លងមក ពួកគេ នឹងត្រូវបញ្ជូនទៅប្រទេសរបស់ពួកគេឲ្យបានមុនពិធីចូលឆ្នាំថ្មី។ ពិធីចូលឆ្នាំថ្មីនៃប្រទេសទាំង៣ គឺកម្ពុជា ថៃ និង ឡាវ ស្ថិតក្នុងអំឡុងខែមេសាដូចគ្នា។ 
 
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ អះអាងថា ជនជាតិថៃទាំងអស់ មានជាង១០០នាក់ ហើយជនជាតិឡាវសរុប មានជាង៧០នាក់ ដែលកំពុងជាប់ឃុំនៅកម្ពុជា ដោយភាគច្រើននៃអ្នកជាប់ឃុំទាំង២ជនជាតិនេះ គឺពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ចំណែក អ្នកទោសខ្មែរនៅប្រទេសទាំង២នេះ នឹងត្រូវរៀបចំបញ្ជូនមកអនុវត្តទោសនៅស្រុកខ្មែរវិញ ឬយ៉ាងណានោះ លោក មិនទាន់ដឹងព័ត៌មានច្បាស់ឡើយ។      
 
លោក មានប្រសាសន៍ថា ការរៀបចំបញ្ជូនអ្នកទោសទាំង២ជនជាតិនេះទៅអនុវត្តទោសនៅស្រុកកំណើតរបស់ពួកគេ គឺជាទឹកចិត្តមនុស្សធម៌របស់មេដឹកនាំកម្ពុជា។ លោក បញ្ជាក់ដូច្នេះថា៖«ចំនួនអ្នកទោសប៉ុណ្ណឹង [ដែលនឹងត្រូវបញ្ជូនចេញ] មិនជួយសម្រួលដល់ភាពចង្អៀតណែន [ក្នុងពន្ធនាគារយើង] ប៉ុន្មានទេ។ ប៉ុន្តែ អ្វីដែលយើងធ្វើ គឺជាកិច្ចការមនុស្សធម៌ ផ្តល់ភាពងាយស្រួលដល់ក្រុមគ្រួសារពួកគាត់ ឲ្យពួកគាត់បានទៅស្រុកកំណើតវិញឲ្យបានធូរចិត្តទៅ»។ 
 
ការរៀបចំបញ្ជូនអ្នកទោសថៃ និងអ្នកទោសឡាវ ទៅអនុវត្តទោសនៅស្រុកកំណើតរបស់ពួកគេឲ្យបានមុនចូលឆ្នាំថ្មីនេះ គឺធ្វើទៅតាមសេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ កាលពីខែមករា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានពិភាក្សាគ្នា ហើយឯកភាពគ្នាក្នុងការផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក។ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច បានទៅបំពេញទស្សនកិច្ចនៅឡាវ ហើយក៏ប្រកាសថា កម្ពុជា នឹងបញ្ជូនអ្នកទោសឡាវ ឲ្យទៅអនុវត្តទោសនៅប្រទេសកំណើតវិញ៕ 
 

Tag:
 អ្នកទោសថៃ
  អ្នកទោសឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com