កីឡាជាតិ
ជាតិ
គុនខ្មែរ៖ រដ្ឋមន្ត្រីព័ត៌មាន ប្រកាសផ្ដល់ថវិកា ១០០០ដុល្លារ ដល់ Thiago
08, Apr 2023 , 9:49 am        
រូបភាព
កីឡាករ Thiago បំពាក់ទង់ជាតិកម្ពុជា ក្រោយឈ្នះកីឡាករអង់គ្លេស JOE ត្រឹមទឹក២។ រូបពី Thiago Teixeira
កីឡាករ Thiago បំពាក់ទង់ជាតិកម្ពុជា ក្រោយឈ្នះកីឡាករអង់គ្លេស JOE ត្រឹមទឹក២។ រូបពី Thiago Teixeira
ដោយ:
កីឡាករប្រដាល់ Thiago Teixeira ទទួលបានលុយ ១០០០ដុល្លារពីលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្រោយដឹងថា ស្ថាប័នWMO ដកហូតខ្សែក្រវាត់ និងកម្មវិធី APEX Fight Series មិនព្រមផ្តល់តម្លៃខ្លួន៣០០០ដុល្លារ ដល់Thiago។

«ឃើញគេមិនឱ្យលុយអ្នកប្រដាល់ប្រេស៊ីល ព្រោះប្រើគុនខ្មែរផ្តួលគុនថៃ»។ លោក ខៀវ កាញ្ញារីទ្ធ សរសេរបែបនេះនៅលើផេកហ្វេស៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី៨​​ ខែមេសា ឆ្នាំ២០២៣ ក្រោយកីឡាករ Thiago ឡើងប្រកួតឈ្នះកីឡាករអង់គ្លេស JOE ដោយបានប្រកាសតំណាងគុនខ្មែរ ។ លោក ខៀវ កាញ្ញារីទ្ធ បានសង្កត់ធ្ងន់ថា កីឡាគឺមានឈ្នះចាញ់ តែបើយកឈ្មោះកីឡាមកធ្វើជារឿងលេស ម្ចាស់កម្មវិធីត្រូវហាមមុនឡើងប្រកួត។ 
 
យ៉ាងណាលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវឱ្យប្រជាជនកម្ពុជា ជួយលុយដល់កីឡាករប្រេស៊ីលរូបនោះផងដែរ ហើយលោកបានសម្រេចផ្តល់ចំនួន ១០០០ដុល្លារតាមរយៈសមាគមប្រដាល់គុនខ្មែរ។ «សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញ(Thiago)ផង។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១០០០ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង»។
 
គួបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៨ ខែមេសា នេះកីឡាករប្រេស៊ីល Thiago Teixeira កំពុងស្នាក់នៅក្នុងរាជធានីភ្នំពេញ ហើយក៏មិនទាន់បានតម្លៃខ្លួនដែលប្រកួតឈ្នះកីឡាករ JOE Craven នៅក្នុងកម្មវិធី APEX Fight Series នោះដែរ។ យ៉ាងណាការឈ្នះខ្សែក្រវាត់ WMO ក៏ត្រូវបានសមាគមប្រដាល់ម៉ឺយថៃពិភពលោក (World Muaythai Organization) ប្រកាសដកហូត កាលពីថ្ងៃទី៦ ផងដែរ៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 Thiago Teixeira
 WMO
© រក្សាសិទ្ធិដោយ thmeythmey.com