ជាតិ
សម្ដេច ហ៊ុន សែន ៖ ខ្ញុំជោគជ័យសឹងគ្រប់ផ្នែកទៅហើយ ប៉ុន្តែខ្ញុំអត់ទាន់ប្រកាសថា ជាគ្រូជោគជ័យទេ»
08, Apr 2023 , 11:55 am        
រូបភាព
ដោយ៖ ធឿន បញ្ញាឫទ្ធិ
«ខ្ញុំជោគជ័យសឹងគ្រប់ផ្នែកទៅហើយ ប៉ុន្តែខ្ញុំអត់ទាន់ប្រកាសថា ជាគ្រូជោគជ័យទេ»។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៨ មេសា។

បើនិយាយពីរឿងនយោបាយវិញ សម្ដេច ហ៊ុន សែន បានអះអាងថា ខ្លួនមិនទាន់ស្គាល់ពាក្យថា«ចាញ់»ឡើយ នៅក្នុងអាជីពមួយនេះ។ ប៉ុន្តែសម្ដេច ក៏ទទួលស្គាល់ថា មានចំណុចចាញ់ខ្លះដែរ នៅពេលដាក់ចេញផែនការអ្វីមួយ មិនអាចធ្វើបានសម្រេច ហើយត្រូវកែតម្រូវឡើងវិញ ដើម្បីឈានទៅរកភាពជោគជ័យ។
 
«ប៉ុន្តែក្នុងន័យនយោបាយ ជាក្របខណ្ឌទូទៅ ចេញដំណើរតស៊ូរំដោះជាតិ តាំងពី២០ មិថុនា ១៩៧៧ រហូតមកដល់ពេលនេះ ខ្ញុំជាអ្នកជោគជ័យមួយ ក្នុងចំណោមអ្នកជោគជ័យ លើពិភពលោកនេះ»។ នេះបើតាមសម្ដេច ហ៊ុន សែន។ 
 
នៅក្នុងជីវភាពគ្រួសារវិញ សម្ដេច ហ៊ុន សែន បានបកស្រាយពីការអប់រំកូនចៅ ឱ្យរៀនបានខ្ពង់ខ្ពស់រហូតដល់ថ្នាក់ក្រោយឧត្តមសិក្សា ឬថ្នាក់បណ្ឌិតទាំងអស់។ «ខ្ញុំមិនទាន់ប្រកាសថាខ្លួនខ្ញុំជាអ្នកជោគជ័យដែរ ហើយទៅបង្អាប់បង្អន់គេដែរ»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដែលណែនាំឱ្យវាគ្មិនជោគជ័យមួយចំនួន ទៅសិក្សាបន្ថែមពីអក្សរសិល្បិ៍ អក្សរសាស្ត្រខ្មែរ ដើម្បីបានជាទុនក្នុងការប្រើប្រាស់ពាក្យសម្តីឱ្យត្រឹមត្រូវ ។

និយាយបែបនេះ មិនមែនមានន័យថា សម្ដេច បន្ទុចបង្អាក់ ឬហាមឃាត់វាគ្មិនជោគជ័យ ចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗ ដល់សាធារណជននោះទេ។ លោកនាយករដ្ឋមន្រ្តី លើកទឹកចិត្តឱ្យវាគ្មិនទាំងនោះ បន្តសកម្មភាពចែករំលែកចំណេះដឹងខ្លួន ប៉ុន្តែគ្រាន់តែកុំប្រៀបធៀប ឬនិយាយពីចំណុចរសើប ដែលនាំឱ្យប៉ះពាល់អារម្មណ៍សាធារណជនបានហើយ។ ជាពិសេសត្រូវចេះមើលស្ថានការណ៍នៅជុំវិញខ្លួនថា តើអ្នកអង្គុយស្ដាប់នោះជាអ្នកណា? ហើយពាក្យពេចរ៍ប្រើប្រាស់នោះ ជះឥទ្ធិពលកម្រិតណាជាដើម៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com