ជាតិ
ស្ថានទូតប៊ុលហ្ការី ធ្វើពិធីរំឭកខួប៣០ឆ្នាំដល់ទាហានប៊ុលហ្ការីដែលពលីក្នុងបេសកកម្មអ៊ុនតាក់
08, Apr 2023 , 3:50 pm        
រូបភាព
អ្នកចូលរួមក្នុងពិធីខួប៣០ឆ្នាំនៃការពលីជីវិតរបស់ទាហានមួកខៀវប៊ុលហ្ការីក្រោមបេសកកម្មអ៊ុនតាក់នៅឯស្ថានទូតប៊ុលហ្ការី។
អ្នកចូលរួមក្នុងពិធីខួប៣០ឆ្នាំនៃការពលីជីវិតរបស់ទាហានមួកខៀវប៊ុលហ្ការីក្រោមបេសកកម្មអ៊ុនតាក់នៅឯស្ថានទូតប៊ុលហ្ការី។
តេង យ៉ាលីរ៉ូហ្ស៊ី 
ភ្នំពេញ៖ ស្ថានទូតប៊ុលហ្ការីប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃទី៨ ខែមេសា បានរៀបចំពិធីខួប៣០ឆ្នាំរំឭកដល់ការពលីជីវិតរបស់ទាហានរក្សាសន្តិភាពប៊ុលហ្ការីក្នុងបេសកកម្មរបស់អ៊ុនតាក់កាលពីឆ្នាំ១៩៩៣។

ទាហានប៊ុលហ្គារី៤នាក់បានស្លាប់ក្នុងបេសកកម្មនៅកម្ពុជា ដោយក្នុងនោះបីនាក់ស្លាប់នៅឃុំអមលាំង ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតនៅស្រុកឱរ៉ាល់ ជាកន្លែងដែលទាហានខ្មែរក្រហមនៅមានសកម្មភាពនៅឡើយអំឡុងទសវត្សរ៍ទី៩០។ ពួកគេ​ស្ថិត​ក្នុង​ចំណោម​អ្នកពលី​​ទាំង​៤៩​នាក់​ដែល​បាន​ចូល​រួម​ក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។ អ្នក​ស្លាប់​ទាំង៤​នាក់មាន​អាយុ២៤ម្នាក់ ឆ្នាំ២៣ចំនួន២នាក់ និងឆ្នាំ២៥ ម្នាក់។
 
ថ្លែងក្នុងពិធីនៅខាងមុខវិហារនៅស្ថានទូតប៊ុលហ្ការី លោក Georgi Stefanov ប្រធានសមាគមអតីតយុទ្ធជនរក្សាសន្តិភាពប៊ុលហ្គារី និយាយ ពួកគេជាយុវជនដែលត្រូវបានបញ្ជូនមកឱ្យរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជាក្នុងគោលដៅផ្តល់ឱកាសដល់ពលរដ្ឋខ្មែរឱ្យមានការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និងសេចក្តីថ្លៃថ្នូរ។
 
«៣០ឆ្នាំមុននៅថ្ងៃនេះ ការវាយប្រហារប្រដាប់អាវុធជាច្រើនបានចាប់ផ្តើមប្រឆាំងនឹងអង្គភាព UN។ វិហារត្រូវបានសាងសង់ឡើងដោយការងារស្ម័គ្រចិត្ត និងការបរិច្ចាគរបស់យោធាប៊ុលហ្គារី និងអ្នកចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់ UN នៅកម្ពុជា។» លោក Stefanov លើកឡើងបែបនេះ។


លោក Georgi Stefanov (អាវស) ប្រធានសមាគមអតីតយុទ្ធជនរក្សាសន្តិភាពប៊ុលហ្គារី។
 
លោកបន្ថែមថា វាងាយស្រួលក្នុងការស្វែងរកការលើកទឹកចិត្តខ្លះដើម្បីការពារអ្វីដែលជារបស់ខ្លួនឯង ដើម្បីក្លាយជាវីរបុរសស្នេហាជាតិ ប៉ុន្តែវាជារឿងពិបាកក្នុងការលះបង់ខ្លួនឯងសម្រាប់ក្តីសង្ឃឹម និងការសង្គ្រោះរបស់នរណាម្នាក់ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីផ្ទះរបស់ខ្លួនឯងនោះ។
 
បើតាមប្រធានសមាគមដដែល ទាហានប៊ុលហ្ការី បានមកដល់កម្ពុជាក្នុងនាមជាអ្នកស្ម័គ្រចិត្តសន្តិភាព ជាជាងជាអ្នកច្បាំង ឬជាអ្នកឈ្លានពាន ហើយជនជាតិ​ខ្មែរដែល​នៅ​រស់​​អាច​នឹករឭកវត្តមាន​របស់​ទាហាន​ប៊ុលហ្គារីអំឡុងពេលពួកគេនៅ​​ក្មេង។ លោក Stefanov បានចង្អុលបង្ហាញថា ពួកគេក៏អាចរំឭកពីសុវត្ថិភាពដែលពួកគេមានពេលមានវត្តមានរបស់ទាហានប៊ុលហ្គារី ក៏ដូចជាអាហារ ការថែទាំវេជ្ជសាស្រ្ត និងសាលារៀន និងផ្លូវថ្នល់ដែលសាងសង់ដោយវិស្វករយោធាប៊ុលហ្គារី។
 
«យើងចងចាំក្មេងៗដែលលើកដៃគ្រវី និងរត់ក្បែរក្បួនរថយន្តរបស់យើង។ យើងចងចាំស្នាមញញឹម និងពរជ័យរបស់ឪពុកម្តាយខ្មែរនៅពេលដែលយើងឆ្លងកាត់ផ្ទះ វាលស្រែ និងតូបលក់របស់ពួកគេ។ យើងចាំបានថា ព្រះសង្ឃនៅក្នុងវត្ត និងវត្តអារាមនានាបានស្វាគមន៍ និងនិយាយជាមួយពួកយើងដោយក្តីរីករាយ និងជឿជាក់។ យើង​មាន​មោទនភាព​ក្នុង​ការ​នាំ​មក​នូវ​សន្តិសុខ និង​ក្តី​សង្ឃឹម​នៅ​ក្នុង​គ្រា​លំបាក និង​ទុក្ខ​លំបាក​នោះ»។ មន្រ្តីដដែលលើកឡើងបែបនេះ។
 

 លោក ជា ចន្ទបរិបូរណ៌ (ស្ដាំ) រដ្ឋលេខាធិការក្រសួងព័ត៌មាន ចាប់ដៃលោក Georgi Stafanov ។ 
 
ចូលរួមក្នុងពិធីនេះដែរ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ និយាយថា ប្រជាជនកម្ពុជានឹងមិនអាចបំភ្លេចបានការរួមចំណែករបស់អ៊ុនតាក់ និងទាហានប៊ុលហ្គារី ដែលបានមកជួយកសាងសន្តិភាពនៅកម្ពុជាក្នុងឆ្នាំ ១៩៩២-១៩៩៣។
 
«​យើង​នឹង​ចងចាំ​ទាហាន​ប៊ុលហ្គារី​៤​នាក់​ដែល​ពលី​ជីវិត​ដើម្បី​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នៅពេលដែលប្រទេសរបស់យើងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស យើងនៅតែចងចាំមិត្តរបស់យើងដែលបានមកជួយយើង»។ មន្រ្តីកម្ពុជាបន្ថែមបែបនេះ មុនបន្តថា ប៊ុលហ្គារីបានជួយកម្ពុជាតាំងពីឆ្នាំ១៩៧៩ នៅពេលដែលប្រទេសនេះបានកើតចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដោយប៊ុលហ្គារី បានផ្តល់អាហារូបករណ៍នៅបរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតដល់​និស្សិត​កម្ពុជា​ប្រហែល ២០ នាក់ ដើម្បី​ពួកគេ​អាច​ជួយ​អភិវឌ្ឍ​ប្រទេស​ពី​ដើមទី​មក។
 
លោក​បាន​ថ្លែង​ថា​៖ «​យើង​បាន​ត្រឡប់​មក​វិញ​ហើយ​បាន​បម្រើ​ប្រទេស​។
 
លោក ផល សាវី អតីតយុទ្ធជនកម្ពុជា ដែលចូលរួមជាមួយអ៊ុនតាក់ លើកឡើងដែរថា លោកមិនអាចជឿថា កម្ពុជាបានមកដល់ឆ្ងាយបែបនេះទេ ពីប្រទេសដែលពោរពេញដោយជម្លោះ ទៅជាប្រទេសកំពុងអភិវឌ្ឍ ដែលប្រជាជនអាចរស់នៅដោយមិនខ្លាចសង្គ្រាម។
 
«ខ្ញុំមានមោទកភាពក្នុងនាមជាអតីតយុទ្ធជនតាំងពីឆ្នាំ១៩៧៩។ ខ្ញុំ​បាន​ឃើញ​គ្រប់​គ្រាន់​ហើយ​ពី​អ្វីដែលកើតឡើងក្នុងឆ្នាំ​ទាំង​នោះ។» លោកបញ្ជាក់បែបនេះ៕


  លោក ផល សាវី (ស្ដាំ) អតីតយុទ្ធជនកម្ពុជា ដែលចូលរួមជាមួយអ៊ុនតាក់។

Tag:
 កម្ពុជា
  ប៊ុលហ្ការី
© រក្សាសិទ្ធិដោយ thmeythmey.com