ជាតិ
កម្ពុជា មានរុក្ខជាតិកេសរកូលពី ៥០០ ទៅ ១ ០០០ប្រភេទ
08, Apr 2023 , 6:59 pm        
រូបភាព
រូបភាព ដើមកេសរកូល ពីក្រសួងបរិស្ថាន
រូបភាព ដើមកេសរកូល ពីក្រសួងបរិស្ថាន
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ កម្ពុជា បានប្រមូលរុក្ខជាតិកេសរកូលចំនួន ២១០ប្រភេទ ស្មើនឹង ៥ ០០០សំណាក។ កេសរកូលចំនួន២១០ប្រភេទទាំងនេះ ត្រូវបានបញ្ជូនទៅសារៈមន្ទីរប្រវត្តិសាស្ត្រធម្មជាតិប៉ារីស ចំនួន ២៣ប្រភេទ ដើម្បីកំណត់អត្តសញ្ញាណ និងចុះបញ្ជីប្រភេទកេសរកូល ជាលក្ខណៈអន្តរជាតិ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន   កេសរកូល ៥០ប្រភេទដែលជាប្រភេទថ្មីត្រូវបានរៀបចំរួចស្រេច មុននឹងយកទៅកំណត់អត្តសញ្ញាណ និងចុះបញ្ជីប្រភេទកេសរកូលទាំងនោះ។ ដោយឡែក មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអានភ្នំគូលែន បានសន្និដ្ឋានថា បច្ចុប្បន្ន កម្ពុជាអាចមានរុក្ខជាតិកេសរកូល ចន្លោះពី ៥០០ ទៅ ១ ០០០ ប្រភេទ។
 
ជាមួយគ្នានេះ ក្រសួងបរិស្ថាន នឹងប្រកាសដាក់ឱ្យប្រើជាផ្លូវការសៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអានភ្នំគូលែន បន្តពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីគាំទ្រដល់ការស្រឡាញ់ និងការអភិរក្សកេសរកូលនៅកម្ពុជា។ 
 
សូមបញ្ជាក់ដែរ ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើក៣ ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងគុណតម្លៃនៃប្រភេទកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជា។ វេទិកានេះនឹងបង្ហាញពីប្រភេទពូជកេសរកូលព្រៃ កេសរកូលពូជបង្កាត់ រុក្ខជាតិកម្រ រួមទាំងធនធានធម្មជាតិជាច្រើនទៀត៕
 
បន្ថែមពីនេះ សំណាកកេសរកូលថ្មីប្រមាណ ៥០ទៀតត្រូវបានរៀបចំរួចរាល់។ មជ្ឈមណ្ឌល ស្រាវជ្រាវនិងអភិរក្សកេសរកូល សុខអានភ្នំគូលែន បានប៉ានស្មានថា កម្ពុជាអាចមាន រុក្ខជាតិកេសរកូល ចន្លោះពី ៥០០ ទៅ ១ ០០០ ប្រភេទឯណោះ។ ក្រសួងបរិស្ថាន ក៏ដូចជាអ្នកជំនាញ បាន និងកំពុងពង្រឹងការអភិរក្ស បន្ថែមទៀត។ ក្រសួងបរិស្ថាន ក៏បានចេញជាសកម្មភាពពាក់ព័ន្ធ ផ្សេងៗទៀត ដើម្បីបញ្រ្ចាបការយល់ដឹង របស់ ប្រជាជន លើការចូលរួមការពារ និងអភិរក្ស ពូជកេសរកូល ផងដែរ។
 
កន្លងមក វេទិកាកេសរកូលជាតិបានរៀបចំឡើង ជាបន្តបន្ទាប់ លើកទី១ កាលពីឆ្នាំ២០២០ លើកទី២ នៅឆ្នាំ២០២២ ដែលកាលណោះមានអ្នកចូលរួមជាង ២ ៥០០នាក់។ ក្រៅពីនោះ ក៏មានការបង្កើតបណ្ដាញ អ្នកស្រឡាញ់ កេសរកូល និងជីវៈចម្រុះកម្ពុជា ដែលមានអ្នក ចូលរួមជិត ៦០០នាក់។
 

Tag:
 សំណាកកេសរកូល
© រក្សាសិទ្ធិដោយ thmeythmey.com