ជាតិ
ការសិក្សា៖​ ការការពារដីជនជាតិដើមភាគតិច ក្នុងព្រៃអាម៉ាហ្សូន សន្សំលុយរាប់ពាន់លានដុល្លារ ក្នុ​ង​មួយឆ្នាំ
08, Apr 2023 , 7:29 pm        
រូបភាព
ការថែរក្សាទឹកដីរបស់ជនជាតិដើមភាគតិចក្នុងព្រៃអាម៉ាហ្សូន បានជួយស្រូបយកការបំពុលខ្យល់​រាប់​ពាន់តោនក្នុងមួយឆ្នាំៗ ហើយសន្សំថវិកាបានប្រហែល២ពាន់លានដុល្លារជារៀងរាល់ឆ្នាំក្នុងការ ចំណាយលើការថែទាំសុខភាពសម្រាប់ព្យាបាលជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង។ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃទី៦ ខែមេសា។

ការសិក្សារយៈពេលមួយទសវត្សរ៍បានវិភាគលើផលប៉ះពាល់សុខភាពនៃភ្លើងឆេះព្រៃនៅអាម៉ាហ្សូននៅ​ប្រេស៊ីលដែលបញ្ចេញភាគល្អិតជាច្រើនចូលទៅក្នុងបរិយាកាស។ ភាគល្អិតទាំងនេះអាចធ្វើដំណើរ​បានរាប់រយគីឡូម៉ែត្រ ហើយបំផ្លាញគុណភាពខ្យល់នៅក្នុងទីក្រុងឆ្ងាយៗទៀតផង។
 
តាមលទ្ធផលដែលផ្សាយលើទិនានុប្បវត្តិទំនាក់ទំនងផែនដី និងបរិស្ថាននៅថ្ងៃទី៦ ខែមេសា ការការ​ពារព្រៃឈើពីសកម្មភាពនានាដូចជា​ភ្លើង​ឆេះ​ដែលជារឿយៗបង្កឡើងដោយអ្នកទន្ទ្រាន​ព្រៃឈើ​ផ្សេង​ៗ​ទៀត ហើយជំនួសឱ្យ​ការរក្សា​ទុក​ដើមឈើ​ស្រូបយកការបំពុល នឹងជួយបង្ការករណីកើតជំងឺដែល​អាច​បណ្តាលឱ្យស្លាប់។
 
«នៅទូទាំងពិភពលោក ព្រៃឈើត្រូវបានស្គាល់ថាមានតួនាទីសម្រាប់ការស្រូបយកជាតិ ពុល​ពីភ្លើង​តាម​រយៈរន្ធញើសលើផ្ទៃស្លឹក ប៉ុន្តែនេះជាលើកដំបូងដែលយើងបានប៉ាន់ប្រមាណ សមត្ថភាពព្រៃឈើត្រូពិចទាក់ទងមុខងារផ្នែកនេះ»។ ​អ្នក​និពន្ធ លោកស្រី Paula Prist នៃ​ក្រុម​ស្រាវជ្រាវ EcoHealth Alliance ដែល​មាន​មូលដ្ឋាន​នៅអាមេរិកបញ្ជាក់បែបនេះ។
 
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល លោកស្រី Prist បន្តថា លទ្ធផលនៃការសិក្សាបង្ហាញពីការស្រូបយកភាគល្អិតដោយព្រៃអាម៉ាហ្សូនបានរហូតដល់២៦,០០០តោនជារៀងរាល់ឆ្នាំ ហើយទឹកដី​ក្រោមការគ្រប់គ្រងរបស់ជន​ជាតិ​ដើមភាគតិចស្រូបយក២៧ភាគរយនៃភាគល្អិតនេះ។
 
បើតាមក្រុមអ្នកស្រាវជ្រាវការសិក្សា ក៏បានរកឃើញថា ព្រៃឈើជនជាតិដើមភាគតិច​ការពារ​ករណី​ជំងឺ​ចំនួន១៥លានករណីក្នុងមួយឆ្នាំៗ ដែលជួយសន្សំសំចៃប្រព័ន្ធថែទាំសុខភាព យ៉ាងហោចណាស់២ពាន់​លានដុល្លារអាមេរិក៕
 

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com