ជាតិ
បន្ទាយមានជ័យ​ មានរមណីយដ្ឋាន១៣កន្លែង ដែល​ទាក់ទាញ​ទេសចរជាង ៦លាននាក់ នា៥ឆ្នាំនេះ
09, Apr 2023 , 7:59 am        
រូបភាព
 រូបភាពពី ហ្វេសប៊ុកលោកស្រី ម៉ៅ មាល័យ
រូបភាពពី ហ្វេសប៊ុកលោកស្រី ម៉ៅ មាល័យ
ដោយ៖ គិត បុប្ផា
ភ្នំពេញ៖ បន្ទាយមានជ័យ ជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេស​កម្ពុជា។ ខេត្តដែលនៅជិតព្រំដែនថៃនេះ មាន​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត វប្បធម៌ និងធម្មជាតិចំនួន ១៣កន្លែង និង​ទាក់ទាញ​ភ្ញៀវទេសចរជាង ៦លាននាក់ ក្នុងរយៈពេល៥ឆ្នាំកន្លងមក។ នេះបើតាម​ការ​លើកឡើង​របស់​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ។​

ទោះ​ឆ្ងាយ​ពី​រាជធានីភ្នំពេញ ខេត្ត​បន្ទាយមានជ័យ ក៏​មាន​សក្ដានុពល និង​ទាក់ទាញ​ទេសចរជាតិ-អន្តរជាតិ​ផងដែរ។ ខេត្ត​បន្ទាយ​មានជ័យ ជាទីតាំង​ប្រវត្តិសាស្រ្ត និង​វប្បធម៌ ដែល​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ១៣កន្លែង ​ផ្ដល់​ភាពរីករាយ​ដល់​ទេសចរ។ 
 
បើតាម​​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ខេត្តនេះ មាន​សណ្ឋាគារចំនួន ២៨កន្លែង, ផ្ទះសំណាក់ចំនួន ៨៣កន្លែង, ផ្ទះស្នាក់ (Home Stay) ចំនួន ៦កន្លែង ដែល​ផ្ដល់​សេវា​ជូន​ភ្ញៀវទេសចរ។ ជាមួយ​គ្នានេះ បន្ទាយមានជ័យ ក៏​កន្លែង​លក់​អាហារ​ឆ្ងាញ់ជាច្រើន រួមមាន ភោជនីយដ្ឋានចំនួន ៣០កន្លែង, អាហារដ្ឋានចំនួន ៧៨កន្លែង កំពុងបម្រើ​សេវាចំណីអាហារប្រកបដោយភាពកក់ក្ដៅ និងមានគុណភាពជូនដល់ភ្ញៀវជាតិ ​និងអន្តរជាតិ។ 
  
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ រូបភាពពី​អង្គភាព​អ្នកនាំពាក្យ

លោក អ៊ុំ រាត្រី បន្តថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ រមណីយដ្ឋាន សណ្ឋាគារទាំងអស់នេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តបន្ទាយមានជ័យចំនួន ៦ ០០៦ ០៧១នាក់ផងដែរ។ កំណើន​ភ្ញៀវទេសចរ បានផ្តល់ផលប្រយោជន៍ ដល់សហគមន៍មូលដ្ឋាន តាមរយៈការ​បង្កើតការងារដល់ប្រជាពលរដ្ឋ និងប្រាក់ចំណូលបន្ថែម៕​
 

Tag:
 ទេសចរណ៍
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com