ជាតិ
DMC បណ្ដុះបណ្ដាលបន្ថែមលើការរាយការណ៍ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានច្របូកច្របល់ដល់បុគ្គលិកនិងនិស្សិតរបស់ខ្លួន
09, Apr 2023 , 10:55 am        
រូបភាព
ភ្នំពេញ៖ ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំវគ្គសិក្សាចំនួនពីរលើក ស្ដីពីការរាយការណ៍ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានច្របូកច្របល់ ដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតរបស់ដេប៉ាតឺម៉ង់ចំនួន២៥នាក់។ ការបណ្ដុះបណ្ដាលនេះ គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
 
ការអនុវត្តគម្រោងខាងលើ ធ្វើឡើងក្រោមជំនួយនៃកម្មវិធីអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យ
សារគមនាគមន៍ (International Programme for the Development of Communication) របស់អង្គការយូណេស្កូ ដែលគម្រោងនេះនឹងត្រូវបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។
 
លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយនិងសារគមនាគមន៍ យល់ឃើញថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា បានធ្វើឱ្យការផលិតនិងចែកចាយព័ត៌មានកាន់តែងាយស្រួល រហ័ស និងសម្បូរបែប ដែលតម្រូវឱ្យមានការពង្រឹងបន្ថែមលើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ។ 
 
«កត្តានេះក៏បានធ្វើឱ្យការបែងចែករវាងព័ត៌មានពិត និងព័ត៌មានមិនពិត កាន់តែមានភាពលំបាកជាងមុនថែមទៀត ដែលជាហេតុតម្រូវឲ្យមានការពង្រឹងបន្ថែមលើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដល់បុគ្គលិកអប់រំ និងនិស្សិតរបស់ដេប៉ាតឺម៉ង់។» នេះជាការលើកឡើងរបស់ លោក ប៊ុនអ៊ី។
 
លោក Sardar Umar Alam តំណាងរបស់អង្គការយូណេស្កូប្រចាំនៅកម្ពុជា បានលើកឡើងថា ជារៀងរាល់ថ្ងៃ ព័ត៌មាន និងសាររាប់លានត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដោយមិនបានឆ្លងកាត់ការផ្ទៀងផ្ទាត់ការពិតនោះទេ។
 
លោក Alam បានបន្តទៀតថា ជាមួយនឹងបេសកម្មដើម្បីលើកកម្ពស់លំហូរនៃការបញ្ចេញគំនិតដោយសេរីតាមរយៈពាក្យពេចន៍និងរូបភាព អង្គការយូណេស្កូបានបង្កើនការប្រឹងប្រែង ទាំងនៅកម្ពុជានិងក្នុងសកលលោក ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃព័ត៌មានមិនពិត និងក្នុងការលើកកម្ពស់សេរីភាពការបញ្ចេញមតិនិងការទទួលបានព័ត៌មាន។ 
 
«ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អង្គការយូណេស្កូក្នុងការជួយពង្រឹងនូវសមត្ថភាពស្ថាប័នអប់រំផ្នែកសារព័ត៌មាន ខ្ញុំជឿជាក់ថាកម្មវិធីនេះនឹងផ្តល់សារៈប្រយោជន៍ជាច្រើនដល់ ដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (ហៅកាត់ថាDMC)        សាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតរបស់ខ្លួន ក្នុងការពង្រឹងសមត្ថភាពអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ក្នុងការចូលរួមដោះស្រាយបញ្ហាព័ត៌មានច្របូកច្របល់(information disorders)។» នេះជាការអះអាងរបស់លោក Alam។
 
ក្រោយបញ្ចប់វគ្គសិក្សា និស្សិតដែលបានចូលរួមនឹងបង្កើតមាតិកាពហុប្រព័ន្ធផ្សព្វផ្សាយចំនួន៥០មាតិកា ទាក់ទងនឹងការលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ   និងការទប់ស្កាត់ព័ត៌មានច្របូកច្របល់។
 
ដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាដេប៉ាតឺម៉ង់ដំបូងនិងឈានមុខគេ ក្នុងការបណ្តុះបណ្តាលនិសិ្សតថ្នាក់ បរិញ្ញាបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយនិង
សារគមនាគមន៍ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០១។ មកដល់ពេលនេះ មាននិសិ្សតជាច្រើននាក់បានបញ្ចប់ការសិក្សានៅទីនេះ និងកំពុងបំពេញការងារក្នុងស្ថាប័នសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com