កីឡាជាតិ
ជាតិ
អាជ្ញាកណ្ដាលគុនល្បុក្កតោ សំ ថារ័ត្ន ភ្ញាក់ផ្អើលដែលឃើញអន្តរជាតិប្រកួត និងហ្វឹកហាត់គុនបុរាណនេះ
09, Apr 2023 , 9:59 pm        
រូបភាព
កញ្ញា សំ ថារ័ត្ន ផ្ដល់បទសម្ភាស មកកាន់សារព័ត៌មានថ្មីៗ
កញ្ញា សំ ថារ័ត្ន ផ្ដល់បទសម្ភាស មកកាន់សារព័ត៌មានថ្មីៗ
សំ ថារ័ត្ន អាជ្ញាកណ្ដាលគុនល្បុក្កតោកម្ពុជា និងជាតួសម្ដែងកុន Hollywood មិននឹកស្មានថា ក្បាច់គុនល្បុក្កតោ អាចឈានមកដល់ឆាកអន្ដរជាតិ ហើយបរទេសទទួលស្គាល់ និងចូលរួមជ្រោមជ្រែង បែបនេះសោះ។ ស្ដ្រីក្នុងវិស័យគុនល្បុក្កតោរូបនេះ បន្ថែមថា កីឡាករ-កីឡាការិនីកម្ពុជា មានឆន្ទៈ និងស្មារតីប្រឹងប្រែង ដែលនេះ បង្ហាញពីភាពវិជ្ជមានក្នុងការដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។

តួសម្ដែងរឿង Shotgun Wedding កញ្ញា សំ ថារ័ត្ន បានផ្ដល់បទសម្ភាស មកកាន់សារព័ត៌មានថ្មីៗ ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ បង្ហាញពីវឌ្ឍនភាព នៃវិស័យកីឡាគុនល្បុក្កតោ ព្រោះប្រទេសក្នុងតំបន់អាស៊ីចំនួន៤ បានចូលរួម បើទោះជាការចាប់ផ្ដើមលើកទី១ របស់កម្ពុជាក៏ដោយ។ 
 
«ខ្ញុំ មានមោទកភាពខ្លាំង គឺ ខ្ញុំ មិននឹកស្មាតថា ក្បាច់គុនល្បុក្កតោ អាចឈានមកដល់កម្រិតមួយគេ ទទួលស្គាល់ បន្ទាប់ពីយើងត្រូវបានអង្គការ UNESCO ទទួលស្គាល់។ ប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ មាន ៤ប្រទេសចូលរួម នេះ ជាចំណុចចាប់ផ្ដើម ប៉ុន្ដែ ថ្ងៃក្រោយ នឹងមានច្រើនជាងនេះ។»។
  

ការប្រកួតគុនល្បុក្កតោ ជើងឯកអាស៊ីអាគ្នេយ លើកទី១

អតីតកីឡាការិនីល្បុក្កតោ សំ ថារ័ត្ន បន្ថែមទៀតថា ការធ្វើជាម្ចាស់ផ្ទះប្រកួតលំដាប់អាស៊ានមួយនេះ បានបង្ហាញឲ្យឃើញថា កីឡាករ-កីឡាការិនីកម្ពុជា មានឆន្ទៈ និងស្មារតីប្រកួតដើម្បីជាតិ។ ម្យ៉ាងវិញទៀត អត្ដពលិកកម្ពុជា បានបង្ហាញពីកម្រិតនៃការប្រកួតប្រជែងជាមួយនិងអន្ដរជាតិផងដែរ។  
 
អាជ្ញាកណ្ដាលរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំ ឃើញភាពវិជ្ជមានជាច្រើន ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ព្រោះកីឡាករ-កីឡាការិនីយើង បានប្រឹងប្រែងហ្វឹកហាត់ ហើយមានឆន្ទៈប្រកួតប្រជែងមែនទែន។ នេះ គឺជាលើកទី១ ដែលខ្ញុំឃើញកីឡាករ កីឡាការិនី យើងប្រកួតជាមួយអត្ដពលិកអន្ដរជាតិ។ អ៊ីចឹង ការស្វែងយល់ និងស្ទាប់ស្ទង់នៅមានកម្រិត។ ឥឡូវនេះ គឺជាការប្រកួត Pre-Sea Games ពួកគាត់បានបានជួបជាមួយគូល្អ។ នេះ គឺជាមេរៀនល្អ មួយសម្រាប់ពួកគាត់ទៅសិក្សាខ្លួនឯង មានកម្រិតប៉ុណ្ណា ហើយកីឡាករ បរទេសមានកម្រិតប៉ុណ្ណា។ ម្យ៉ាងវិញទៀត ពួកគាត់ នឹងពង្រឹងហ្វឹកហាត់បន្ថែម ដើម្បីប្រកួតស៊ីហ្គេម។»។
  


ក្រៅអំពីឆន្ទៈប្រកួត ថារ័ត្ន បន្ថែមទៀតថា អត្ដពលិកកីឡាគុនល្បុក្កតោ បានបង្ហាញគំរូល្អ ដល់អន្ដរជាតិ នោះគឺការគោរពវិន័យ លក្ខខន្ដិកៈ និងគោរពគូប្រកួត ដែលនេះ ជាការឆ្លុះបញ្ជាំងពីអត្ដចរិតល្អ សម្រាប់អ្នកហាត់គុន។ «កីឡាករ-កីឡាការិនីកម្ពុជា បន្ដអត្ដចរិតល្អ បែបនេះ ជាមួយការប្រឹងហ្វឹកហាត់របស់ពួកគេ ខ្ញុំជឿថា ស៊ីហ្គេមពួកគេ នឹងជោគជ័យខ្លាំងជាងនេះ។»។ សំ ថារ័ត្ន បាននិយាយដូច្នេះ។
 
តួសម្ដែងរូបនេះ ជឿជាក់ថា ថ្ងៃក្រោយនឹងមានប្រទេសជាច្រើនចូលរួមក្នុងការប្រកួតគុនល្បុក្កតោ។ កញ្ញា ថារ័ត្ន និយាយថា៖«ខ្ញុំជឿថា ថ្ងៃក្រោយនឹងមានប្រទេសចង់ចូលរួមច្រើន។ ខ្ញុំមានមោនកភាព ព្រោះនេះ ជាចំណុចល្អ ដែលធ្វើឲ្យពិភពលោក ស្គាល់កម្ពុជា កាន់តែច្រើន ហើយក៏បានធ្វើឲ្យប្រទេសជិតខាង ស្គាល់រសជាតិ ស្គាល់សិល្បៈ។»។
 
គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានរៀបចំការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ចាប់ពីថ្ងៃទី១-៣ ខែមេសា ឆ្នាំ២០២៣។ ការប្រកួតនេះ មាន៤ប្រទេសចូលរួម គឺ ហ្វីលីពីន, វៀតណាម, ឡាវ និងកម្ពុជា។ បន្ទាប់ពីចប់ការប្រកួត កម្ពុជា ដែលជាម្ចាស់ផ្ទះ ទទួលបានចំណាត់ថ្នាក់លេខ១ ដោយឈ្នះ មេដាយសរុប៣៣ ក្នុងនោះ មាស១១ ប្រាក់១០ និងសំរិទ្ធ១២ តាមពីក្រោយដោយ ឡាវ មេដាយសរុប២៤ មាស៥ ប្រាក់៧ និងសំរិទ្ធ១២, លេខ៣ វៀតណាម មាស៣ ប្រាក់៣ និងសំរិទ្ធ៣។ ចំណែកហ្វីលីពីន អត្ដពលិកឈ្នះ មេដាយសរុប ៦ មាស២ ប្រាក់១ និងសំរិទ្ធ៣៕
 

Tag:
 សំ ថារ័ត្ន
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com